ក្រសួង​កសិកម្ម​រំពឹង​ថា​កសិករ​នឹង​ផលិត​ស្រូវ​បាន​ជាង​៨​លាន​តោន​នៅ​ឆ្នាំ​២០១២

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រំពឹង​ថា កសិករ​ខ្មែរ​នឹង​ផលិត​ស្រូវ​បាន​ចំនួន​ជាង ៨​លាន​តោន ឬ​លើស​ជាង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។
ដោយ សុខ សេរី
2012-06-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កសិកម្ម កណ្ដាល ៣០៥
៣-សីហា-២០១០៖ កសិករ​ស្ទូង​ស្រូវ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។
RFA/Vohar Cheath

ការ​រំពឹង​ទុក​នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​២០១២។ កសិករ​ភាគ​ច្រើន​បាន​ចាប់​ផ្ដើម​ភ្ជួរ​រាស់ និង​ដាំ​ដុះ​ស្រូវ​បាន​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១២ ថា រហូត​មក​ដល់​ពេល​នេះ កសិករ​ខ្មែរ​បាន​ចាប់​ផ្ដើម​ភ្ជួរ​រាស់ និង​ដាំដុះ​ស្រូវ​បាន​ចំនួន​ជាង ៥​សែន​៥​ម៉ឺន​ហិកតារ​ហើយ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ទន្ទឹម​គ្នា​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ផែនការ​ជំរុញ​ឲ្យ​កសិករ​ធ្វើ​ស្រូវ​រដូវ​វស្សា​ឲ្យ​បាន​ចំនួន​ជាង ២.៣២០.០០០​ហិកតារ និង​ស្រូវ​រដូវ​ប្រាំង​ឲ្យ​បាន​ចំនួន​ជាង ៤​សែន​ហិកតារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ផលិត​ស្រូវ​ឲ្យ​បាន​ចំនួន​ជាង ៨​លាន​តោន​នៅ​ឆ្នាំ​២០១២។

ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ងិន ឆាយ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១២ ថា លោក​រំពឹង​ថា កសិករ​នឹង​ផលិត​ស្រូវ​បាន​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។ ក្រសួង​កសិកម្ម នៅ​មិន​ទាន់​បាន​រក​ឃើញ​ថា មាន​តំបន់​ណា​មួយ​ខ្វះ​ទឹក ឬ​គ្រោះ​រាំង​ស្ងួត​នៅ​ឡើយ​ទេ។

លោក ងិន ឆាយ៖ «ក្រសួង​កសិកម្ម​បាន​ណែនាំ​ឲ្យ​អនុវត្ត​តាម​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ។ ឧទាហរណ៍​យើង​ចាប់​ផ្ដើម​តាំង​ពី​ការ​រៀបចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ ការ​ជ្រើសរើស​ពូជ​ឲ្យ​បាន​ត្រឹមត្រូវ ពូជ​ហ្នឹង​ឲ្យ​បាន​សុទ្ធ​ល្អ ជ្រើសរើស​ពូជ​ដាំ​ដុះ​ទៅ​តាម​ស្ថានភាព​ភូមិសាស្ត្រ»

លោក​បាន​បញ្ជាក់​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​តែ​ត្រៀម​ស្រូវ​ពូជ​ក្នុង​ឃ្លាំង​ចំនួន​ជាង ៣​ពាន់​តោន សំរាប់​សង្គ្រោះ​បន្ទាន់។

ទាក់ទង​នឹង​វិស័យ​កសិកម្ម​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា (CEDAC) លោក យ៉ង សាំងកុមារ បាន​មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​នឹង​ដំណើរ​ការ​ដាំដុះ​ស្រូវ​នៅ​ឆ្នាំ​២០១២ នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ដើម​រដូវ​វស្សា។

លោក យ៉ង សាំងកុមារ៖ «ការពារ​មិន​ឲ្យ​ចាប់​កង្កែប​នៅ​ដើម​រដូវ​ហ្នឹង ...​ដើម្បី​ទុក​ឲ្យ​វា​នៅ​បាន​រហូត​ដល់​ពាក់​កណ្ដាល​រដូវ​អី​ចាំ​យើង​អាច​ចាប់​បាន ព្រោះ​សត្វ​កង្កែប​វា​នឹង​កើត​កូន​កើត​ចៅ​ច្រើន​ណាស់ វា​នឹង​ជួយ​ការពារ​ដំណាំ​ស្រូវ»

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កន្លង​មក​បាន​ប្រកាស​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​ដាំដុះ​ស្រូវ​ចំនួន ១០​ប្រភេទ ដែល​ធន់​នឹង​ជំងឺ ធន់​នឹង​កម្ដៅ ធន់​នឹង​គ្រោះ​រាំង​ស្ងួត និង​ធន់​នឹង​គ្រោះ​ទឹក​ជំនន់​ជាដើម។

ពូជ​ស្រូវ​នេះ​ផ្ដល់​ទិន្នផល​ខ្ពស់ និង​គុណភាព​ល្អ ហើយ​ក្រសួង​កសិកម្ម​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​ប្រើប្រាស់​ជី​ធម្មជាតិ​ឲ្យ​បាន​ច្រើន​ជាង​ជី​គីមី សំរាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ។

ប្រភេទ​ស្រូវ​ទាំង​នោះ មាន​ដូច​ជា ទី​១ សែន​ពិដោរ ទី​២ ជលសារ ទី​៣ អ៊ីអែរ ៦៦ ទី​៤ ផ្កា​រំដួល  ទី​៥ ផ្កា​រំដេង ទី​៦ ផ្កា​រមៀត ទី​៧ រាំង​ជ័យ ទី​៨ ខា​៤ ទី​៩ ខា​៦ និង​ទី​១០ ផ្កា​ច័ន្ទ​សែន​ស។

របាយការណ៍​ជា​ផ្លូវការ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ កសិករ​ខ្មែរ​បាន​ប្រមូល​ស្រូវ​សរុប​ចំនួន​ជាង ៨,៧លាន​តោន និង​អាច​សល់​ស្បៀង​ជា​ស្រូវ​ជាង ៤,៣​លាន​តោន គិត​ជា​អង្ករ​ចំនួន​ជាង ២,៧​លាន​តោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល