កសិករ​ខេត្ត​ពោធិ៍សាត់​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​របស់​ក្រសួង​កសិកម្ម

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​២ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម និង​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សហគមន៍​កសិកម្ម ដែល​កំពុង​ក្លាយ​ជា​ក្ដី​កង្វល់​ចំពោះ​ប្រជា​កសិករ​កម្ពុជា។
ដោយ មណ្ឌល កែវ
2012-09-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពិគ្រោះ​យោបល់​ដី​កសិកម្ម ៣០៥
លោក ជា សុភ័ក្ត្រ សមាជិក​ក្រុមប្រឹក្សាភិបាល​បណ្ដាញ​ពហុ​វិស័យ កំពុង​សម្រប​សម្រួល​ក្នុង​ការ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​នៃ​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម និង​សហគមន៍​កសិកម្ម​របស់​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Mondul keo

តំណាង​កសិករ​ក្នុង​ខេត្ត​ពោធិ៍សាត់ ប្រមាណ​៥០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​២ ដែល​ក្រសួង​កសិកម្ម​បាន​តាក់​តែង​ឡើង កាល​ពី​ចុង​ឆ្នាំ​២០១១។

មន្ត្រី​នៃ​បណ្ដាញ​ពហុ​វិស័យ គឺ​លោក ជា សុភ័ក្ត្រ បាន​ឲ្យ​ដឹង​ថា នា​ពេល​ខាង​មុខ​នេះ​រាជ​រដ្ឋាភិបាល ពិសេស​គឺ​ក្រសួង​កសិកម្ម នឹង​ចេញ​ច្បាប់​២ ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រជា​កសិករ។ ហេតុ​នេះ​ហើយ ទើប​បណ្ដាញ​ពហុ​វិស័យ​ក្នុង​នាម​ជា​តំណាង​ឲ្យ​ប្រជា​កសិករ បង្កើត​ឲ្យ​មាន​កម្មវិធី​ពិគ្រោះ​យោបល់​ជាមួយ​កសិករ ដើម្បី​ពិនិត្យ​មើល​ថា តើ​ច្បាប់​ទាំង​២​នេះ មាន​វិសាលភាព​គ្រប​ដណ្ដប់ និង​ប៉ះពាល់​យ៉ាង​ណា​ខ្លះ​ដល់​ប្រជា​កសិករ។

លោក​ថា នៅ​ពេល​រក​ឃើញ​មាន​ផល​ប៉ះពាល់​នោះ បណ្ដាញ​ពហុ​វិស័យ​នឹង​យក​យោបល់​នេះ​ទៅ​ពិគ្រោះ​ជាមួយ​ក្រសួង​កសិកម្ម ដើម្បី​ស្នើ​សុំ​ការ​កែប្រែ​នូវ​ចំណុច​ប៉ះពាល់​ទាំង​នោះ៖ «អ៊ីចឹង យើង​ពិនិត្យ​មើល​ថា តើ​មាន​ផល​ប៉ះពាល់​អី​ខ្លះ ចំពោះ​វិសាលភាព​នៃ​ច្បាប់​ហ្នឹង​មក​លើ​ក្រុម​កសិករ។ នៅ​ពេល​ដែល​យើង​រក​ឃើញ​ចំណុច​ពិសេសៗ ឬ​ចំណុច​ដែល​ជា​បញ្ហា​ប៉ះពាល់ ពួក​យើង​នឹង​ធ្វើ​សំណើ​ទៅ​ក្រសួង ឬ​ក៏​ពេល​ក្រសួង​មាន​ការ​ពិគ្រោះ​ថ្នាក់​ជាតិ យើង​នឹង​នាំ​មតិ​យោបល់​ផ្ទាល់​ពី​បង​ប្អូន​កសិករ​ហ្នឹង ជូន​ទៅ​ក្រសួង ដើម្បី​ធ្វើ​ការ​ពិចារណា ឬ​ក៏​ថ្លឹងថ្លែង​ទៅ​លើ​ផល​ប៉ះពាល់​ទាំង​ឡាយ​នោះ»

ដោយ​មាន​ការ​សម្រប​សម្រួល​ពី​មន្ត្រី នៃ​បណ្ដាញ​ពហុ​វិស័យ ប្រជា​កសិករ​ភាគ​ច្រើន​យល់​ឃើញ​ថា មាត្រា​ខ្លះ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​កសិករ​ក្នុង​ការ​បង្កើត​សមាគម និង​ម្យ៉ាង​ទៀត ពួក​គាត់​ត្រូវ​ជាប់​កាតព្វកិច្ច​នានា​ជាច្រើន​ទៀត ដែល​ប្រជា​កសិករ​ខ្មែរ​មិន​អាច​រ៉ាប់រង​បាន ដោយ​ការ​យល់​ដឹង​របស់​ពួក​គាត់​នៅ​មាន​កម្រិត។ ម្យ៉ាង​ទៀត ការ​កំណត់​ទោស​ព្រហ្មទណ្ឌ ដោយ​គ្រាន់​តែ​កសិករ​ខក​ខាន​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ខ្លះ​ក្នុង​ច្បាប់ ហាក់​មាន​ភាព​ធ្ងន់ធ្ងរ ដែល​កសិករ​មិន​អាច​ទទួល​យក​បាន។

លោក សួង សារ៉ាត់ ជា​ប្រជា​កសិករ​ភូមិ​ផ្សារលើ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ លោក​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ពិគ្រោះ​យោបល់​គ្នា​អស់​ជាច្រើន​ម៉ោង កសិករ​ភាគ​ច្រើន​យល់​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​២ ដែល​ក្រសួង​កសិកម្ម​កំពុង​រៀបចំ​ឡើង​ក្នុង​បំណង​ធានា​ឲ្យ​បាន​នូវ​ការ​គ្រប់គ្រង​ដី​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព និង​ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ក្របខណ្ឌ​នៃ​ប្រព័ន្ធ​ផលិតកម្ម កសិកម្ម មាន​ចំណុច​ជាច្រើន​ដែល​ប្រជា​កសិករ​មិន​អាច​ទទួល​យក​បាន៖ «ទាក់​ទង​នឹង​ការ​បង្កើត​ច្បាប់​នេះ យើង​ឃើញ​ថា មាន​មាត្រា​ខ្លះ​អាច​ទទួល​យក​បាន តែ​ក៏​មាន​មាត្រា​ខ្លះ យើង​មិន​អាច​ទទួល​យក​បាន​ទេ។ យើង​គិត​ថា យើង​ទាម​ទារ​ឲ្យ​មាន​ការ​កែប្រែ​មាត្រា​ខ្លះៗ ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ទាំង​អស់​គ្នា ទាំង​រដ្ឋាភិបាល និង​ទាំង​ប្រជាពលរដ្ឋ​ផង»

យ៉ាង​នេះ​ក្ដី ការ​ពិគ្រោះ​យោបល់​នេះ​ក៏​មាន​ការ​គាំទ្រ​ចំពោះ​មាត្រា​ជាច្រើន ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ទាំង​២ ដែល​រួម​មាន​មាត្រា​ទាំង​ឡាយ​ក្នុង​ជំពូក​ទី៦ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ដី​កសិកម្ម។ ច្បាប់​នេះ​បាន​គាំទ្រ​ឲ្យ​មាន​ការ​រក្សា​នូវ​ដី​ស្រែ និង​ចម្ការ​វិល​ជុំ ដែល​ជា​ប្រភេទ​កសិកម្ម​ពនេចរ នៃ​ជនជាតិ​ដើម​ភាគ​តិច​ជាដើម។

បណ្ដាញ​ពហុ​វិស័យ គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាន​ធ្វើ​សកម្មភាព​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ផ្ដោត​លើ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​តស៊ូ​មតិ​លើ​គ្រប់​វិស័យ រួម​មាន​វិស័យ​ជលផល វិស័យ​កសិកម្ម និង​សេវាកម្ម​ផ្សេងៗ។ បណ្ដាញ​ពហុ​វិស័យ​ធ្លាប់​មាន​ជោគជ័យ​ក្នុង​ការ​ជំរុញ​ការ​តស៊ូ​មតិ​ក្នុង​វិស័យ​សេវាកម្ម​នា​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល