មណ្ឌល​បុប្ជាណា​ធ្វើ​ពិធី​តាំង​ពិព័រណ៍​រូប​គំនូរ​បង្ហាញ​ពី​របប​ខ្មែរ​ក្រហម

មន្រ្តី​គ្រប់គ្រង​ឯកសារ​នៅ​មណ្ឌល​បុប្ជាណា បាន​សហការ​ជាមួយ​អង្គការ មេត្តា House ធ្វើ​ពិព័រណ៍​ដាក់តាំង​រូប​គំនូរ​បង្ហាញ​ពី​របប​ខ្មែរ​ក្រហម ក្នុង​គោលបំណង​រំឮក​ឡើងវិញ​ពី​រូបភាព​នៃ​របប​កុម្មុយនីស្ត​មួយ​នេះ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​ដឹង ។

0:00 / 0:00

ក្រុម​វិចិត្រករ​ប្រមាណ​៤០​នាក់​បាន​នាំគ្នា​តាំង​រូបគំនូរ​ពាក់ព័ន្ធ​នឹង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម គឺ​ជា​សិល្បៈ​នៃ​ការរស់​ឡើងវិញ​ក្នុង​គោលបំណង​រំឮក​ការចងចាំ​ដល់​មនុស្ស​ជំនាន់​ក្រោយ ។

វិចិត្រករ ហែម សុផល ដែល​បាន​ឆ្លងកាត់​របប​ខ្មែរ​ក្រហម​បាន​អះអាង​ថា លោក​បាន​គូរ​គំនូរ​ពីរ​ផ្ទាំង គឺ​រូប ប៉ុល ពត អង្គុយ​លើ​គំនរ​ឆ្អឹង​ជន​រងគ្រោះ មក​ដាក់​តាំង​ដើម្បី​បញ្ជាក់​ថា របប​ខ្មែរ​ក្រហម​ពិត​ជា​បាន​សម្លាប់​មនុស្ស​រង្គាល​មែន ។

លោក ហែម សុផល បាន​ឲ្យ​ដឹង​ថា ៖ «គោលបំណង​ទី​១ គឺ​ខ្ញុំ​ចង់​ទាមទារ​ការកាត់ទោស​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​ស្លាប់​ទៅ ហើយ​បំណង​ទី​២ គឺ​ខ្ញុំ​ចង់​ដាស់​សតិ​អ្នក​ដែល​បាន​ឆ្លងកាត់​សម័យ ប៉ុល ពត ។ តាម​ខ្ញុំ​ដឹង​ទៅ​មាន​អ្នក​ខ្លះ​គាត់​ចង់​បំភ្លេច​ចោល គាត់​មិន​ចង់​យក​រឿង​នេះ​ទៅ​ប្រាប់​កូន​ចៅ ។ ត្រូវ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​ឮ​ទាំងអស់»

ចំណែកឯ​វិចិត្រករ​វ័យ​ក្មេង​ម្នាក់​ដែល​មិន​ធ្លាប់​ឆ្លងកាត់​របប​វាលពិឃាត កញ្ញា កន្និដ្ឋា បាន​គូរ​រូប​ស្ត្រី​បិទ​មាត់​មក​ដាក់​តាំង មាន​ន័យ​ថា​នៅ​របប​វាល​ពិឃាត​មិន​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការនិយាយស្តី​ឡើយ ។ នាង​បាន​បញ្ជាក់​ថា ថ្វីត្បិតតែ​នាង​មិន​ធ្លាប់​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ក៏​ពិត​មែន ប៉ុន្តែ​នាង​ជឿជាក់​តាមរយៈ​សាលាក្តី​ខ្មែរ​ក្រហម ។

ក្នុង​ចំណោម​រូប​គំនូរ​ទាំង​អស់​នោះ​មាន​រូប​គំនូរ​របស់​អតីត​អ្នក​គូរ​រូប​នៅ​សម័យ ប៉ុល ពត គឺ​លោក វណ្ណាត ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា លោក​យក​គំនូរ​ដែល ប៉ុល ពត បញ្ជូន​អ្នកទោស​ចូល​មន្ទីរ​ស-២១ មក​ដាក់​តាំង​នៅ​ក្នុង​មណ្ឌល​បុប្ផាណា ព្រោះ​រូប​នេះ​ជា​រឿង​ពិត​របស់​លោក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​មាន​បំណង​ចង់​បង្ហាញ​ពី​ការពិត​ដែល​កើតឡើង​ចំពោះ​រូប​លោក និង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ។

អ្នកស្រី ជុំ ណន ជា​អ្នក​គ្រប់គ្រង​ឯកសារ​នៅ​ក្នុង​មណ្ឌល​បុប្ជាណា ក្នុង​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​អ្នកស្រី​បាន​សហការ​ជាមួយ​នឹង​អង្គការ មេត្តា House ដាក់​តាំង​ពិព័រណ៍​នេះ មាន​វិចិត្រករ​មក​ពី​បី​ក្រុម គឺ​វិចិត្រករ​វ័យ​ចាស់​ដែល​ធ្លាប់​បាន​ឆ្លងកាត់​របប​ខ្មែរ​ក្រហម និង​វិចិត្រករ​ជំនាន់​ក្រោយ ព្រមទាំង​វិចិត្រករ​បរទេស​ដើម្បី​ឲ្យ​ពួក​គេ​បង្ហាញ​ពី​ការយល់ដឹង​របស់​ពួក​គេ​នូវ​របប​ខ្មែរ​ក្រហម​តាមរយៈ​រូប​គំនូរ​របស់​ពួក​គេ ។

អ្នកស្រី ជុំ ណន បាន​មាន​ប្រសាសន៍​ថា ៖ «ការតាំង​ពិព័រណ៍​វា​ជា​ជំនួប​មួយ​ដ៏​ធំ​បំផុត​សម្រាប់​វិចិត្រករ​មក​ពី​បី​ជ្រុង​ផ្សេង​គ្នា ។ ខ្មែរ​យើង​ហើយ​និង​បរទេស​មក​ជាមួយ​គ្នា ។ ខ្មែរ​យើង​ក្នុង​ហ្នឹង​មាន​វិចិត្រករ​ចាស់ៗ​ដែល​បាន​ឆ្លងកាត់​សម័យ​ខ្មែរ​ក្រហម វិចិត្រករ​ក្មេង​អត់​បាន​កើត​ក្នុង​សម័យ​ខ្មែរ​ក្រហម ប៉ុន្តែ​គាត់​បាន​ខំ​ប្រឹង​បញ្ចេញ​សមត្ថភាព​គូរ​ពី​សម័យ​នោះ​ដែរ តាមរយៈ​ការដឹង​ឮ​ផ្សេងៗ»

សូម​បញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​នេះ​ដែរ សាលាក្តី​ខ្មែរ​ក្រហម​ដែល​បាន​បង្កើត​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដើម្បី​កាត់ទោស​មេ​ដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​ចម្រូង​ចម្រាស​ជា​ច្រើន​បាន​កើត​ឡើង ដូច​ជា​បញ្ហា​ខ្វះ​ថវិកា បញ្ហា​មាន​អំពើ​ពុករលួយ​ក្នុង​ផ្នែក​រដ្ឋបាល​នៃ​សាលាក្តី​នេះ​ជាដើម ៕