បើរំឮកពីប្រវត្តិជំនួញដីនៅកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០ក្រោយពេលរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ មុខរបរនេះមិនសូវជាបានកាក់កបប៉ុន្មានទេ ។ ពេលនោះប្រជាពលរដ្ឋខ្លះមិនបានស្រវ៉ានិងប្រាថ្នាចង់បានដីមកធ្វើជាកម្មសិទ្ធិផង ទោះបីជារដ្ឋាភិបាលមានគោលនយោបាយវាស់ដីចែកជូនប្រជាពលរដ្ឋតាមចំនួនសមាជិកនៅក្នុងក្រុមគ្រួសារដោយមិនយកប្រាក់ក៏ដោយ ។
អ្នកវិភាគសេដ្ឋកិច្ចបានធ្វើការកត់សម្គាល់ថា នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ក្រោយការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មី កំណត់ត្រាឯកត្តកម្មថ្មីៗនៃតម្លៃដីចាប់ផ្តើមមានហាងឆេង និងកើនឡើងស្រឺតៗ ដោយសារមានអ្នកវិនិយោគផ្នែករោងចក្រកាត់ដេរមកបន្តុបទីតាំងនៅកម្ពុជា និងអ្នកវិនិយោគទុនដទៃទៀតដែលត្រូវការដីយ៉ាងច្រើនសម្បើមដើម្បីរក្សាលំនឹងផលិតកម្មរបស់ពួកគេ ។
ចរន្តនៃសាកលភាវូនីយកម្មវិសាលភាពនៃដីទំនេរនិងកំណើននៃប្រជាពលដ្ឋបានពន្លឿនតម្លៃដីនៅកម្ពុជាឲ្យកើនឡើងរហូតដល់អ្នកជំនាញខាងសេដ្ឋកិច្ចលាន់មាត់ថា ឡើងខ្ពស់រហ័សពេកហួសពីការគិតទុកទៅទៀត ។
សង្រ្គាមដណ្តើមដីចាប់ផ្តើមកើតឡើងឥតដាច់ព្រោះតែសេណារីយ៉ូនៃតម្លៃដីឡើងថ្លៃខ្ពស់ ។ អ្នកវិភាគខាងសេដ្ឋកិច្ច និងអ្នកមានបទពិសោធន៍ផ្នែកជំនួញដីធ្លីមានការឯកភាពគ្នាថា ស្ថានភាពនយោបាយនៅកម្ពុជាអាចមានឥទ្ធិពលដល់ជំនួញដី ។ អ្នកវិភាគអះអាងថា ទស្សនៈទាំងនេះមានហេតុផលនិងផ្អែកលើការពិតជាក់ស្តែង ។
លោក ស៊្រុន សភា អាយុ៤០ឆ្នាំ មានមុខរបរជាអាជីវករលក់ដីពុះឡូត៍និងមានដីលក់ជាច្រើនហិកតា នៅតំបន់បែកចានជាយក្រុងភ្នំពេញ បានឲ្យដឹងថា ដីឡើងថ្លៃពី ១០% ទៅ ២០% បើប្រៀបធៀបនឹងឆ្នាំមុន ។ បច្ចុប្បន្ននេះលោក ស៊្រុន សភា លក់ដីមួយម៉ែត្រការ៉េ ៥០ដុល្លារ ដែលលោកបញ្ជាក់ថា បានចំណេញបន្តិចបន្តួចលើតម្លៃដើម ហើយលោកក៏បានរំពឹងទុកផងដែរថា ក្រោយពេលបោះឆ្នោតដីអាចនឹងឡើងថ្លៃជាងនេះទៀត ។
លោក ស៊្រុន សភា បានឲ្យដឹងបន្ថែមថា កាលពីត្រីមាសទីមួយដីរបស់លោកលក់ដាច់ខ្លាំងណាស់ តែឈានចូលមកដល់ត្រីមាសទីពីរ គឺជិតដល់ពេលបោះឆ្នោត មិនសូវមានអតិថិជនដើររកទិញដីទេ ទោះបីជាលោកបានប្រកាសលក់ដីតាមកាសែត និងទស្សនាវដ្តីជាង២ខែមកហើយ តែដីលក់ដាច់បានត្រឹមតែជាង ១ហិកតាប៉ុណ្ណោះ ។ លោកយល់ថា ការអល់អែករបស់អតិថិជនអាចបណ្តាលមកពីឥទ្ធិពលនៃការបោះឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ខាងមុខនេះ ៖ «ប្រហែលជាគេចាំអ៊ុតឆ្នោតអីអ៊ីចឹង ចាំមើលគេបង្កើតរដ្ឋាភិបាលសិន ខ្ទង់អាចបោះឆ្នោតអីហើយ» ។
លោក សាំង ស៊ីរ៉េម ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន សយ គ្រូប ផ្តល់សេវាកម្មដីធ្លី បានឲ្យដឹងថា អតិថិជនរបស់លោកភាគច្រើនជាអ្នកវិនិយោគទុនធំៗ ចាប់ពី១លានដុល្លារឡើង ចង់បានដីនៅតំបន់ដែលអភិវឌ្ឍលឿនដូចជាក្រុងភ្នំពេញ ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប មិនមានការបារម្ភពីបញ្ហានៃការបោះឆ្នោតនៅកម្ពុជាទេ ។ លោកបានបង្ហាញពីការផ្គត់ផ្គង់សេវាកម្មនៅក្នុងក្រុមហ៊ុននេះថា នៅត្រីមាសទីមួយ និងត្រីមាសទីពីរ គឺកម្រិតនៃសេវាកម្មនៅខ្ពស់ដូចគ្នា ។
លោក សាំង ស៊ីរ៉េម បានមានប្រសាសន៍ថា ៖ «ហើយបើទាក់ទងនឹងការបោះឆ្នោតមួយទៀត ក៏វាអត់មានអីពាក់ព័ន្ធដែរ ព្រោះវិនិយោគិនគេមកកាន់តែច្រើន ដូចមិនមានការត្អូញត្អែរលើបញ្ហាហ្នឹងទេ» ។
លោក ស៊ាំង ស៊ីរ៉េម វិភាគថាដីនៅតែឡើងថ្លៃនៅតាមតំបន់ ហើយក៏មិនមានថ្ងៃចុះទាបវិញឡើយ ជាក់ស្តែងតំបន់ភ្នំពេញថ្មីនាជាយក្រុង កើនដល់ ៣០០ដុល្លារ ទៅ ៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ចំណែកដីតំបន់ឆ្នេរដែលអាចលក់បាន មានតម្លៃចាប់ពី ៦០០ដុល្លារ ទៅ ៧០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ។ លោកបានឲ្យដឹងថា តម្លៃនេះវាកើនឡើង ២ ទៅ ៣ដង ធៀបនឹងឆ្នាំមុន ។
លោក សុក ស៊ីណា អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យយល់ស្របថា ជំនួញដីធ្លីនៅក្នុងពេលបោះឆ្នោតអាចស្ថិតនៅនឹងថ្កល់ ទោះបីជាអ្នកវិភាគនយោបាយយល់ថា ស្ថានភាពនយោបាយនៅកម្ពុជាប្រាកដជាមិនបត់បែនខ្លាំង ។ លោកបានព្យាករណ៍ទុកថា តម្លៃដីអាចនឹងថយចុះ ប្រសិនបើរដ្ឋាភិបាលថ្មីមានគោលនយោបាយយកពន្ធលើដីទំនេរ ព្រោះម្ចាស់ដីដែលចង់រក្សាទុកដីច្រើន ត្រូវរលោះដីខ្លះដើម្បីគេចពីការបង់ពន្ធរាល់ឆ្នាំ ។
លោក សុក ស៊ីណា វិភាគថា ការយកពន្ធលើដីទំនេរអាចបង្កើនផលិតកម្មលើដីឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន ក្នុងគោលដៅដើម្បីរក្សាតុល្យភាពនៃការចំណាយដោយសារដី ។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានកត់សម្គាល់ថា ដីមួយភាគធំត្រូវបង្វែរទៅបម្រើឲ្យវិស័យកសិឧស្សាហកម្ម ហើយដីតម្លៃថោកទើបមានសក្តានុពលខ្លាំងសម្រាប់សេដ្ឋកិច្ច ចំណែកដីថ្លៃនឹងហុចផលជាអវិជ្ជមានចំពោះអត្រាកំណើននៃប្រជាពលរដ្ឋថ្មីៗ ។
លោក សុក ស៊ីណា បានឲ្យដឹងថា ៖ «ឈ្មួញកណ្ដាលដែលគាត់ទិញដីស្តុកទុកដើម្បីលក់ចេញ អាហ្នឹងគាត់អាចលក់ក្នុងតម្លៃមួយអាចថា ថោកជាងមុនក៏ថាបាន ។ ឧទាហរណ៍ដីស្រែ បើសិនជាគាត់មិនផលិតទេ គ្រាន់តែសម្រាប់លក់យកចំណេញទេ គាត់ត្រូវបង់ពន្ធរាល់ឆ្នាំ ព្រោះគាត់រកម៉ូយអត់ទាន់បាន គាត់ត្រូវបង់ពន្ធហើយខាត ។ អ្នកវិនិយោគ ឬអ្នកកាន់កាប់ដីហ្នឹងគាត់គិតថា គាត់ទុកដី ឬក៏បង្វិលដីចេញ ។ អ៊ីចឹងផ្អែកលើអាហ្នឹង យើងថាដីហ្នឹងត្រូវបានប្រើមានប្រសិទ្ធភាពជាងមុន» ។
លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជាយល់ថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរការយ៉ាងល្អ តែជាទម្លាប់ប្រជាពលរដ្ឋតែងតែរង់ចាំក្រោយបោះឆ្នោតទើបសម្រេចលក់ ឬទិញដី ។ លោកវិភាគថា ស្របពេលដែលការកម្ចីប្រាក់ពីធនាគារលើការទិញដីធ្លីត្រូវបានបង្ក ចរន្តនេះអាចធ្វើឲ្យជំនួញដីធ្លីស្ថិតនៅទ្រឹងសិន ។ លោក ចាន់ សុផល ឯកភាពថា ប្រសិនបើក្រោយការបោះឆ្នោត រដ្ឋាភិបាលថ្មីប្រកាសឲ្យយកពន្ធលើដីទំនេរ ដីអាចនឹងធ្លាក់ថ្លៃជាងនេះ ។
លោក ចាន់ សុផល បានបង្ហាញនូវជំហរវិជ្ជមានថា ដីថ្លៃអាចជួយបង្កើនឱកាសជូនប្រជាពលរដ្ឋក្រីក្រដែលមានតែដី ហើយការលក់ដីក៏ជំរុញឲ្យមានការបង្កើនផលិតកម្មដែរ ។ លោកបន្ថែមថា តម្លៃដីនៅកម្ពុជា អាចនឹងកាន់តែកើនឡើងទៀត ព្រោះតម្លៃដីនៅជនបទនៃប្រទេសកម្ពុជាសព្វថ្ងៃនៅតែមានតម្លៃទាបបើធៀបជាមួយនឹងប្រទេសជិតខាង ។
លោក ចាន់ សុផល បានមានប្រសាសន៍ថា ៖ «ហើយការលក់ដីធ្លីកន្លងមកនេះ ក៏វាជំរុញទៅដល់ការបង្កបង្កើនផលដែរ គឺអ្នកមានលទ្ធភាពមួយចំនួន គាត់ទិញដីហើយ គាត់ដាំជាកៅស៊ូ កន្លែងខ្លះគេដាំជាដំឡូងមី ដាំជាសណ្ដែក ពោត ហើយកន្លែងខ្លះ អ្នកភ្នំពេញទៅហ្នឹងក៏ទិញធ្វើជាស្រូវទៀត ដូចជុំវិញបឹងទន្លេសាប ដីទំនាបខ្លះ ដែលពីដើមមក គេទុកចោល គឺដោយសារខ្វះទុន អ្នកភ្នំពេញទៅ គេចំណាយ១០ម៉ឺនដុល្លារជាងអីទៅ លើកទំនប់អាងទឹកហើយ គេបង្កើតជាផលិតកម្មស្រូវរាប់រយហិកតា អ៊ីចឹងវាមានសកម្មភាពកើតឡើងច្រើនដែរ» ។
ទោះបីជាយ៉ាងណាអ្នកវិភាគជាច្រើនឯកភាពថា វាពិបាកនៅក្នុងការសន្មត់ពីការវិវត្តន៍ថ្មីៗក្រោយពេលបោះឆ្នោត ថាជាជំហានមួយវិជ្ជមាន ឬអវិជ្ជមានចំពោះតម្លៃដីនៅកម្ពុជានោះ ? សូមបញ្ជាក់ថា ការយកពន្ធលើដីទំនេរ មានរូបរាងជាបទបញ្ជារួចរាល់ហើយ រង់ចាំតែសារាចរណ៍ណែនាំប្រកាសឲ្យអនុវត្តតែប៉ុណ្ណោះ ៕
