តាមលោក សេង ឈួន ប្រធានកំពង់ចម្លងអ្នកលឿង បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា ៨ ព្រឹកថ្ងៃចន្ទ នៅពេលដែលសាឡាងឈ្មោះ តាព្រហ្ម ដឹកអ្នកដំណើរចេញពីច្រាំងបានប្រហែលជាង ៣០០ម៉ែត្រ គេឃើញមានការធ្លាយបូមធ្វើឲ្យផ្នែកខាងក្រោយសំយ៉ុងក្បាលចុះ ល្មមឲ្យម៉ូតូរអិលថយក្រោយ ទើបបណ្តាលឲ្យអ្នកដំណើរ ៣នាក់ ដែលនៅលើម៉ូតូ ៣គ្រឿង ធ្លាក់ចូលក្នុងទឹកទន្លេ ។
លោក សេង ឈួន មានប្រសាសន៍ថា ៖ «ពេលដែលដាច់បូមភ្លាម វាទៅតិចៗ រអិលមនុស្សចុះទៅ ប៉ុន្តែខ្លះគេនៅជាប់បង្កាន់ដៃខាងមុខហ្នឹង គេតោងអាហ្នឹង ។ កាបវាអត់ដាច់ទេ គ្រាន់តែវាអស់ខ្យល់ទៅ វាធ្លាក់ទៅបន្តិចៗ ល្មមតែម៉ូតូរអិលថយក្រោយហ្នឹង» ។
លោក ឯម ចាន់នី អាយុ ៤៤ឆ្នាំ ដែលបានដឹងហេតុការណ៍នេះបាន ឲ្យរៀបរាប់ថា ៖ «អាហ្នឹងតាមការពិតកាបគេធំៗហ្នឹង មានដាច់ឯណាវាបែកបូម អាហ្នឹងវាមានដូចបូមដូយឡើងអ៊ីចឹង ពេលដាច់មិនមែនដាច់ចេញពីគ្នាឯណា គ្រាន់តែធ្លាក់ទៅខាងក្រោម ព្រោះត្រចៀង កន្លាស់គេហ្នឹងប៉ុនកំភួនដៃ មានអីដាច់ គ្រាន់តែធ្លាក់មនុស្ស និងម៉ូតូមួយចំនួនចូលទៅក្នុងទឹក» ។
អ្នកស្រី លី រិទ្ធី រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានគោលបំណងឆ្លងសាឡាងមកទីក្រុងភ្នំពេញដើម្បីទិញថ្នាំខ្លះ បានផ្លាស់ប្តូរចិត្តវិញ ក្រោយពេលបានឮហេតុការណ៍នេះ ៖ «អត់មានទាន់ទិញសំបុត្រទេ គ្រាន់តែយើងទៅដល់ក្បាលសាឡាងហ្នឹង ដល់ពេលឃើញអ៊ីចឹង លែងទៅៗ មិនមែនខ្លាចលិចទេ តែដល់អ៊ីចឹងខ្ជិលទៅ» ។
លោកស្រី គា សុផល អ្នកសម្របសម្រួលអង្គការអាដហុក ខេត្តកណ្តាល បានឲ្យដឹងបន្ថែមថា គ្រោះថ្នាក់នេះមិនបណ្តាលឲ្យមាននរណាម្នាក់ស្លាប់បាត់បង់ជីវិតទេ តែមានរទេះទឹកកកមួយក៏ធ្លាក់ចូលទឹកក្នុងហេតុការណ៍នេះផងដែរ ។
លោកស្រី គា សុផល រៀបរាប់ដូច្នេះថា ៖ «គ្រោះថ្នាក់នេះ វាចៃដន្យទេ អត់មនុស្សស្លាប់ បើមានមនុស្សស្លាប់យ៉ាងណាទៅ ។ អាហ្នឹងឃើញថា មិនមានការប្រុងប្រយ័ត្នពិនិត្យមើលអី ព្រោះគ្រាន់តែថា បើសិនជាខូចអ៊ីចឹង ចុះបើសិនជាធ្លាក់ទៅ មនុស្សទាំងអស់ហ្នឹងសុទ្ធអត់ចេះហែលទឹកអីទៅ យ៉ាងម៉េចទៅ ?» ។
សាឡាងដែលធ្វើសកម្មភាពដឹកជញ្ជូនអ្នកដំណើរនៅកំពង់ចម្លងអ្នកលឿងនេះ មានបី គឺឈ្មោះ សន្តិភាព វិស្ណុរ និងតាព្រហ្ម ។
សេង ឈួន ប្រធានកំពង់ចម្លងអ្នកលឿង បានអះអាងថា បច្ចុប្បន្ននេះ ម៉ូតូនិងជនរងគ្រោះ ត្រូវបានសង្រ្គោះរួចរាល់ ក្រោយពេលរអិលធ្លាក់ចុះក្នុងទឹកភ្លាមៗ ចំណែក សាឡាង ដែលជួបឧប្បត្តិហេតុនេះ បន្ទាប់ពីរឹតខ្ចៅរួចរាល់ហើយ អាចដំណើរការឡើងវិញបានភ្លាមៗផងដែរ ដោយមិនបណ្តាលឲ្យស្ទុះចរាចរណ៍ទេ ។
លោក សេង ឈួន មានប្រសាសន៍ថា ៖ «ករណីហ្នឹងមិនដែលមានកើតឡើងសោះ ជាប់ ៣០ឆ្នាំ តាំងពីមានសឡាងមកមិនដែលមានតែម្ដង អាសំយ៉ុងតាមយ៉េចុះហ្នឹង ប៉ុន្តែមកចៃដន្យព្រឺកហ្នឹង មិនដឹងយ៉ាងម៉េច វាធ្វេសប្រហែសបន្តិចអាហ្នឹង ព្រោះវាមិនដែលមានគ្រោះថ្នាកអ៊ីចឹងអាហ្នឹង លើកក្រោយមិនអាចមានគ្រោះថ្នាកអ៊ីចឹងទៀតទេ» ៕
