កម្ពុជា​នឹង​តាំង​ពិព័រណ៍​ប្រាសាទ​ព្រះវិហារ​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា

ពិព័រណ៍​ស្ដី​អំពី​ប្រាសាទ​ព្រះវិហារ ដែល​គេ​ដាក់​ឈ្មោះ​ថា «សន្និសីទ និង​ពិព័រណ៍​មិត្ត​របស់​ប្រាសាទ​ព្រះវិហារ» នឹង​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។
ដោយ វោហារ ជាតិ
2012-07-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូប​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
RFA Photo/Keo Nimol

ពិព័រណ៍​នេះ​មាន​ចំនួន​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែ​កក្កដា ឆ្នាំ​២០១២ ចាប់​ពី​ម៉ោង ៩:៣០​នាទី​ព្រឹក ដល់​ម៉ោង ២​រសៀល ហើយ​អ្នក​ចូល​រួម​ទាំង​អស់​មិន​ចាំ​បាច់​បង់​ប្រាក់។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នៅ​បណ្ណាល័យ​ជាតិ ថ្ងៃ​ទី​៥ កក្កដា​ថា គោល​បំណង​គឺ ប្រមូល​អ្នក​គាំទ្រ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ប្រជាពលរដ្ឋ​ជាតិ និង​អន្តរជាតិ ហើយ​ពិព័រណ៍​នោះ​នឹង​ធ្វើ​ឡើង​ចែក​ជា​ពីរ​ទិដ្ឋភាព៖ «សាធារណជន​អាច​ចូល​រួម​ពីរ​ទិដ្ឋភាព។ ទិដ្ឋភាព​ទី​មួយ​គឺ ចូល​រួម​ដោយ​ផ្ទាល់​ដល់​កន្លែង​តាំង​ពិព័រណ៍ និង​កន្លែង​សន្និសីទ​ដែល​យើង​ធ្វើ​ជា​លក្ខណៈ​សន្និសីទ​ផង យើង​ធ្វើ​ជា​លក្ខណៈ​បង្ហាញ​អំពី​រាល់​ឯកសារ​ដែល​ពាក់​ព័ន្ធ​ប្រាសាទ​ព្រះវិហារ។ ហើយ​ក្រៅ​ពី​ហ្នឹង សាធារណជន​អាច​ចូល​រួម​ដាក់​តាំង​ពិព័រណ៍​ជា​សម្ភារៈ ជា​ឯកសារ ជា​កំណាព្យ ជា​ចម្រៀង ឬ​ជា​សោតទស្សន៍ ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ទៅ​មើល»

លោក ផៃ ស៊ីផាន ដែល​អះអាង​ក្នុង​សន្និសីទ​កាសែត​នោះ​ថា លោក​ថ្លែង​ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល​ព័ត៌មាន រំពឹង​ថា ពិព័រណ៍​នេះ​នឹង​មាន​មនុស្ស​ចូល​ទស្សនា​យ៉ាង​ហោច​ណាស់ ប្រហែល​២​ពាន់​អ្នក​ដែរ នៅ​ក្នុង​មួយ​ថ្ងៃៗ។ ហើយ​ចំពោះ​ទិដ្ឋភាព​ទី​ពីរ​វិញ អ្នក​ចូល​រួម​អាច​ចូល​រួម​ដោយ​ប្រយោល​ដោយ​មិន​ចាំ​បាច់​អញ្ជើញ​មក​ផ្ទាល់​ក៏​បាន៖ «ទិដ្ឋភាព​ទី​ពី​រ គឺ​សាធារណជន​អាច​ចូល​រួម​ជា​លក្ខណៈ​ប្រយោល។ លក្ខណៈ​ប្រយោល​របៀប​ម៉េច? ព្រោះ​ឥឡូវ​ហ្នឹង យើង​ស្ថិត​នៅ​យុគសម័យ​នៃ​ព័ត៌មានវិទ្យា។ ដូច្នេះ​ប្រជា​ពលរដ្ឋ ទាំង​ខ្មែរ ទាំង​អន្តរជាតិ អាច​ផុស (Post) រូប​ភាព​របស់​គេ ឯកសារ​របស់​គេ មតិ​របស់​គេ នូវ​វិបសាយ (Website) របស់​គេ​ទូទាំង​ពិភពលោក ដែល​យើង​អាច​ចូល​រួម​បាន។ ហើយ​ឯក​ជន​ទាំង​អស់​នោះ​ដែល​បាន​ចូល​រួម​ជា​ប្រយោល​ហ្នឹង លោក​នឹង​ផ្ញើ​អាដ្រេស (Address) នៃ​វិបសាយ​របស់​លោក នៃ​ហ្វេសប៊ុក (Facebook) របស់​លោក ឬ​យើង​ហៅ​ថា សូសាល់ មេឌៀ (Social Media) សូសាល់​នែតវ័ក (Social Network) ជូន​ដល់​គណៈកម្មាធិការ​របស់​យើង។ គណៈកម្មាធិការ​របស់​យើង​នឹង​រៀប​ចំ​ដើម្បី​ដាក់​តាំង​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​ទូទៅ​ជា​សាធារណៈ ដើម្បី​ចូល​រួម​ដែល​ដក​ស្រង់​បទ​ពិសោធន៍ ក៏​ដូច​ជា​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ដាក់​ជា​ឯកជន​នៅ​តាម​ប៉ុស្តិ៍»

ប្រាសាទ​ព្រះវិហារ​មាន​ទីតាំង​ស្ថិត​លើ​កំពូល​ភ្នំដងរែក ជាប់​ព្រំដែន​ខ្មែរ-ថៃ។ ជា​ប្រវត្តិសាស្ត្រ ប្រាសាទ​ព្រះវិហារ ជា​កេរមរតក​របស់​ប្រជាជាតិ​កម្ពុជា ដែល​បន្សល់​ពី​ដូនតា​ខ្មែរ តាំង​ពី​ជំនាន់​រាជ្យ​ព្រះបាទ​យសោវរ្ម័ន​ទី​១ ក្នុង​គ.ស​៨៨៩ ដល់​គ.ស​៩០០ ដែល​ជា​ព្រះមហាក្សត្រ​ខ្មែរ​ស្ថាបនា​ទីក្រុង​យសោធរបុរៈ ឬ​ទីក្រុង​អង្គរ។ តែ​ក្រោយ​មក​ប្រាសាទ​ព្រះវិហារ បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ប្រទេស​សៀម​កាន់​កាប់។

តែ​បន្ទាប់​មក​ទៀត ភាគី​កម្ពុជា​បាន​ប្ដឹង​តវ៉ា ហើយ​តុលាការ​អន្តរជាតិ​បាន​សម្រេច​កាត់​ក្ដី​ប្រគល់​ប្រាសាទ​នេះ​មក​ភាគី​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២។

ក៏​ប៉ុន្តែ លោក​បណ្ឌិត​សភាចារ រស់ ចន្ត្រាបុត្រ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​រំលឹក​ថា មក​ទល់​ពេល​នេះ ភាគី​ថៃ​នៅ​មិន​ទាន់​បាន​គោរព​បញ្ជា​តុលាការ​អន្តរជាតិ​បាន​នៅឡើយ​ទេ។ ជា​ពិសេស​តុលាការ​អន្តរជាតិ បាន​បញ្ជា​ឲ្យ​ភាគី​ថៃ​ដែល​កាល​នោះ គេ​ហៅ​ថា​ប្រទេស​សៀម ប្រគល់​រូប​ចម្លាក់​ដែល​បាន​លួច​យក​ទៅ​ជា​ច្រើន នៅ​មិន​ទាន់​ប្រគល់​ឲ្យ​ភាគី​កម្ពុជា​វិញ​ទេ។

ក្រៅ​ពី​នេះ លោក​បណ្ឌិត រស់ ចន្ត្រាបុត្រ បង្ហើប​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក​ផ្ទាល់ បាន​រក​ឃើញ​ថា មាន​ផ្ទាំង​រូប​ចម្លាក់​ខ្លះ ដែល​សៀម​បាន​លួច​យក​ទៅ​នោះ គេ​រក្សាទុក​នៅ​ប្រទេស​ថៃ​សព្វថ្ងៃ​នៅ​ឡើយ។

អង្គការ​អន្តរជាតិ​យូណេស្កូ (UNESCO) បាន​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេបិក ប្រទេស​កាណាដា (Canada) ដោយ​បាន​វិនិច្ឆ័យ​ថា ប្រាសាទ​ព្រះវិហារ​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ឯក​របស់​ខ្មែរ​តែ​មួយ​គ្មាន​ពីរ។ ប្រាសាទ​ព្រះវិហារ​សម្បត្តិ​មាន​តម្លៃ​ដ៏​ប្រសើរ ចាំ​បាច់​ត្រូវ​ថែរក្សា​ជា​ផលប្រយោជន៍​សម្រាប់​មនុស្ស​លើ​ពិភព​លោក។

រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ រវាង​ខ្មែរ​និង​ថៃ ចេះ​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​មុន​ឆ្នាំ​១៩៦២ មក​ទល់​សព្វថ្ងៃ​នេះ បើ​គិត​ទៅ​ប្រហែល​មួយ​រយ​ឆ្នាំ​ហើយ នៅ​តែ​ដោះ​ស្រាយ​មិន​ចប់។ ដោយ​សារ​តែ​រឿង​ប្រាសាទ​ព្រះវិហារ​នេះ សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត នៅ​ព្រំដែន នៅ​អំឡុង​ឆ្នាំ​២០០៨ បណ្ដាល​ឲ្យ​កង​ទាហាន និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់​អស់​ជាច្រើន​នាក់។

ចំណង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​គ្នា​ជា​ញឹក​ញាប់។ ក៏ប៉ុន្តែ នៅ​ពេល​នេះ​បាន​ប្រសើរ​ឡើង​វិញ​បន្តិច។

ត្រឡប់​ទៅ​រឿង​តាំង​ពិព័រណ៍​ប្រសាទ​ព្រះវិហារ​វិញ អ្នក​វិភាគ​ខ្លះ​ថ្លែង​ថា ការ​ធ្វើ​ពិព័រណ៍​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​ស្ថាន​ការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ហាក់​ដូច​ជា​ឲ្យ​សញ្ញា​ថា អាច​ចាប់​ផ្ដើម​តាន​តឹង​ឡើង​វិញ។ ព្រោះ​ថា ក្នុង​ពេល​ដែល​ភាគី​ទាំង​ពីរ​កំពុង​អង្គុយ​ចរចា​គ្នា​លើ​តុ​នៅ​ភ្នំពេញ ដើម្បី​បន្ត​បោះ​បង្គោល​កំណត់​ព្រំដែន​បញ្ចប់​ជម្លោះ​ដោយ​សន្តិភាព បែរ​ជា​មាន​សេចក្ដីរាយការណ៍​ថា ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​ក្បែរ​ប្រាសាទ​ព្រះវិហារ​ទៅ​វិញ។

ដំណឹង​នេះ ធ្វើ​ឲ្យ​ភាគី​កម្ពុជា​ភ្ញាក់​ផ្អើល និង​មិន​នឹក​ស្មាន​ថា រឿង​នេះ​អាច​កើត​ឡើង​ទៅ​បាន ដែល​ធ្វើ​ឲ្យ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ប្រញាប់​ប្រញាល់​សរសេរ​សំបុត្រ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១២។

អ្នក​វិភាគ​ខ្លះ​គិត​ថា គម្រោង​ពិព័រណ៍​ប្រាសាទ​ព្រះវិហារ​យ៉ាង​តក់​ក្រហល់​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​យោធា​ថៃ ដែល​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​គ្នា​ជាមួយ​ភាគី​កម្ពុជា។ តែ​លោក ផៃ ស៊ីផាន ប្រកាស​ថា មិន​ទាក់​ទង​ជា​មួយ​រឿង​នេះ​ទេ។

តែ​យ៉ាង​ណា​លោក​ថា ពិព័រណ៍​នោះ ខាង​អង្គភាព​កម្ចាត់​មីន​ស៊ី​ម៉ាក់ (CMAC) នឹង​ដាក់​តាំង​ពិព័រណ៍​គ្រាប់​កាំភ្លើង​ផ្លោង​របស់​ថៃ ដែល​មិន​ទាន់​ផ្ទុះ ដូច​ជា​គ្រាប់​បែក​សំណុំ ឬ​ក្លាសស្ទើ បម (Cluster bombs) ដែល​បាន​បាញ់​ស្រោច​មក​លើ​ប្រាសាទ​ព្រះវិហារ​កន្លង​ទៅ​នេះ ដើម្បី​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

After ICJ received our reported we should have beat his ass and tell them we have enought patiences.

Jul 07, 2012 07:33 PM

from me Suryavarman II Varman

ពី Khmer Empire Angkor

YOU ALL ARE LIVING IN KHMER EMPIRE LAND.SPLITING IT INTO 4 COUNTRIES NOWADAY AND THEN YOU ALL ARE TRYING TO BE THE OWNER OF THE LAND. FIGHTING AND DESTROY ALMOST COMPLETED AVERYWHERE,KING IS NOT KING,QUEEN IS NOT QUEEN .THEY ALL ARE FAKE, THE MOTHER OF KHMER EMPIRE’S NATURE WILL BE DESTROYING YOU ARE ALL BAD WILLING FOREVER.
THAT ME SURYAVARMAN II

Jul 07, 2012 08:05 AM