គ្រូ​បង្រៀន​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​កាត់​ប្រាក់​ខែ​បន្ថែម​ម៉ោង​នៅ​ខេត្ត​ព្រះសីហនុ

លោកគ្រូ អ្នកគ្រូ​បង្រៀន ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​កាត់​ប្រាក់​ខែ​បន្ថែម​ម៉ោង​របស់​ពួក​គាត់។ ម្យ៉ាង​ទៀត លោកគ្រូ អ្នកគ្រូ​ទាំង​នោះ ងឿងឆ្ងល់​ថា តើ​ប្រាក់​ខែ​របស់​ពួក​គាត់​ដែល​ត្រូវ​អនុប្រធាន​ការិយាល័យ​កាត់​នោះ គេ​យក​ទៅ​ធ្វើ​អ្វី?
ដោយ វិជ័យ អានន្ទ
2012-08-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោកគ្រូ អ្នកគ្រូ អះអាង​ថា អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កំពង់សីលា លោក ឡុង គឹមផា សុំ​ឲ្យ​លោកគ្រូ អ្នកគ្រូ ដែល​មាន​ថ្នាក់​បង្រៀន​ពីរ​វេន​កាត់​ប្រាក់​ខែ​មួយ​ខែ​ដំបូង​ឲ្យ​មន្ទីរ​អប់រំ​ខេត្ត។

លោកគ្រូ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា ចំពោះ​ការ​កាត់​ប្រាក់​ខែ​នោះ អនុប្រធាន​ការិយាល័យ​ស្រុក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់ ថា​តើ​ការ​កាត់​ប្រាក់​ខែ​របស់​លោកគ្រូ អ្នកគ្រូ​នេះ យក​ទៅ​ធ្វើ​អ្វី​នោះ​ឡើយ។

លោក​អះអាង​បន្ត​ថា លោក គឹមផា បាន​ចុះ​ដល់​សាលា​រៀន ថ្នាក់​បឋម​សិក្សា ហើយ​សុំ​ឲ្យ​នាយក​សាលា​នីមួយៗ​ស៊ីញេ​យល់​ព្រម​ចំពោះ​ការ​កាត់​ប្រាក់​ខែ​នោះ៖ «គាត់​អ្នក​ដើរ​តាម​សាលា​រៀន​ឲ្យ​នាយក​គ្រប់​នាយក​សាលា​ខ្លះ ចុះ​ហត្ថលេខា​ឲ្យ​គាត់​ឲ្យ​ប្រាក់​ខែ​គ្រូៗ​ម្នាក់​មួយ​ខែ។ ការ​បង្រៀន​ពីរ​ពេល​ហ្នឹង បង្រៀន​ព្រឹក​ផង ល្ងាច​ផង ដូច​ថា​បើ​យើង​បង្រៀន​ព្រឹក អាហ្នឹង​បោះ​រដ្ឋ​ទេ បើ​យើង​បង្រៀន​ល្ងាច អាហ្នឹង​ស៊ី​ប្រាក់​ខែ។ ខ្វះ​គ្រូ​បង្រៀន ដល់​ពេល​អ៊ីចឹង​ទៅ ខ្វះ​គ្រូ​បង្រៀន ប្រាក់​ខែ​ហ្នឹង​មួយ​ឆ្នាំ ឬ​១០​ខែ​ទើប​បើក​ម្ដង»

លោកគ្រូ​រូប​នោះ​ឲ្យ​ដឹង​បន្ត​ថា មាន​លោកគ្រូ​បង្រៀន​ជាច្រើន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក ដែល​សុំ​ឲ្យ​គ្រូ​កាត់​ប្រាក់​ខែ​របស់​ពួក​គាត់​ឲ្យ​ទៅ​មន្ទីរ​អប់រំ​ខេត្ត​នោះ។

ស្រប​គ្នា​នេះ​ដែរ អ្នកគ្រូ​ម្នាក់​ទៀត នៅ​ស្រុក​កំពង់សីលា ដែរ ឲ្យ​ដឹង​ថា នាង​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ការ​កាត់​ប្រាក់​ខែ​ដែល​ជា​ញើស​ឈាម​របស់​នាង ប៉ុន្តែ​នាង​មិន​ហ៊ាន​និយាយ បើ​និយាយ​ទៅ​ខ្លាច​ថ្នាក់​លើ​គេ​រក​រឿង និង​បញ្ឈប់​នាង​លែង​ឲ្យ​ថ្នាក់​បង្រៀន​ពីរ​ពេល​បន្ត​ទៀត៖ «ដឹង​ថា​គេ​សុំ​ក៏​នាំ​គ្នា​ឲ្យ​គេ​ទៅ ព្រោះ​បើ​យើង​មិន​ឲ្យ​គេ ខ្លាច​គេ​មិន​ឲ្យ​លុយ​ពេល ដូច្នេះ​ចេះ​តែ​ឲ្យ​គេ​ទៅ»

ប្រហាក់​ប្រហែល​គ្នា​នេះ អ្នកគ្រូ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា បន្ទាប់​ពី​ដឹង​ថា​ប្រាក់​ខែ​របស់​ខ្លួន​ត្រូវ​គេ​កាត់​ដោយ​ឥត​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​បែប​នេះ នាង​ហាក់​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដែរ តែ​នាង​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ឡើយ ព្រោះ​លោកគ្រូ អ្នកគ្រូ​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​គេ​កាត់​ប្រាក់​ខែ​គ្រប់ៗ​គ្នា៖ «ពេល​គេ​មក​សុំ​ហ្នឹង រាង​អត់​ចិត្ត​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច បើ​គេ​មក​សុំ​គ្រប់​គ្នា ហើយ​គេ​ឲ្យ​គ្រប់​គ្នា ព្រោះ​អី​នាយក​ខ្ញុំ​ពេល​គេ​ចុះ​មក គាត់​ក៏​ឲ្យ​ខ្ញុំ​ទៅ​ស្ដាប់​ដែរ ព្រោះ​គាត់​ខ្លាច​ពួក​ខ្ញុំ​ថា គាត់​កិបកេង​អ៊ីចឹង តែ​តាម​ពិត​ខាង​ការិយាល័យ​អ្នក​យក»

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ឡុង គឹមផា បាន​ទេ នៅ​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១២ នេះ ដោយ​លោក​ប្រាប់​ថា បើ​សិន​ចង់​ដឹង​ពី​បញ្ហា​នេះ សុំ​ទាក់ទង​ទៅ​មេ​របស់​លោក គឺ​លោក ទៅ ថន៖ «ព្រោះ​ខ្ញុំ​អត់​ដឹង​ដែរ​ទេ​រឿង​ហ្នឹង បើ​ចង់​ដឹង​ទៅ​សួរ​មេ​ខ្ញុំ​ទៅ មេ​ខ្ញុំ​បាន​ដឹង»

យ៉ាង​នេះ​ក្ដី ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ព្រះសីហនុ លោក កែវ ឡាយ បដិសេធ​ថា មន្ទីរ​អប់រំ​ខេត្ត​គ្មាន​គោលការណ៍​ណា​មួយ​អនុញ្ញាត​មន្ត្រី​ការិយាល័យ​ស្រុក​កាត់​ប្រាក់​ខែ​របស់​លោកគ្រូ អ្នកគ្រូ នោះ​ឡើយ។

លោក​បញ្ជាក់​ថា បើ​សិន​ករណី​នោះ​កើត​ឡើង​មែន លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដាក់​ពិន័យ​លើ​មន្ត្រី​រូប​នោះ៖ «ខ្ញុំ​នឹង​ធ្វើ​ការ​រឿង​ហ្នឹង​ឲ្យ បើ​សិន​រឿង​ហ្នឹង​ជា​រឿង​ពិត ពីព្រោះ​មន្ទីរ​អត់​មាន​រឿង​អី​ទៅ​កាត់​ប្រាក់​ខែ​គ្រូ​នោះ​ទេ។ ព្រោះ​ខ្ញុំ​យល់​ណាស់​ពី​ជីវភាព​របស់​គ្រូ​បង្រៀន អ៊ីចឹង​បញ្ហា​របស់​គាត់​ត្រូវ​បើក​ឲ្យ​គាត់​ឲ្យ​ពេញ​លេញ»

បញ្ហា​ខ្វះ​គ្រូ​បង្រៀន នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ តម្រូវ​ឲ្យ​មាន​គ្រូ​បង្រៀន​បន្ថែម​ម៉ោង ហើយ​ការ​បន្ថែម​ម៉ោង​នេះ ត្រូវ​ក្រសួង​គិត​ប្រាក់​ខែ​បន្ថែម​ដល់​លោកគ្រូ អ្នកគ្រូ ទាំង​នោះ ប៉ុន្តែ​ប្រាក់​ខែ​បន្ថែម​ម៉ោង​នោះ ត្រូវ​បើក​ក្នុង​រយៈពេល​១០​ខែ​ម្ដង។

កន្លង​មក ការ​កាត់​ប្រាក់​ខែ​បន្ថែម​ម៉ោង​គឺ​គេ​កាត់​ត្រឹម​១០%​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ខែ​នេះ អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក បាន​ឲ្យ​គ្រូ​បង្រៀន​ទាំង​នោះ​កាត់​ប្រាក់​ខែ​មួយ​ខែ​ឲ្យ​ដល់​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

So Thy

ពី ប ជ

ខំស៊ីដើម្បីរស់ ព្រោះខ្វះលុយចូល karaoke

Aug 24, 2012 04:24 AM

សិត សំបុក

គាតប្រាក់ខែតិចហើយ កាត់ពីគាតទៀតហូបមិនឆ្អែតទេ ពិតជាពូកវាខ្វះលុយចាក់ប្រេងទ្បានហើយ។

Aug 15, 2012 02:32 AM

អ្នក​អាន​អនាមិក

ពី phnom penh

ពួកគាតដីងថាលោកគ្រូអ្នកគ្រូមិន គាមទ្រលោកហ៊ុនសែន ធ្វើនេះធ្វើអោយកូនខ្មែរកានតែល្ងងទៅៗ ក្រុមន្ត្រីថ្នាកលើមិន ធ្វើការងារខំចាយលុយបំផ្លាញ់ជាតិ។

Aug 15, 2012 02:19 AM

Sitha

ពី Phnom Penh

ការកាត់ប្រាក់របស់គ្រូបង្រៀន មិនមែនមានតែនៅក្រុងកំពង់សិលា​នោះទេ គឺមានគ្រប់ទីកន្លែង។ ប្រាក់បៀវត្សរបស់មន្ត្រីរដ្ឋាភិបាលនៅមានកំរិតទាប ហេតុនេះចង់រឺមិនចង់មន្ត្រីដែលធ្វើការត្រូវចេះស្វែងរក ខ្លួនឯងបន្ថែម ទើបអាចរស់នៅចិញ្ចឹមកូនប្រពន្ធបានស្រួល ង ហើយមន្ត្រីអស់នោះត្រូវខិតខំរក សំរាប់ផ្គត់ផ្គន់ ថ្នាក់លើគេផង ដើម្បីរក្សាតំណែង របស់គេផង ។
ជាទូទៅនៅស្រុកខ្មែរ អោយតែរឿងបើកប្រាក់ ក្នុងការងាររដ្ឋ គឺតែងតែមានការកាត់ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។គ្រប់ស្ថាប័ន!!!

Aug 14, 2012 09:38 PM

អ្នក​អាន​អនាមិក

ពី Long Beach, USA

Folks- Please join the Democratic Movement to save the country-Take action= Vote for changes. Stop complaining!

Aug 14, 2012 09:33 PM

មើល​មតិ​ទាំង​អស់.