អ្នកភូមិបានលើកឡើងថា អាជ្ញាធរសុំឲ្យពលរដ្ឋចេញដើម្បីយកទីតាំងអភិវឌ្ឍន៍ ក៏ប៉ុន្តែរយៈពេល ៣ឆ្នាំទៅហើយ ទីតាំងនោះព័ទ្ធរបងចោលទុកដីទំនេរតែម្ដង។ សង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមិនបានចាត់ទុកប្រជាពលរដ្ឋក្រុម៧៨ ជាមនុស្សនោះឡើយ។
ប្រជាពលរដ្ឋអតីតសមាជិកក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ប្រមាណ ២០០នាក់ នៅថ្ងៃទី១៧ កក្កដា ធ្វើពិធីបួងសួងបែរបន់សុំវត្ថុសក្ដិសិទ្ធិជួយរកយុត្តិធម៌ជូនពួកគាត់នៅទីតាំងអតីតដីរបស់គាត់ នៅភូមិ១៤ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។
អ្នកភូមិអតីតក្រុម៧៨ ឲ្យដឹងថា អាជ្ញាធររដ្ឋាភិបាលបណ្ដេញពួកគាត់ចេញពីដីលំនៅឋានដោយមិនបានផ្ដល់សំណងសមរម្យ ហើយប្រើល្បិចភូតភរកុហកបោកប្រាស់ប្រជាពលរដ្ឋក្នុងលេសអភិវឌ្ឍន៍។
អតីតអ្នកភូមិក្រុម៧៨ លោក លឹម សំបូរ មានប្រសាសន៍ថា មកដល់ពេលនេះពួកគាត់នៅតែមានការឈឺចាប់ ពេលនឹកឃើញសកម្មភាពអាជ្ញាធរដេញអ្នកភូមិក្រុម៧៨ ចេញពីលំនៅឋាន កាលពីឆ្នាំ២០០៩ ដោយផ្ដល់សំណងតិចតួច។ លោករៀបរាប់ថា សំណងនោះលោកយកទៅទិញដីសាងសង់លំនៅឋាននៅសង្កាត់ព្រៃស មិនគ្រប់នោះទេ ដោយគ្រួសារលោកត្រូវខ្ជីធានាគារបន្ថែម ២ពាន់ដុល្លារទៀត។
លោកបញ្ជាក់ថា ដីនៅម្ដុំភូមិ១៤ ក្រុម៧៨ កាលពីឆ្នាំអាជ្ញាធរដេញពលរដ្ឋចេញនោះ បើតាមតម្លៃទីផ្សារជាក់ស្ដែង ផ្ទះរបស់លោកយ៉ាងហោចណាស់មានតម្លៃ៤ ទៅ ៥ម៉ឺនដុល្លារដែរ ប៉ុន្តែអាជ្ញាធរឲ្យ ៨ពាន់ដុល្លារ ដោយប្រាប់ថា យកទៅបម្រើផលប្រយោជន៍ជាតិ៖ «ដេញហើយព័ទ្ធរបងទុកដេញហើយថា ឲ្យមាន មានអីមានតែក្រថែម។ សូមឲ្យដោះស្រាយឲ្យពួកខ្ញុំ ព្រោះអីពាក្យបណ្ដឹងដាក់នៅតុលាការដដែល»។
លោក លឹម សំបូរ បន្តថា លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការជាង ៣ឆ្នាំទៅហើយនៅតែមិនឃើញតុលាការក្រុងភ្នំពេញ ដោះស្រាយឲ្យទៀត។
អតីតពលរដ្ឋក្រុម៧៨ ម្នាក់ទៀតឈ្មោះ ខេង សុរតន៍ មានប្រសាសន៍ថា គ្រួសារលោកមិនបានទទួលសំណងពីការដេញចេញរបស់អាជ្ញាធរឡើយ។ លោកបន្តថា ផ្ទះចាស់របស់លោកកាលពីឆ្នាំ២០០៩ មានតម្លៃទីផ្សារធម្មតាជាង ២០ម៉ឺនដុល្លារ តែអាជ្ញាធរឲ្យតែ ៨ពាន់ដុល្លារ លោកក៏សម្រេចចិត្តប្ដឹងទៅតុលាការជួយរកយុត្តិធម៌ ប៉ុន្តែ ៣ឆ្នាំទៅហើយនៅតែមិនមានដំណោះស្រាយសមរម្យ។
លោក ខេង សុរតន៍ បញ្ជាក់ថា អាជ្ញាធរដេញពលរដ្ឋក្រុម៧៨ ដោយប្រើគ្រប់រូបភាព មានគំរាមកំហែង បំភិតបំភ័យ និងពិសេសភូតភរថាយកទីតាំងទៅបម្រើប្រយោជន៍សាធារណៈ៖ «ដីនេះខ្ញុំសុំឲ្យពួកគាត់ដោះស្រាយសំណងឲ្យបានសមរម្យពេលនេះបើសិនជានៅកន្លែងនេះមិនយកទៅបម្រើប្រយោជន៍សាធារណៈទេនោះ តែប្រើយកទៅបម្រើផលប្រយោជន៍សាធារណៈមែន ខ្ញុំមិនទាមទារជាដាច់ខាត សូម្បីតែ១សេន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដើម្បីអត្ថាធិប្បាយបានទេនៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២។ យ៉ាងណាក៏ដោយសាលារាជធានីភ្នំពេញ ធ្លាប់ បានសរសេរលើសេចក្ដីជូនដំណឹងថា អ្នកភូមិក្រុម៧៨ រស់នៅលើដីខុសច្បាប់របស់ក្រុមហ៊ុនស៊ូស្រ៊ុន តែអ្នកភូមិនៅទីនោះអះអាងថា ពួកគាត់រស់នៅទីនោះតាំងពីឆ្នាំ១៩៨៣។
ទោះជាយ៉ាងនេះក្តី មន្ត្រីគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការបណ្ដេញពលរដ្ឋចេញពីលំនៅឋានមិនមែនជាជម្រើសល្អក្នុងការអភិវឌ្ឍទេ។ លោកបន្តថា អ្នកភូមិក្រុម៧៨ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ តែតុលាការមិនដោះស្រាយ។
លោកបញ្ជាក់ថា ការដោះស្រាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាការគាបសង្កត់គ្រប់រូបភាពទៅលើពលរដ្ឋ ហើយជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៖ «ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍ ត្រូវតែទទួលបានសំណងដើម្បីបានរស់នៅតាមបែបជាមនុស្ស គឺមានន័យថា រស់នៅដោយមានជម្រកសមរម្យជីវភាពសមរម្យ»។
លោក អំ សំអាត បន្តថា បន្ទាប់ពីបណ្ដេញពលរដ្ឋចេញបានសម្រេចកាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០០៩ ទីតាំងភូមិ១៤ ក្រុម៧៨ ត្រូវបានគេព័ទ្ធរបងទុកដីទំនេរចោលឲ្យស្មៅដុះមិនឃើញមានការអភិវឌ្ឍអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
