គម្រោង​ដាំ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជាប់​បឹង​ទន្លេសាប

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ អភិរក្ស​ធនធាន​ធម្មជាតិ​ព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប និង​មាន​គម្រោង​ដាំ​ដើម​ឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក ដែល​បាត់​បង់​នោះ​ឡើង​វិញ។
ដោយ សេក បណ្ឌិត
2012-06-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បឹង​ទន្លេ​សាប ៣០៥
ព្រៃ​លិច​ទឹក​នៅ​ក្នុង​បឹង​ទន្លេ​សាប
RFA/Hang Savyouth

អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) មាន​គម្រោង​ដាំ​ដើម​ឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ឡើង​វិញ នៅ​តំបន់​ជាប់​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ធំ ចំនួន ១៥​ហិកតារ​បន្ថែម​ទៀត នៅ​ឆ្នាំ​២០១២ នេះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឱម សាវ៉ាត មាន​ប្រសាសន៍​ថា ជា​ជំហាន​ដំបូង នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១២ គេ​មាន​គម្រោង​ដាំ​ប្រមាណ ៦​ហិកតារ​ជា​មុន​សិន បន្ទាប់​មក​នឹង​មាន​កម្មវិធី​ដាំ​ជា​បន្ត​បន្ទាប់​ទៀត ឲ្យ​គ្រប់​ចំនួន ១៥​ហិកតារ​តាម​ផែន​ការ​ដែល​បាន​កំណត់។

ប្រធាន​សហគមន៍ ឃុំ​កំពង់ភ្លុក ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ លោក ទុយ យ៉ុង លោក​មាន​ប្រសាសន៍​ថា ជា​ការ​ចាំ​បាច់​ណាស់ ចំពោះ​គម្រោង​ដាំ​ព្រៃ​លិច​ទឹក​ឡើង​វិញ​នេះ។ ពី​ព្រោះ​ព្រៃ​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជម្រក​ត្រី​ពង​កូន សម្រាប់​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ជីវចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ផ្សេងៗ​ទៀត ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​លើ​វិស័យ​ជលផល។

លោក​បន្ត​ថា ព្រៃ​លិច​ទឹក​កន្លង​មក បាន​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​ដោយ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច ដែល​ជួល​ប្រជាពលរដ្ឋ​ឲ្យ​មក​កាប់​បំផ្លាញ ដើម្បី​យក​ដី​ធ្វើ​ស្រែ និង​ធ្វើ​អាង​ស្តុក​ទឹក​នៅ​ចន្លោះ​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ក៏​នៅ​មាន​ករណី​បែប​នេះ​កើត​មាន​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​មាន​ការ​ថយ​ចុះ​ជាង​មុន​ខ្លះ។

លោក​បន្ត​ថា ស្រប​ពេល​គ្នា​នេះ​ដែរ សហគមន៍​ក៏​មាន​គម្រោង​ដាំ​កូន​ឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក ចំនួន ១៤.០០០​កូន​ដែរ នៅ​ឆ្នាំ​២០១២ នេះ ហើយ​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ សហគមន៍​លោក​ធ្លាប់​បាន​ដាំ​កូន​ឈើ​បាន​ចំនួន ១៤.០០០​កូន​រួច​មក​ហើយ នៅ​តំបន់ ៣​ជុំ​វិញ​បឹង​ទន្លេសាប។

ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ខូច​ខាត ឬ​បាត់​បង់ ហើយ​ចាំ​បាច់​ត្រូវ​ដាំ​ឡើង​វិញ នៅ​ខេត្ត​កំពង់ធំ មាន​ទំហំ​ប្រមាណ​ជា ៣​ពាន់​ហិកតារ។

លោក ឱម សាវ៉ាត បាន​ឲ្យ​ដឹង​ដែរ​ថា ព្រៃ​លិច​ទឹក​នៅ​តំបន់​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប បាន​បាត់​បង់ ឬ​រង​ការ​បំផ្លាញ​នៅ​ចន្លោះ​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១០ មាន​ប្រមាណ​ពី ៧​ពាន់ ទៅ​ដល់​ជិត ១​ម៉ឺន​ហិកតារ។

មន្ត្រី​អភិរក្ស​ធនធាន​ជលផល​នៃ​រដ្ឋបាល​ជលផល​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ទឹម សាវុធ មាន​ប្រសាសន៍​ពន្យល់​ថា ព្រៃ​លិច​ទឹក​មាន​សារៈ​ប្រយោជន៍​ច្រើន​យ៉ាង ជា​ពិសេស​ពាក់​ព័ន្ធ​ដល់​ការ​អភិវឌ្ឍ​ធនធាន​ជលផល និង​វារិ​សត្វ​ទាំង​ឡាយ ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ជីវចម្រុះ​សម្រាប់​ជា​ចំណី​ត្រី​ធម្មជាតិ ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ការ​រស់​នៅ និង​ជា​ជម្រក​ត្រី​ពង​កូន ព្រម​ទាំង​មាន​សារៈសំខាន់​ជា​ច្រើន​ផ្សេងៗ​ទៀត។

លោក​បន្ត​ថា ការ​បាត់​បង់​ចំនួន​ព្រៃ​លិច​ទឹក គឺ​ជា​ការ​បាត់​បង់​នូវ​ចំនួន​ធនធាន​ជលផល​ទៅ​តាម​នោះ​ដែរ។

ព្រៃ​លិច​ទឹក​ភាគ​ច្រើន គេ​ឃើញ​មាន​នៅ​ជុំវិញ​បឹង​ទន្លេសាប។ អាជ្ញាធរ​បឹង​ទន្លេសាប និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ចុង​ឆ្នាំ​២០១០ កន្លង​ទៅ បាន​រួម​គ្នា​កំណត់​ព្រំដែន ឬ​ទំហំ​ព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប​មាន​ជាង ៦០​ម៉ឺន​ហិកតារ។

តំបន់​នេះ​ត្រូវ​កំណត់​ដោយ​ច្បាប់ ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​ឡាយ ចូល​រួម​ថែ​រក្សា​ព្រម​ទាំង​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បំផ្លាញ​ជា​ដាច់​ខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល