ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេប​របស់​​ព្រះមហា​វីរក្សត្រ

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ជា​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ ដែល​មាន​គេ​ទទួល​ស្គាល់​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ថា​ជា​អ្នក​ដឹកនាំ​ប្រទេស​មួយ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចំរើន​ផង និង​អន្តរាយ​ផង គឺ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ ដល់​ទសវត្សរ៍​១៩៧០។
ដោយ កែវពេជ្រ មេត្តា
2013-02-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះមហាវិរក្សត្រ៣០៥
ពិធី​បដិសណ្ឋារកិច្ច​ទទួល​ស្វាគមន៍​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី មុនីនាថ សីហនុ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១១
RFA/Sok Serey

ប្រទេស​កម្ពុជា តាំង​ពី​បុរាណកាល​មក​រហូត​ដល់​សព្វ​ថ្ងៃ តែង​តែ​ប្រកាន់​យក​នូវ​របប​រាជា​និយម។ ប្រការ​នេះ​ហើយ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​គេ​ឃើញ​មាន​ព្រះ​មហាក្សត្រ​បាន​ឡើង​សោយរាជ្យ​បន្ត​រាជវង្ស​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដើម្បី​គ្រប់គ្រង​ប្រទេស។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ក៏​ជា​អតីត​ព្រះ​មហាក្សត្រ​មួយ​អង្គ​ក្នុង​ចំណោម​ព្រះ​មហាក្សត្រ​ខ្មែរ​ជា​ច្រើន​អង្គ​ទៀត​ដែល​ធ្លាប់​បាន​គ្រង​រាជ្យ​សម្បត្តិ​ពី​មុន​មក។

ព្រះ​រាជា​អង្គ​នេះ​ក្នុង​សម័យ​កាល​ដែល​ទ្រង់​គ្រប់គ្រង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ គឺ​មាន​ប្រជាប្រិយ​ខ្លាំង​ណាស់ ដោយ​មាន​ប្រជារាស្ត្រ​ខ្មែរ​ប្រុស​ស្រី ចាស់​ក្មេង​បាន​គាំទ្រ រហូត​ដល់​នាំ​គ្នា​ហៅ​ព្រះអង្គ​ថា «សម្ដេច​ឪ»។

ការ​ថ្វាយ​ព្រះ​បរម​ងារ ឬ​ហៅ​យ៉ាង​ដូច្នោះ ពីព្រោះ​តែ​គេ​បាន​ឃើញ​ការ​ដឹក​នាំ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រទេស និង​ប្រជារាស្ត្រ​នៅ​ក្នុង​សម័យ​នោះ មាន​សេចក្ដី​សុខ សន្ដិភាព មាន​ឯករាជ្យ អព្យាក្រឹត មាន​សេចក្ដី​ថ្លៃថ្នូរ មិន​ស្ថិត​នៅ​ក្រោម​ចំណុះ​ប្រទេស​ដទៃ​ជាដើម។

អ្នកស្រី ជា វណ្ណាត អតីត​នាយិកា​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បច្ចុប្បន្ន​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ធ្លាប់​ជា​អ្នក​បាន​ឆ្លង​កាត់​ក្រោម​ការ​គ្រប់គ្រង​ប្រទេស​របស់​ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ក្នុង​សម័យ​ទសវត្សរ៍​ទី​៦០ គឺ​កម្ពុជា ហាក់​បី​ដូច​ជា​កោះ​សន្តិភាព​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​មោទនភាព​ខ្លួន​ឯង​ខ្លាំង​ណាស់ ពី​ព្រោះ​បាន​រស់​នៅ​ក្នុង​ប្រទេស​មួយ​មិន​មាន​ភ្លើង​សង្គ្រាម ហើយ​ព្រះមហាក្សត្រ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជារាស្ត្រ​មិន​រើស​មុខ។

អ្នកស្រី ជា វណ្ណាត៖ «ហើយ​សកម្មភាព​របស់​លោក​មួយ​ចំនួន​ហ្នឹង លោក​ធ្វើ​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ចុងកាត់មាត់ញក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​បាក់បប​មក​គាំទ្រ​ស្រឡាញ់​ព្រះអង្គ​ហ្នឹង។ ហើយ​ព្រះ​អង្គ​ហ្នឹង​ទៀត ក៏​ឃើញ​មាន​ការ​ថ្លឹងថ្លែង​ឲ្យ​មាន​តុល្យភាព​រវាង​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​លូតលាស់​ផ្នែក​ខាង​ផ្លូវ​ធម៌។ ដូច​ថា លោក​កាន់​ព្រះផ្នួស ឬ​បួស ហើយ​ក្រៅ​ពី​បួស​ហ្នឹង យាង​ទៅ​កាន់​សីល ហៅ​ថា សមាធិ​អី​អ៊ីចឹង ដើម្បី​ឲ្យ​មាន​លំនឹង​ផ្លូវ​ចិត្ត ផ្លូវ​កាយ ក្នុង​នាម​ព្រះ​អង្គ​ជា​បុគ្គល​អ្នក​ដឹកនាំ​ផង ក្នុង​នាម​ជា​ប្រទេស​ផង»

ប្រការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​ដែល​ប្រជារាស្ត្រ​ខ្មែរ​បាន​គាំទ្រ និង​ស្រឡាញ់​ព្រះ​មហាក្សត្រ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ គឺ​ដោយសារ​គេ​ឃើញ​ព្រះអង្គ​បាន​ប្រឹងប្រែង​បំពេញ​ភារកិច្ច​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​ពួក​អាណានិគម​និយម​បារាំង ក្នុង​អំឡុង​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣។

ក្រោយ​ពី​បាន​ទាមទារ​ដោយ​ពុំ​មាន​ប្រើ​កម្លាំង​ទ័ព​ប្រយុទ្ធ​គ្នា​នោះ ពួក​អាណានិគម​និយម​បារាំង បាន​ព្រមព្រៀង​ប្រគល់​ឯករាជ្យ​ទាំង​ស្រុង​មក​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​ច្បាប់​ដែល​មាន​ចុះ​សន្ធិ​សញ្ញា​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។ ក្នុង​ពេល​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ​កាត់​តែ​ល្បី​រន្ទឺ​នៅ​ក្នុង​ប្រទេស​ផង និង​នៅ​លើ​ឆាក​អន្តរជាតិ​ផង។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សេង សយ ដែល​ជា​អតីត​និស្សិត និង​ជា​អតីត​សិល្បករ​ចម្រៀង​អាយ៉ៃ​ឆ្លើយ​ឆ្លង​នៅ​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្នុង​កាល​ដែល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គ្រប់គ្រង​ប្រទេស​កម្ពុជា នា​សម័យ​ទសវត្សរ៍​ទី​៦០ នោះ បាន​ឃើញ​ថា ការ​រស់​នៅ​របស់​គាត់​ជា​ប្រជារាស្ត្រ និង​ការ​រស់​នៅ​របស់​នាហ្មឺន ឬ​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ហាក់​ដូច​ជា​ត្រូវ​សំណុំ ឬ​ស៊ី​ចង្វាក់​គ្នា ដែល​ជា​ការ​ជំរុញ​ឲ្យ​ការ​គ្រប់គ្រង​ប្រទេស​របស់​ព្រះ​មហាក្សត្រ​នា​ពេល​នោះ​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ណាស់។

ប្រជាពលរដ្ឋ​រូប​នោះ​បាន​ប្រាប់​បន្ថែម​ពី​របៀប​គ្រប់គ្រង​ប្រទេស​ត្រូវ​សំណុំ​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ យ៉ាង​ដូច្នេះ៖ «ត្រូវ​សំណុំ​ដូច​ថា មន្ត្រី​រាជការ ប្រសិន​បាន​ធ្វើ​គ្រូបង្រៀន ឬ​ក៏​ទាហាន ប៉ូលិស អ្នក​ដែល​មាន​ក្របខ័ណ្ឌ​នៅ​ក្នុង​រដ្ឋាភិបាល គឺ​អត់​មាន​ពិបាក​នៅ​ក្នុង​គ្រួសារ​អី​ទេ ពីព្រោះ​គ្រូ​បង្រៀន​ទាហាន ឬ​មេ​ទាហាន មេ​ប៉ូលិស​ហ្នឹង គឺ​មាន​ប្រាក់​ខែ​រស់​ត្រឹមត្រូវ ហើយ​ថ្លៃថ្នូរ​ទៀត។ មន្ត្រី​រាជការ​នៅ​ពេល​នោះ វា​ស៊ី​ចង្វាក់​គ្នា​នៅ​ក្នុង​កសិកម្ម ឧស្សាហកម្ម​អី។ ឧបមា​ថា ប្រជារាស្ត្រ​ធ្វើ​ស្រូវ​បាន ១០០​ថាំង ហើយ​ត្រូវ​ហូប​អស់​តែ ៣០​ថាំង​ទេ ដូច្នេះ​ត្រូវ​លក់ ៧០​ថាំង ហើយ​អាច​សង់​បាន​ផ្ទះ ឬ​អាច​ទិញ​មាស ទិញ​អី​អ៊ីចឹង​ទៅ។ ឯ​ផលានុផល​ក៏​អ៊ីចឹង​ដែរ ដូច​ពោត សណ្ដែក ចេក ល្ង អី​គេ​មាន​ទីផ្សារ​ទៅ​លក់ គឺ​ថា គេ​ដឹង​តម្លៃ​ទៅ​លក់​បាន​ប៉ុណ្ណេះៗ។ ដូច្នេះ​ឃើញ​គុណ​សម្បត្តិ​របស់​ព្រះអង្គ ១៦​ឆ្នាំ គឺ​ល្អ​មែន​ទែន​នៅ​ពេល​ហ្នឹង​នោះ​ណា»

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​អង្គ​នេះ គឺ​ជា​ព្រះ​រាជបុត្រ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សុរាម្រិត និង​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈនារីរ័ត្ន សិរិវឌ្ឍនា។ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២។

ពេល​ដែល​ព្រះអង្គ​មាន​ព្រះជន្ម ១៨​ព្រះ​វស្សា ក្រុមប្រឹក្សា​ព្រះរាជបល័្លង្ក​ក្នុង​សម័យ​នោះ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​ឋានៈ​ព្រះអង្គ​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុន្តែ​បាន​ជាង ១០​ឆ្នាំ ក៏​ដាក់​រាជ្យ​ថ្វាយ​ព្រះ​បិតា​ព្រះអង្គ​វិញ ហើយ​ពេល​នោះ​ព្រះអង្គ​ក៏​បាន​ទទួល​ព្រះ​បរម​ងារ​ថា «សម្ដេច​ព្រះ​ឧបយុវរាជ»។

ចាប់​ពី​ពេល​នោះ​មក​ទ្រង់​ក៏​បាន​បង្កើត​នូវ​ចលនា​មួយ​ហៅ​ថា «សង្គមរាស្ត្រនិយម» គឺ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៥ ដែល​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​នៅ​ពេល​នោះ ហើយ​បាន​នាំ​គ្នា​បោះ​ឆ្នោត​ថ្វាយ​ដើម្បី​ឲ្យ​ព្រះអង្គ​ធ្វើ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ដឹក​នាំ​ប្រទេស​កម្ពុជា។

ការ​ផ្ដល់​ព្រះ​កិត្តិយស​ទំនុក​ទុក​ចិត្ត​ពី​សំណាក់​ប្រជារាស្ត្រ​បាន​ធ្វើ​ឲ្យ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ប្រឹងប្រែង​បញ្ចេញ​ស្នា​ព្រះហស្ត​ក្នុង​ការ​កសាង​ជាតិ​មាតុភូមិ។

ស្នា​ព្រះហស្ត​ដែល​លេច​ធ្លោ​ជាង​គេ ហើយ​ដែល​ប្រជាពលរដ្ឋ​ពោល​សរសើរ​គុណ​សម្បត្តិ​របស់​ព្រះអង្គ​នោះ គឺ​ការ​ទាមទារ​ឯករាជ្យ​រំដោះ​ប្រទេស​ចេញ​ពី​នឹម​ត្រួតត្រា​អាណានិគម​និយម​បារាំង កាល​ពី​ឆ្នាំ​១៩៥៣ នោះ​ឯង។ គោល​នយោបាយ​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​នា​សម័យ​នោះ​ថ្វាយ​ព្រះ​បរម​នាម​ព្រះអង្គ​បន្ថែម​ទៀត​ថា «ព្រះ​មហា​វីរបុរស​ជាតិ និង​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ» ពី​ព្រោះ​ទ្រង់​បាន​រក្សា​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា។

បើ​ទោះ​បី​ជា​មាន​ការ​លើក​សរសើរ​នូវ​គុណ​សម្បត្តិ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច នរោត្តម សីហនុ យ៉ាង​នេះ​ក៏​ដោយ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ក៏​មាន​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ធំៗ​ជា​ច្រើន​នាក់​ទៀត ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ​ក្នុង​សម័យ​នោះ​មិន​បាន​ពេញ​ចិត្ត និង​គោល​នយោបាយ​ដឹក​នាំ​ប្រទេស​របស់​ព្រះអង្គ​ទេ ពិសេស​គឺ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។ ក្នុង​ពេល​នោះ​គេ​ឃើញ​ថា ព្រះអង្គ​បាន​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ បណ្ដោយ​ឲ្យ​ជន​បរទេស​មាន​វៀតណាម ជា​ដើម​ចូល​មក​លុក​លុយ​ប្រទេស​កម្ពុជា។

ការ​ថ្នាំងថ្នាក់​ផ្ទុយ​គំនិត​គ្នា​នោះ​រហូត​ដល់​មាន​ធ្វើ​រដ្ឋ​ប្រហារ​ដែល​ដឹក​នាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដើម្បី​ទម្លាក់​ព្រះអង្គ​ចេញ​ពី​តំណែង​ព្រះ​ប្រមុខ​រដ្ឋ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០។

ចាប់​តាំង​ពី​ពេល​នោះ​មក វិបត្តិ​នយោបាយ​របស់​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា ដែល​គេ​ដៅ​យ៉ាង​សំខាន់​ទៅ​លើ​សម្ដេច​ព្រះ នរោត្តម សីហនុ ពេល​នោះ​ថា បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​រ៉ាំរ៉ៃ។

គុណ​វិបត្តិ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​គោរព​ស្រឡាញ់​ព្រះអង្គ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​អ្នក​ខ្លះ​គេ​លែង​មាន​ជំនឿ​ទៅ​លើ​ទ្រង់​ទៀត។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សេង សយ ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ការ​គ្រប់គ្រង​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​ធ្លាប់​ជា​អ្នក​គាំទ្រ​ព្រះ​អង្គ​មួយ​រូប​នោះ​បាន​មាន​ប្រសាសន៍​ថា សម្ដេច​ឪ​លោក​មាន​កំហុស​ធ្ងន់ គឺ​ត្រង់​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​រត់​ចូល​ព្រៃ ដែល​ហៅ​គេ​ហៅ​តាម​ភាសា​បារាំង ថា ម៉ាគីៗ (Marquis) ដើម្បី​ធ្វើ​សង្គ្រាម​ដណ្ដើម​អំណាច​ថ្វាយ​ព្រះអង្គ បន្ទាប់​ពី​លោក លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ទ្រង់​មក។

ប្រជាពលរដ្ឋ​រូប​នោះ​បាន​បន្ថែម​ថា ការ​ពន្យុះ​ឲ្យ​ធ្វើ​សង្គ្រាម​របស់​សម្ដេច នរោត្តម សីហនុ ក្នុង​ពេល​នោះ បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​កម្ពុជា កាន់​តែ​ធ្លាក់​ជ្រៅ​ទៅៗ​ក្នុង​សង្គ្រាម​ប្រយុទ្ធ​តតាំង​ច្បាំង​គ្នា​នឹង​ជាតិ​សាសន៍​ឯង​ផង ជាមួយ​បរទេស​ផង រហូត​ដល់​មាន​កើត​ជា​ក្រុម​ខ្មែរ​ក្រហម ឬ​ក្រុម ប៉ុល ពត ដែល​នាំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជា​ច្រើន​លាន​នាក់ ហើយ​ប្រទេស​ជាតិ​ក៏​ត្រូវ​លិចលង់​អន្តរាយ​រាប​ដល់​ដី។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សេង សយ៖ «នាំ​គ្នា​ទៅ​ម៉ាគី ម៉ាគី រហូត​ដល់ លន់ នល់ គាត់​អត់​មាន​លទ្ធភាព​ទេ បើ​រាស្ត្រ​ទៅ​អស់​ហើយ សូម្បី​អាមេរិកាំង អ្នក​មាន​លុយ​មាន​កប៉ាល់ហោះ មាន​គ្រាប់​បេ​យ៉ាង​ណា​ក៏ដោយ ក៏​អត់​ឈ្នះ​កម្លាំង​ប្រជារាស្ត្រ​ដែរ ព្រោះ​សម្ដេច​តា​លោក​អំពាវនាវ។ ទាំង​គេ​ទាំង​ខ្ញុំ​ពេល​ហ្នឹង​ក្រុម​គ្រូ​អាយ៉ៃ​ហ្នឹង​រស់​បាន​តែ​ខ្ញុំ​ទេ ប៉ុន្តែ​គ្នា​ខ្ញុំ​ដូច​ជា​លោក​គ្រូ ស្មៀន យ៉ុន អីៗ អ្នក​ល្បីៗ​ទៅ​បាន​ចូល​ទៅ​ច្រៀង​ដាក់ រ៉ាឌីយូ (វិទ្យុ) ប៉ុល ពត គាត់​ក៏​បាន​ស្លាប់​អស់។ បើ​សិន​ជា​ប្រជារាស្ត្រ​យល់​ដឹង​កុំ​ស្រឡាញ់​សម្ដេច​តា​ពេក មិន​ជា​មាន​ការ​ស្លាប់​រង្គាល​របៀប​ហ្នឹង​ទេ»

ទោះ​បី​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ដឹកនាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ យ៉ាង​នេះ​ក៏​ដោយ ប៉ុន្តែ​ចំណែក​ក្រុម​ខ្មែរ​ក្រហម ឬ​ក្រុម ប៉ុល ពត បាន​សំដែង​ក្ដី​អបអរ​ចំពោះ​ព្រះអង្គ​ទៅ​វិញ ពីព្រោះ​គេ​បាន​ឃើញ​ថា នយោបាយ​អព្យាក្រឹត​របស់​ទ្រង់​យ៉ាង​ហោច​ណាស់​បាន​ជួយ​បញ្ចៀស​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​ភ្លើង​សង្គ្រាម​បាន ១៥​ឆ្នាំ​ដែរ។

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា ថ្មីៗ​នេះ ដែល​និពន្ធ​ដោយ​លោក ខៀវ សំផន អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​សរសេរ​ថា សម្ដេច​ព្រះ នរោត្តម សីហនុ បាន​បញ្ចៀស​ភ្លើង​សង្គ្រាម ១៥​ឆ្នាំ​នោះ គឺ​លោក​បាន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាជន​មិន​តិច​ទេ។

អត្ថបទ​ដដែល​បាន​បន្ត​ថា រី​ឯ​គ្រោះ​មហន្តរាយ​ដែល​កើត​មាន​ឡើង​នៅ​ពេល​នោះ គឺ​ជា​ព្យុះ​សង្ឃរា​នៃ​សង្គ្រាម​ត្រជាក់​របស់​ប្រទេស​មហា​អំណាច និង​សង្គ្រាម​វៀតណាម មាន​កម្លាំង​ខ្លាំងក្លា​ពេក​ដែល​ហួស​ពី​សមត្ថភាព​របស់​ព្រះអង្គ​មិន​អាច​ទប់ទល់​បាន។

ក្រៅ​ពី​មាន​ការ​សរសើរ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម អំពី​គុណ​សម្បត្តិ​បញ្ចៀស​សង្គ្រាម​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​នោះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​សរសើរ​ព្រះអង្គ​ថា គឺ​ជា​អ្នក​ដឹកនាំ​ប្រទេស​មួយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្ដា​អ្នក​ដឹកនាំ​ប្រទេស​ដទៃ​នៅ​ក្នុង​សកល​លោក។ លក្ខណៈ​ខុស​ប្លែក​នោះ គឺ​ព្រះអង្គ​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ចេញ​ពី​តំណែង​ហើយ ប៉ុន្តែ​ទ្រង់​នៅ​តែ​មាន​មធ្យោបាយ​អាច​ធ្វើ​ឲ្យ​ខ្លួន​ព្រះអង្គ​បាន​វិល​ត្រឡប់​មក​គ្រង​រាជ្យ​នៅ​ប្រទេស​កម្ពុជា សារ​ជា​ថ្មី​វិញ​បាន​កាល​ពី​ឆ្នាំ​១៩៩៣។

ប្រជាពលរដ្ឋ​ដែល​សរសើរ​នោះ​បាន​បញ្ជាក់​ទៀត​ថា បើ​គេ​ងាក​ទៅ​មើល​អ្នក​ដឹកនាំ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​សកលលោក ដូចជា​នៅ​អារ៉ាប់ ជា​ដើម​នោះ តែ​កាល​ណា​ប្រជាជន​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ចេញ​ពី​តំណែង​ហើយ គឺ​កម្រ​ឃើញ​វិល​ត្រឡប់​មក​កាន់​តំណែង​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (35)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Lee Theang chek

ពី Bangkok

Most of contributors here did not know the political events in Sihanouk era. You should read American War in Vietnam and book of Mr. Bun Chanmol.

Feb 03, 2013 09:40 PM

Lee Theang chekទី២

ពី Bangkok

ព្រះអង្គចាត់ទុកប្រទេសខ្មែរជាប្រទេសផ្ទាល់ខ្លួនរបស់អង្គឯង។ មិនបានស្លាប់ការផ្តល់ប្រឹក្សារបស់អ្នកដទៃ។អនុញ្ញាតឲ្យយួនចូលទឹកខ្មែរវាយអាមេរិកចាញ់រត់កាប៉ាងជើងនៅយួនខាងត្បួង។ ស្តាយការសម្រេចចិត្តខុសបែបនេះ ឲ្យលន់នល់ធ្វើរដ្ឋប្រហារទៅ ដើម្បីស្រោចស្រង់រួចសម្លាប់យួនបណ្តែតទឹកទន្លេ។ដោយខឹងលន់នល់មិនចរចារ ស្តេចសីហនុប្រកាសតស៊ូជាមួយលន់នល់។(អានបន្ថែម កំណត់ហេតុ ប៊ុនចាន់ម៉ុល អតីតដំណាងរាស្រ្តសង្គមរាស្ត្រ)។

Feb 03, 2013 09:27 PM

Lee Theang chek ទី១

ពី Bangkok

ព្រះអង្គស្នាដៃអាក្រក់ច្រើនជាងល្អ ដូចជាអាក្រក់ ធ្វើជាមេខែក្រហម​សម្លាប់ប្រជារាស្ត្រខ្លួនឯងជាង ២.៧លាននាក់​ នៅទាន់រាប់អ្នកស្លាប់ដោយសារធ្វើការហួសកម្លាំង ស្លាប់ដោយការអត់អាហារជាដើម។

Feb 03, 2013 09:26 PM

កសិករ

ពី តាកែវ

សម័យអាណានិគម ចក្រពត្តិនិយម ព្រះអង្គបានធ្វើសង្រ្គាមគ្រប់បែបយ៉ាងដើម្បីជាតិនិងទឹកដី។ឥឡូវជាតិបានសុខបែរជាព្រះអង្គបានឃ្លាតឆ្ងាយដោយគ្មានត្រឡប់ចោលពួកយើង..!
ទោះយ៉ាង មនុស្សបែបព្រះអង្គក្នុងរយះពេល១០០ឆ្នាំ(១សតវត្ស)គឺពិបាករកឲ្យបានម្នាក់ណាស់..!
គួរឲ្យស្តាយព្រះអង្គណាស់..!

Feb 02, 2013 01:13 PM

អ្នក​អាន​អនាមិក

Yes,before he married Ezee Monique,he was good king. After he married,he turned 180 degree toward Khmer people.
Look people,now there is one more dangerous lady (probably nobody pays attention)- Mme Men Sam Oan, even Hun Sen himself don't dare to touch.

Feb 02, 2013 09:43 AM

មើល​មតិ​ទាំង​អស់.