អ្នក​វិភាគ​ចង់​ឲ្យ​ព្រះ​មហា​វីរក្សត្រ​ផ្សះផ្សា​ឲ្យ​លោក សម រង្ស៊ី បាន​ចូល​ស្រុក

ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា អវត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា សម្រាប់​ប្រកួតប្រជែង​បោះ​ឆ្នោត​នោះ វា​មិន​មែន​ជា​រឿង​ល្អ​មើល និង​មិន​ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពេញ​លេញ​នោះ​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2011-11-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សីហនុ២
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
AFP Photo

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​បាន​យល់​ឃើញ​ថា អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ការ​ដោះ​ស្រាយ​ភាព​ទ័លច្រក​ផ្នែក​នយោបាយ បើ​ទោះ​បី​ជា​ព្រះអង្គ​បាន​យាង​ចូល​និវត្តន៍​ហើយ​ក្ដី ពីព្រោះ​ព្រះអង្គ​អតីត​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​នយោបាយ និង​ផ្សះផ្សា​ជាតិ។

ក្រុម​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​លើក​ឡើង​ដូច្នេះ ដោយសារ​សម្ដេច​ព្រះ នរោត្តម សីហនុ ជា​បិតា​ឯករាជ្យ​ជាតិ ព្រះអង្គ​បាន​ផ្ញើ​ព្រះរាជសារ​មួយ​ច្បាប់​អញ្ជើញ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង កំពុង​និរទេស​ខ្លួន​នៅ​បរទេស ឲ្យ​មក​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម និង​អបអរ​សាទរ​ខួប​លើក​ទី​២០ នៃ​ការ​យាង​ចូល​មាតុ​ប្រទេស​វិញ ដែល​គេ​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១១។

អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា ព្រះអង្គ​បាន​អញ្ជើញ​លោក សម រង្ស៊ី ឲ្យ​មក​ចូល​រួម​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ ដែល​មាន​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​ចូល​រួម​កាល​ពី​ថ្ងៃ​ទី​៣០ តុលា នោះ គឺ​ជា​សារ​ល្អ​មួយ​ក្នុង​នាម​ព្រះអង្គ​ជា​បិតា​ឯករាជ្យ​ជាតិ។

អ្នកស្រី ជា វណ្ណាត បាន​អះអាង​ថា ព្រះអង្គ​មាន​បន្ទូល​របស់​ព្រះអង្គ​ថា កម្ពុជា​មាន​ការ​បង្រួបបង្រួម​ជាតិ និង​សន្តិភាព​នោះ គឺ​ព្រះអង្គ​ចង់​បញ្ជាក់​អំពី​ព្រះទ័យ​របស់​ព្រះអង្គ​ថា ព្រះអង្គ​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម​គ្នា​នៅ​ខណៈ​ដែល​កម្ពុជា មិន​ទាន់​មាន​ការ​បង្រួបបង្រួម​របស់​អ្នក​នយោបាយ​នេះ៖ «ទី​ពីរ​លោក​មាន​បន្ទូល​ថា មាន​ការ​បង្រួបបង្រួម​ជាតិ​ល្អ​ជាង​មុន​អី គឺ​បញ្ជាក់​ពី​ព្រះទ័យ​របស់​ព្រះអង្គ​ថា ព្រះអង្គ​ចង់​ឃើញ​អ៊ីចឹង ព្រះអង្គ​ចង់​ឲ្យ​មាន​អ៊ីចឹង»

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​មិន​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០ នៃ​ការ​យាង​និវត្តន៍​របស់​ព្រះអង្គ និង​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​សម្ដេច​ឪ​គម្រប់ ៨៩​យាង​ចូល ៩០​ព្រះវស្សា​នោះ ដោយសារ​តែ​លោក​បាន​ទទួល​ព្រះរាជសារ​អញ្ជើញ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា នៅ​មុន​ពេល​ថ្ងៃ​ចាប់​ផ្ដើម​កម្មវិធី​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ ខែ​តុលា ដូច្នេះ​លោក​មិន​អាច​មក​ទាន់​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី បាន​សម្ដែង​ក្ដី​រីករាយ និង​ដឹង​គុណ​ចំពោះ​ព្រះវរបិតា​ជាតិ​ខ្មែរ ដែល​បាន​អញ្ជើញ​លោក​ឲ្យ​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​នេះ ហើយ​លោក​បញ្ជាក់​ថា ការ​អញ្ជើញ​លោក​របស់​ព្រះ​មហា​វីរក្សត្រ​នេះ គឺ​មាន​ន័យ​ថា ព្រះអង្គ​ចង់​ឲ្យ​មាន​ការ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ៖ «ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ព្រះអង្គ​លោក​នឹង​ផ្ដួចផ្ដើម​គំនិត លោក​នឹង​ប្រទាន​ព្រះរាជ​តម្រិះ​តាម​សេចក្ដី​ត្រូវ​ការ​នៃ​ប្រទេស​ជាតិ។ យោង​តាម​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ ខ្ញុំ​មាន​ជំនឿ​ថា សម្ដេច​ព្រះ នរោត្ដម សីហនុ លោក​មាន​ឥទ្ធិពល និង​ប្រើ​ឥទ្ធិពល​របស់​លោក ដើម្បី​ដោះស្រាយ​រឿង​នយោបាយ​ចំពោះ​បញ្ហា​នយោបាយ​នៅ​កម្ពុជា បញ្ហា​នយោបាយ​អ្នក​នយោបាយ​ត្រូវ​ត​ទល់​គ្នា​រឿង​នយោបាយ ដើម្បី​ការពារ​ទឹក​ដី​ប្រទេស​កម្ពុជា»

លោក ផៃ សីផាន ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​មាន​ប្រសាសន៍​ថា អតីត​ព្រះ​មហាក្សត្រ​បាន​អញ្ជើញ​លោក សម រង្ស៊ី នេះ ជា​ការ​អញ្ជើញ​ក្នុង​នាម​ព្រះអង្គ​ជា​ឪពុក​ម្នាក់ ដោយ​ព្រះអង្គ​មិន​វាយ​តម្លៃ​អំពី​បញ្ហា​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​ទេ ពីព្រោះ​ព្រះអង្គ​ចង់​ឲ្យ​មាន​សាមគ្គី​ភាព៖ «ពីព្រោះ​ព្រះ​មហា​វីរក្សត្រ លោក​ដើរ​ចេញ​ពី​ការ​វិនិច្ឆ័យ លោក​គ្រាន់​តែ​គង់​ប្រថាប់​ជា​ម្លប់​សម្រាប់​កូន​ចៅ​ទាំង​អស់ ហើយ​អ្វី​ជា​ស្មារតី​របស់​ព្រះអង្គ លោក​មាន​បន្ទូល​ថា ចង់​ឲ្យ​មាន​សន្តិភាព​ជា​ធំ ដូច្នេះ​ព្រហ្មវិហារ​ធម៌​របស់​ព្រះអង្គ​មិន​អាច​យក​មក​បូក​សង​ដក​ជាមួយ​អ្វី​ដែល​ជា​កាតព្វកិច្ច​យុត្តិធម៌​ដែល​យើង​ត្រូវ​តែ​ធ្វើ​នោះ​ទេ»

ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា បន្ទូល​របស់​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ដែល​ថា កម្ពុជា​មាន​ការ​បង្រួបបង្រួម​សន្តិភាព និង​ឯកភាព​ជាតិ​នោះ ជា​ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​មួយ​ទៅ​លើ​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់ ពីព្រោះ​ថា នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា មិន​ទាន់​មាន​ឯកភាព​គ្នា​នៅ​ឡើយ។

ក្រុម​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ពន្យល់​ទៀត​ថា ទោះ​បី​ជា​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់​បាន​បរាជ័យ​លើ​ការ​សម្របសម្រួល និង​ដោះស្រាយ​ភាព​ទ័លច្រក​នយោបាយ​កាល​ពី​ការ​បោះ​ឆ្នោត​ជាតិ​លើក​ទី​៣ កាល​ពី​ឆ្នាំ​២០០៣ ក៏ដោយ ប៉ុន្តែ​ព្រះរាជ​បន្ទូល​របស់​ព្រះអង្គ​នៅ​ពេល​នេះ វា​មាន​សារសំខាន់​ណាស់​សម្រាប់​ឲ្យ​កម្ពុជា មាន​ការ​បង្រួបបង្រួម​គ្នា ពិសេស​លើ​ករណី​លោក សម រង្ស៊ី ជា​ជាង​អ្នក​នយោបាយ​ខ្មែរ​រត់​ទៅ​ពឹង​បរទេស​ដាក់​សម្ពាធ​មក​រដ្ឋាភិបាល​កម្ពុជា ដូច​ជា​កាល​ពី​ពេល​ថ្មីៗ លោក សម រង្ស៊ី បាន​ទៅ​ប្ដឹង​តុលាការ​អន្តរជាតិ ប្ដឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទាក់ទង​នឹង​ការ​បោក​គ្រាប់​បែក​ឆ្នាំ​១៩៩៧ និង​ប្ដឹង​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន អំពី​ករណី​ឃាតកម្ម​លើ​តារា​សិល្បៈ អ្នកស្រី ពិសិដ្ឋ ពិលីកា ជា​ដើម វា​មិន​ល្អ​នោះ​ទេ បើ​សិន​ជា​អ្នក​នយោបាយ​ខ្មែរ​មិន​បង្រួបបង្រួម​គ្នា ហើយ​ប្ដឹង​ផ្ដល់​គ្នា​ដូច្នេះ​នោះ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​អធិប្បាយ​ថា ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ បាន​អញ្ជើញ​លោក សម រង្ស៊ី ចូល​រួម​ថ្ងៃ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​នោះ ក្នុង​នាម​លោក សម រង្ស៊ី ជា​កូន​ចៅ​របស់​ព្រះអង្គ ប៉ុន្តែ​ពុំ​មាន​ន័យ​ថា លោក សម រង្ស៊ី មិន​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​របស់​តុលាការ​នោះ​ទេ លុះ​ត្រា​ណា​មាន​ការ​ស្នើ​សុំ​លើក​លែង​ទោស​ពី​រដ្ឋាភិបាល​ទៅ​ព្រះមហាក្សត្រ នរោត្តម សីហមុនី។

លោក សុខ ទូច បន្ត​ដូច្នេះ៖ «ព្រះមហាក្សត្រ​ព្រះអង្គ​មាន​សិទ្ធិ​លើកលែង​ទោស ឬ​មួយ​រដ្ឋាភិបាល​អ្នក​នយោបាយ ដើម្បី​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ថ្ងៃ​ខួប​កំណើត​ព្រះ​មហា​វីរក្សត្រ ហើយ​លើក​ទឹក​ចិត្ត​បញ្ហា​ឯកភាព​នៃ​អ្នក​នយោបាយ​នៃ​ការ​ខ្វែង​គំនិត​គ្នា​ទៅ​លើ​កិច្ចការ​ណា​មួយ ឬ​ជា​ការ​ដូរ​មួយ​សម្រាប់​អតីត​ព្រះមហាក្សត្រ វា​ជា​មធ្យោបាយ​មួយ​សម្រាប់​អ្នក​នយោបាយ​គ្មាន​អ្នក​ឈ្នះ ហើយ​និង​គ្មាន​អ្នក​ចាញ់»

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​​​កម្ពុជា បើក​សវនាការ​ផ្តន្ទា​ទោស​លើ​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី មាន​ដូចជា​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង សំណុំ​រឿង​ក្លែងបន្លំ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​រឿង​ក្ដី​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កម្ពុជា គិត​សរុប​មក​ដល់​ពេល​នេះ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១៤​ឆ្នាំ។

សហភាព​អន្តរសភា (IPU) កាល​ពី​ថ្ងៃ​ទី​១២ តុលា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ជា​ថ្មី​ថា លោក សម រង្ស៊ី បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​នោះ ជា​កាយ​វិការ​នយោបាយ ហើយ​ករណី​នេះ​តុលាការ​មិន​គួរ​លូក​ដៃ​ក្នុង​បញ្ហា​នយោបាយ​នោះ​ទេ។ សហភាព​អន្តរសភា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា និង​រដ្ឋ​សភា ពិនិត្យ​មើល​លើ​ការ​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ជូន​លោក សម រង្ស៊ី ឡើង​វិញ។

ការ​និរទេស​ខ្លួន​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដោយសារ​តែ​តុលាការ​បាន​កាត់​ទោស​លោក ដូច​ជា​ករណី​កាល​ពី​ឆ្នាំ​២០០៦ នៅ​មុន​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ លោក សម រង្ស៊ី ធ្លាប់​បាន​ធ្វើ​លិខិត​សុំ​ទោស​លោក ហ៊ុន សែន ជា​ថ្នូរ​នឹង​ការ​វិល​ចូល​ស្រុក​របស់​វិញ ហើយ​លោក​បាន​ដក​ពាក្យ​បណ្ដឹង​របស់​លោក​នៅ​តុលាការ​សហរដ្ឋ​អាមេរិក ដែល​លោក​ប្ដឹង​លោក ហ៊ុន សែន ថា លោក​នាយករដ្ឋមន្ត្រី​ជា​អ្នក​បញ្ជា​លើ​ការ​បោក​គ្រាប់​បែក​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​កាល​ពី​ឆ្នាំ​១៩៩៧។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​អះអាង​ថា ការ​គង់​នៅ​ក្នុង​ប្រទេស​របស់​ព្រះ​មហា​វីរក្សត្រ​នៅ​កម្ពុជា ជា​សញ្ញា​មួយ​ងាយ​ស្រួល​ក្នុង​ការ​សម្របសម្រួល​ឲ្យ​អ្នក​នយោបាយ​ត្រូវ​រ៉ូវ​គ្នា​វិញ ហើយ​គេ​នៅ​រង់ចាំ​មើល​ទៀត​ថា តើ​ព្រះអង្គ​អាច​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​វិញ​ដែរ​ទេ​នៅ​ពេល​ខាង​មុខ ពីព្រោះ​ព្រះអង្គ​ជា​បិតា​ឯករាជ្យ​ជាតិ​នោះ៕

មតិ (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សមេ្តចតាលេងក្បាច់អុកអីចេះ! អពើ្ជាញអ្នកនៅឯនាយសមុទ្រមកចូលរួមពិធី​ចំរើនព្រះជន្មដោយជូនដំណឹងមុនមួយថ្ងៃ។ម្យ៉ាងទៀត ទំនៀមទំលាប់មនុស្ស ធម្មតា គេកំររធ្វើអីចឹងណាស់ហើយអ្នកដែលត្រូវគេហៅចូលរួមនឹងមិនចូលរួម រឺបើគេទៅបា្រកដជារអូ៏មិនខាន។​​ មើលមួយភេ្លតគិតថាគាត់នៅមានថាម​ពលនយោបាយ មើលហើយគិតយូរកូនធម៍គាត់យកទុកអស់ទៅហើយ គ្មានសល់សំរាប់ព្រះអង្គកំពុងគង់លើបលង្គ័ទៀតផងមើល។

Nov 17, 2011 12:26 PM

អ្នក​អាន​អនាមិក

ថាពូជតាត្រសក់ផ្អែមវាសោយរាជ្យច្រើនជំនាន់ភ្លេចកំណើតខ្លួនដែលជាពូជអ្នកចំការ​ចុះពួកហ៊ុនសែនមិនបានមួយជំនាន់ក៏ភ្លេចអ្នកក្រស្រាបន្តូលពេជលីសែងផែកាណូតទៅហើយ!!!

Nov 08, 2011 07:51 AM

អ្នក​អាន​អនាមិក

ឧត្តមសម រង្សី និងវិលមកវិញដោយសារតែការលើកលែងពីព្រះមហាក្សត្រ មិនលើសពី៦ខែទេ ចាំមើល។

Nov 02, 2011 09:14 PM

អ្នក​អាន​អនាមិក

ជាក្រុមពពួកសត្វមេអំបៅដែលកំណើតខ្លួនពីសត្វដង្កូវ។

Nov 02, 2011 06:58 PM

អ្នក​អាន​អនាមិក

កូនចៅកំព្រារងាណាស់ សូមឪមេត្តាកូនពៅផង គឺរស់នៅ វិនាសក្លោចផ្សា​ ដោយសារកូនបង មានបានលេងគឹត ភ្លេចប្អូន ភ្លេចបង ភ្លេចស្រែតែម្តង ភ្លេចឆ្កែដែលធ្លាប់បាយជាមួយ ឪអើយកូនៗព្រួយ ដល់ថ្ងៃណាមួយ កូនក្មួយរលាយអស់ដែនដី។ បើថាអោយបង បងបែជាថាកំចេះ ព្រោះអាញជាអ្នករកបាន អាញ់ឲប៉ុណ្ណាគឺបានប៉ុន្នឹង៕ ឪអើយវិលវិញកូនសប្បាយណាស់ កុំចោលកូនៗទៀត បងគៀបកូនៗណាស់ ឥឡូវបងប្រែប្តូរផ្លាស់ ប្អូនៗរាត់ប្រាស់ខ្លាចបងធ្វើបាប។

Nov 02, 2011 12:05 PM

មើល​មតិ​ទាំង​អស់.