មេធាវីការពារក្តីឲ្យលោក រស់ សុឃិត គឺលោក សុខ ដារ៉ា បានប្រតិកម្មចំពោះការកាត់ក្តីនេះថា មិនត្រឹមត្រូវតាមផ្លូវច្បាប់ ព្រោះព្រះរាជអាជ្ញាគឺលោក សុខ រឿន បានប្រើប្រាស់មាត្រានៃច្បាប់ព្រហ្មទណ្ឌអន្តរកាលមកចោទប្រកាន់កូនក្តីរបស់លោក។ លោកបន្តថា មាត្រា៦២នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលត្រូវបាននិរាករណ៍ដោយច្បាប់ស្តីពីរបបសារព័ត៌មានរួចទៅហើយ។
លោក សុខ ដារ៉ា ពន្យល់បន្ថែមចំពោះបញ្ហានេះថា ៖ «គោលការណ៍តាមផ្លូវច្បាប់ បើយើងវិភាគតាមផ្លូវច្បាប់ឃើញថា ជាធម្មតាទាក់ទងនឹងបទល្មើសមួយដែលមានច្បាប់ចែងពីរ ទាក់ទងទៅនឹងបទល្មើសព្រហ្មទណ្ឌ អ៊ីចឹងគួរគប្បីខាងចៅក្រមត្រូវតែជ្រើសរើសយកច្បាប់ណាដែលមានទណ្ឌកម្មទោសស្រាលជាងយកមកដាក់ជនជាប់ចោទ ពីព្រោះអាហ្នឹងយើងគិតអំពីប្រយោជន៍របស់ជនជាប់ចោទទៅតាមផ្លូវច្បាប់ តាមច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាអនុសញ្ញាអំពីសិទ្ធិមនុស្ស»។
លោក រស់ សុឃិត បានត្រូវចាប់ខ្លួនដោយប៉ូលិសក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ តុលា នៅព្រំដែនកម្ពុជា-វៀតណាម នៅក្នុងកាស៊ីណូមួយ តាមពាក្យបណ្តឹងរបស់លោក សយ សុភាព ពីប្រការដែលលោកទទួលសារជាអក្សរអនាមិកចោទថា លោក សយ សុភាព ជាអ្នកកាសែតពុករលួយ ជំរិតទារប្រាក់ពីប្រជាពលរដ្ឋនិងមន្រ្តីគណបក្សប្រជាជនកម្ពុជា។
ក្រោយការចាប់ខ្លួននោះ លោក រស់ សុឃិត ត្រូវបានបញ្ជូនខ្លួនមកតុលាការក្រុងភ្នំពេញ ចោទសួរនិងកាត់ទោសជាលើកទី១នៅថ្ងៃព្រហស្បតិ៍ ទី២៩ តុលា។
លោក រស់ សុឃិត ធ្លាប់បំពេញការងារកាសែតតាំងពីឆ្នាំ១៩៩៣ ហើយមុនការចាប់ខ្លួនលោកបានបម្រើការងារឲ្យទស្សនាវដ្តីជាភាសាអង់គ្លេសមួយឈ្មោះ ភូគោលអាស៊ីអាគ្នេយ៍ (Southeast Asia Globe) បានត្រូវតុលាការចោទសួរនិងចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត ហើយបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ តុលា និងធ្វើការកាត់ក្តីនៅព្រឹកថ្ងៃទី៦ វិច្ឆិកា។
ការពន្យារពេលកាត់ក្តីលើកទី១បានកើតមានឡើងក្រោយពីលោក រស់ សុឃិត បានទាមទារឲ្យមានមេធាវីដើម្បីការពារក្តីរបស់លោក។ ទោះជាយ៉ាងនេះក្តី លោកត្រូវមិនបានអនុញ្ញាតឲ្យនៅក្រៅឃុំទេ។
លោក រស់ សុឃិត ជាអ្នកកាសែតម្នាក់ដែលធ្លាប់បំពេញការងារនៅស្ថាប័នព័ត៌មានធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាមានជាអាទិ៍ ព្រឹត្តិបត្រ The Cambodia Daily, កាសែត Phnom Penh Post, កាសែត Cambodia Time, វិទ្យុអាស៊ីសេរី, ទស្សនាវដ្តី អង្គរធំ ជាដើម។
មេធាវីការពារក្តីឲ្យលោក រស់ សុឃិត គឺលោក សុខ ដារ៉ា មានប្រសាសន៍ថា កូនក្តីលោកនឹងដាក់បណ្តឹងចំពោះការសម្រេចក្តីនេះ៕
