អតីត​ពលរដ្ឋ​ក្រុម​៧៨​ប្រារព្ធ​ខួប​៣​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ

នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា អតីត​ប្រជាពលរដ្ឋ​រស់​នៅ​ក្រុម​៧៨ ក្នុង​ភូមិ​១៤ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជួប​ជុំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី​៣ នៃ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ២០០៩។

0:00 / 0:00

អ្នក​ភូមិ​បាន​លើក​ឡើង​ថា អាជ្ញាធរ​សុំ​ឲ្យ​ពលរដ្ឋ​ចេញ​ដើម្បី​យក​ទីតាំង​អភិវឌ្ឍន៍ ក៏​ប៉ុន្តែ​រយៈពេល ៣​ឆ្នាំ​ទៅ​ហើយ ទី​តាំង​នោះ​ព័ទ្ធ​របង​ចោល​ទុក​ដី​ទំនេរ​តែម្ដង។ សង្គម​ស៊ីវិល​រិះគន់​ថា អាជ្ញាធរ​មិន​បាន​ចាត់​ទុក​ប្រជាពលរដ្ឋ​ក្រុម​៧៨ ជា​មនុស្ស​នោះ​ឡើយ។

ប្រជាពលរដ្ឋ​អតីត​សមាជិក​ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ប្រមាណ ២០០​នាក់ នៅ​ថ្ងៃ​ទី​១៧ កក្កដា ធ្វើ​ពិធី​បួង​សួង​បែរបន់​សុំ​វត្ថុ​សក្ដិសិទ្ធិ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​នៅ​ទីតាំង​អតីត​ដី​របស់​គាត់ នៅ​ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ។

អ្នក​ភូមិ​អតីត​ក្រុម​៧៨ ឲ្យ​ដឹង​ថា អាជ្ញាធរ​រដ្ឋាភិបាល​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​លំនៅឋាន​ដោយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ ហើយ​ប្រើ​ល្បិច​ភូតភរ​កុហក​បោក​ប្រាស់​ប្រជាពលរដ្ឋ​ក្នុង​លេស​អភិវឌ្ឍន៍។

អតីត​អ្នក​ភូមិ​ក្រុម​៧៨ លោក លឹម សំបូរ មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​ពួក​គាត់​នៅ​តែ​មាន​ការ​ឈឺ​ចាប់ ពេល​នឹក​ឃើញ​សកម្មភាព​អាជ្ញាធរ​ដេញ​អ្នក​ភូមិ​ក្រុម​៧៨ ចេញ​ពី​លំនៅឋាន កាល​ពី​ឆ្នាំ​២០០៩ ដោយ​ផ្ដល់​សំណង​តិចតួច។ លោក​រៀប​រាប់​ថា សំណង​នោះ​លោក​យក​ទៅ​ទិញ​ដី​សាងសង់​លំនៅឋាន​នៅ​សង្កាត់​ព្រៃស មិន​គ្រប់​នោះ​ទេ ដោយ​គ្រួសារ​លោក​ត្រូវ​ខ្ជី​ធានាគារ​បន្ថែម ២​ពាន់​ដុល្លារ​ទៀត។

លោក​បញ្ជាក់​ថា ដី​នៅ​ម្ដុំ​ភូមិ​១៤ ក្រុម​៧៨ កាល​ពី​ឆ្នាំ​អាជ្ញាធរ​ដេញ​ពលរដ្ឋ​ចេញ​នោះ បើ​តាម​តម្លៃ​ទីផ្សារ​ជាក់​ស្ដែង ផ្ទះ​របស់​លោក​យ៉ាង​ហោច​ណាស់​មាន​តម្លៃ​៤ ទៅ ៥​ម៉ឺន​ដុល្លារ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ឲ្យ ៨​ពាន់​ដុល្លារ ដោយ​ប្រាប់​ថា យក​ទៅ​បម្រើ​ផល​ប្រយោជន៍​ជាតិ៖ «ដេញ​ហើយ​ព័ទ្ធ​របង​ទុក​ដេញ​ហើយ​ថា ឲ្យ​មាន មាន​អី​មាន​តែ​ក្រ​ថែម។ សូម​ឲ្យ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ ព្រោះ​អី​ពាក្យ​បណ្ដឹង​ដាក់​នៅ​តុលាការ​ដដែល»

លោក លឹម សំបូរ បន្ត​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជាង ៣​ឆ្នាំ​ទៅ​ហើយ​នៅ​តែ​មិន​ឃើញ​តុលាការ​ក្រុង​ភ្នំពេញ ដោះស្រាយ​ឲ្យ​ទៀត។

អតីត​ពលរដ្ឋ​ក្រុម​៧៨ ម្នាក់​ទៀត​ឈ្មោះ ខេង សុរតន៍ មាន​ប្រសាសន៍​ថា គ្រួសារ​លោក​មិន​បាន​ទទួល​សំណង​ពី​ការ​ដេញ​ចេញ​របស់​អាជ្ញាធរ​ឡើយ។ លោក​បន្ត​ថា ផ្ទះ​ចាស់​របស់​លោក​កាល​ពី​ឆ្នាំ​២០០៩ មាន​តម្លៃ​ទីផ្សារ​ធម្មតា​ជាង ២០​ម៉ឺន​ដុល្លារ តែ​អាជ្ញាធរ​ឲ្យ​តែ ៨​ពាន់​ដុល្លារ លោក​ក៏​សម្រេច​ចិត្ត​ប្ដឹង​ទៅ​តុលាការ​ជួយ​រក​យុត្តិធម៌ ប៉ុន្តែ ៣​ឆ្នាំ​ទៅ​ហើយ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​សមរម្យ។

លោក ខេង សុរតន៍ បញ្ជាក់​ថា អាជ្ញាធរ​ដេញ​ពលរដ្ឋ​ក្រុម​៧៨ ដោយ​ប្រើ​គ្រប់​រូបភាព មាន​គំរាម​កំហែង បំភិតបំភ័យ និង​ពិសេស​ភូតភរ​ថា​យក​ទីតាំង​ទៅ​បម្រើ​ប្រយោជន៍​សាធារណៈ៖ «ដី​នេះ​ខ្ញុំ​សុំ​ឲ្យ​ពួក​គាត់​ដោះស្រាយ​សំណង​ឲ្យ​បាន​សមរម្យ​ពេល​នេះ​បើ​សិន​ជា​នៅ​កន្លែង​នេះ​មិន​យក​ទៅ​បម្រើ​ប្រយោជន៍​សាធារណៈ​ទេ​នោះ តែ​ប្រើ​យក​ទៅ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​មែន ខ្ញុំ​មិន​ទាមទារ​ជា​ដាច់​ខាត សូម្បី​តែ​១​សេន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។ យ៉ាង​ណា​ក៏ដោយ​សាលា​រាជធានី​ភ្នំពេញ ធ្លាប់ ​បាន​សរសេរ​លើ​សេចក្ដី​ជូន​ដំណឹង​ថា អ្នក​ភូមិ​ក្រុម​៧៨ រស់​នៅ​លើ​ដី​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​ស៊ូស្រ៊ុន តែ​អ្នក​ភូមិ​នៅ​ទី​នោះ​អះអាង​ថា ពួក​គាត់​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ​១៩៨៣។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​មិន​មែន​ជា​ជម្រើស​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ទេ។ លោក​បន្ត​ថា អ្នក​ភូមិ​ក្រុម​៧៨ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ តែ​តុលាការ​មិន​ដោះស្រាយ។

លោក​បញ្ជាក់​ថា ការ​ដោះស្រាយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ការ​គាប​សង្កត់​គ្រប់​រូបភាព​ទៅ​លើ​ពលរដ្ឋ ហើយ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៖ «ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ ត្រូវ​តែ​ទទួល​បាន​សំណង​ដើម្បី​បាន​រស់​នៅ​តាម​បែប​ជា​មនុស្ស គឺ​មាន​ន័យ​ថា រស់​នៅ​ដោយ​មាន​ជម្រក​សមរម្យ​ជីវភាព​សមរម្យ»

លោក អំ សំអាត បន្ត​ថា បន្ទាប់​ពី​បណ្ដេញ​ពលរដ្ឋ​ចេញ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០០៩ ទីតាំង​ភូមិ​១៤ ក្រុម​៧៨ ត្រូវ​បាន​គេ​ព័ទ្ធ​របង​ទុក​ដី​ទំនេរ​ចោល​ឲ្យ​ស្មៅ​ដុះ​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។