ការយល់ព្រមរបស់កម្មករ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរឲ្យមានការជួបចរចាគ្នារវាងតំណាងកម្មករជាមួយថៅកែរោងចក្រ និងមានការយល់ព្រមទទួលយកចំណុចសេសសល់មួយចំនួនបន្ថែមទៀតក្នុងចំណោមចំណុចសេសសល់ទាំង៥ ពីថៅកែរោងចក្រ។
មន្ត្រីច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក សាន សុផា អះអាងនៅថ្ងៃទី២៤ កក្កដា ថា ថៅកែរោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ យល់ព្រមទទួលលក្ខខណ្ឌទាមទារថ្មីមួយទៀតរបស់កម្មករ ក្នុងចំណោមលក្ខខណ្ឌសេសសល់ទាំង៥ចំណុច។
លោកបន្តថា លក្ខខណ្ឌថ្មីដែលថៅកែរោងចក្រយល់ព្រមអនុវត្តនេះ ជាលក្ខខណ្ឌដ៏សំខាន់សម្រាប់កម្មករ ព្រោះកន្លងមកថៅកែរោងចក្រតែងប្រើលក្ខខណ្ឌនេះ ដើម្បីបង្ខំកម្មករឲ្យថែមម៉ោង ដោយគ្មានការយល់ព្រមពីកម្មករនោះឡើយ តែបន្ទាប់ពីមានការជួបចរចាគ្នា ភាគីរោងចក្រយល់ព្រមឲ្យកម្មករធ្វើការបន្ថែមម៉ោង ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ រីឯលក្ខខណ្ឌទាមទារសេសសល់ចំនួន ៤ចំណុចទៀត នឹងទាមទារឲ្យមានការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាបន្តទៀត។
លោក សាន សុផា៖ «យើងនឹងព្យាយាមពន្យល់បងប្អូនឲ្យផ្អាកការធ្វើកូដកម្មបណ្ដោះអាសន្នសិន ចូលធ្វើការរង់ចាំនីតិវិធីបន្ត នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ពីព្រោះថា ទីមួយ បើយើងបន្តទៅទៀត យើងនឹងមានការខាតបង់ច្រើន។ យើងក៏ខាតបង់ច្រើន ក្រុមហ៊ុនក៏ខាតបង់ច្រើន ទីមួយ។ ទីពីរ បើសិនយើងបន្តទៅទៀត កម្មករធ្វើបាតុកម្មដើម្បីបិទផ្លូវ នៅប្រលានយន្តហោះ ឬទៅក្រសួង ឬប្រើអំពើហិង្សាណាមួយជាមួយរោងចក្រ អីចឹងដើម្បីបន្ថយស្ថានការណ៍ទៅធ្ងន់ ដើម្បីបញ្ចៀសបញ្ហា ខ្ញុំតំណាងឲ្យសហជីព ស៊ីខៅឌូ យើងខ្ញុំនឹងព្យាយាមពន្យល់បងប្អូនផ្អាកការធ្វើកូដកម្មបណ្ដោះអាសន្ន រង់ចាំចប់នីតិវិធី»។
លោក សាន សុផា បញ្ជាក់បន្ថែមថា លក្ខខណ្ឌសេសសល់បួនចំណុចនោះ រួមមានការទូទាត់ប្រាក់បំណាច់ឆ្នាំ ដោយយកប្រាក់ឈ្នួលមធ្យមភាគសរុប ១២ខែ មកគិតជំនួសឲ្យការយកប្រាក់ខែគោលមកគិត។ ការទូទាត់ប្រាក់លំហែមាតុភាព ដោយយកប្រាក់ឈ្នួលមធ្យមភាគសរុប ១២ខែ មកគិត។ ការសុំឲ្យផ្ដល់អាហារ ៣ពេល ក្នុង១ថ្ងៃដល់កម្មករ កម្មការិនី ឬប្រាក់៣ដុល្លារក្នុងម្នាក់។ ការផ្ដល់ប្រាក់ថ្លៃទឹកដោះគោចំនួន ២០ដុល្លារក្នុង១ខែ សម្រាប់ទារករហូតទារកមានអាយុ១៨ខែ។
ទាក់ទងនឹងករណីនេះដែរ តំណាងកម្មកររោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ កម្មការិនី ញឹក ដានី អះអាងថា ការយល់ព្រមរបស់កម្មករឈប់ធ្វើកូដកម្មនេះ គឺជាការផ្អាកបណ្ដោះអាសន្ន រង់ចាំមើលដំណោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល តែនាងព្រមានថានឹងធ្វើកូដកម្មម្ដងទៀត បើសិនដំណោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលមិនបង្ហាញពីភាពយុត្តិធម៌ សម្រាប់កម្មករទេនោះ៖ «សម្រេចថា ចូលធ្វើការសិន តែសំណុំរឿងបួនចំណុចហ្នឹង ចាំឲ្យខាងលើគេដោះស្រាយ ដោះស្រាយម៉េចៗកម្មករនឹងធ្វើការរហូត ប៉ុន្តែបើសិនអត់បានទេ កម្មករនឹងធ្វើកូដកម្មបន្តទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងរោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ ដែលបានចូលជួបចរចាជាមួយតំណាងកម្មករ និងសហជីព ឲ្យអធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៤ កក្កដា នេះ។
កម្មកររោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ ធ្វើកូដកម្មចាប់ពីថ្ងៃទី១៨ កក្កដា។ ក្រោយពីធ្វើកូដកម្មអស់ជាច្រើនថ្ងៃ ថៅកែរោងចក្រនៅតែមិនព្រមចេញមកជួបតំណាងកម្មករ និងសហជីព ដើម្បីរកដំណោះស្រាយ ដូច្នេះកម្មករទាំងនោះក៏សម្រេចដង្ហែក្បួនចេញមកធ្វើកូដកម្មប៉ុនប៉ងបិទផ្លូវមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ តែសកម្មភាពនោះត្រូវផ្អាកទៅវិញ បន្ទាប់ពីមានការចុះរារាំងដោយកងកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ១០០នាក់ និងសម្របសម្រួលឲ្យត្រឡប់ទៅធ្វើកូដកម្មនៅមុខរោងចក្រវិញ រង់ចាំការជួបដោះស្រាយរវាងថៅកែរោងចក្រ និងតំណាងកម្មករ និងសហជីព។
នៅថ្ងៃទី២៤ កក្កដា ថៅកែរោងចក្រ ហ្គូលឌិន ហ្គេន ស៊ូ ព្រមទទួលអនុវត្តលក្ខខណ្ឌទាមទារថ្មីបន្ថែម ក្នុងលក្ខខណ្ឌទាមទារសេសសល់ទាំង៥ចំណុច បន្ទាប់ពីមានការជួបចរចាគ្នាអស់ជាច្រើនម៉ោង ហើយកម្មករព្រមទទួលយកដំណោះស្រាយនោះជាបណ្ដោះអាសន្ន និងត្រឡប់ចូលធ្វើការវិញនៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។