ពលរដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលរងគ្រោះដោយអគ្គិភ័យកាលពីព្រឹកថ្ងៃ១៩ វិច្ឆិកាកន្លងទៅ កំពុងជួបនូវក្តីកង្វល់មួយទៀត គឺបញ្ហាផ្នែកសុខភាព ដោយសារទទួលនូវជំងឺឆ្លងផ្សេងៗ។
២២-វិច្ឆិកា-០៩: ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រៀបចំប្រក់ដំបូលតង់រស់នៅបណ្ដោះអាសន្នបន្ទាប់ពីភ្លើងឆេះផ្ទះរបស់ពួកគេអស់។
អ្នកភូមិជនជាតិចាមជាច្រើនរយគ្រួសារក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលកំពុងរស់នៅក្រោមដំបូលសំពត់កៅស៊ូតង់ ក្រោយពីអគ្គិភ័យបានឆេះបំផ្លាញផ្ទះសម្បែងអស់កាលពីពេលថ្មីៗនេះ កំពុងទទួលរងនូវជំងឺ ក្អក ផ្តាសាយ គ្រុនក្តៅ កើតច្រើនទៅលើក្មេងៗ ដែលនេះជាក្តីបារម្ភមួយថ្មីទៀតបន្ទាប់ពីបញ្ហាឥតទីជម្រកផ្ទះសម្បែងស្នាក់នៅ។
ស្រ្តីជនជាតិចាមមួយរូប វ័យប្រមាណ៤៥ឆ្នាំ ឈ្មោះ ឡេះ វី បានឲ្យដឹងថា ក្រោយពីមានភ្លើងឆេះ អ្នកភូមិសង្កេតឃើញមានករណីជំងឺផ្សេងៗកើតមានជាច្រើន ដូចជាក្អក ផ្តាសាយ ចុកពោះ រាករូស គ្រុនក្តៅជាច្រើន ដែលមួយគ្រួសារៗឆ្លងស្ទើរតែគ្រប់ៗគ្នា។
អ្នកស្រី ឡេះ វី បានឲ្យដឹងដូច្នេះ ៖ «ពិបាករស់នៅ ព្រោះខ្យល់ចំមាត់ទន្លេ កូនវារងា។ បារម្ភសុខភាព កូនឈឺផ្ដាសាយ។ ផ្ដាសាយទាំងអស់កូនខ្ញុំ វាតូចៗពេក»។
ស្រ្តីជនជាតិចាមម្នាក់ទៀតឈ្មោះ ឡេះ វណ្ណី បានឲ្យដឹងទៀតថា បញ្ហានេះអាចបណ្តាលមកពីធាតុអាកាសខ្យល់ខ្លាំង ត្រជាក់ពេក ព្រោះនៅជាប់មាត់ទន្លេ ហើយការស្នាក់នៅពុំមានការបាំងបិទអ្វីឡើយ ម្យ៉ាងអាចដោយសារការហុយពីកម្ទេចផេះសល់ពីការឆេះនោះផង ៖ «ឈឺរ៉ាំរ៉ៃទ្រាំមិនបានទេ អត់លុយទៅពេទ្យទេ»។
ក្រុមប្រជាពលរដ្ឋបានត្អូញត្អែរថា ពួកគាត់ពុំមានថវិកាសម្រាប់ទៅមន្ទីរពេទ្យឡើយ ដោយអំពាវនាវសុំឲ្យរដ្ឋាភិបាលផ្តល់គ្រូពេទ្យជំនាញមកពិនិត្យជាបន្ទាន់ និងជួយផ្តល់ថវិកាដើម្បីមានលទ្ធភាពសង់លំនៅឡើងវិញឲ្យបានឆាប់។
ទាក់ទិននឹងបញ្ហានេះ អភិបាលរងខណ្ឌឫស្សីកែវ លោកស្រី លី រ៉ូហ្សាមី មានប្រសាសន៍ទទួលស្គាល់ថា ស្ថានភាពសុខភាពប្រពលរដ្ឋនៅក្រោយភ្លើងឆេះពិតជាធ្លាក់ចុះ និងជួបការលំបាកដូច្នេះមែន ប៉ុន្តែលោកស្រីអះអាងថា អាជ្ញាធរកំពុងយកចិត្តទុកដាក់គិតគូរពីបញ្ហានេះហើយ។
លោកស្រី លី រ៉ូហ្សាមី មានប្រសាសន៍ដូច្នេះ ៖ «ពីម្សិលមិញ(២៣ វិច្ឆិកា) ខ្ញុំបានទាក់ទងជាមួយមន្ទីរសុខាភិបាលរួចហើយ ហើយខាងមន្ទីរលោកថា នឹងអញ្ជើញចុះពិនិត្យព្យាបាលគាត់ដល់កន្លែងតែម្ដង»។
នៅថ្ងៃអង្គារ ទី២៤ វិច្ឆិកា សម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានព្រះរាជអំណោយមួយចំនួនតាមរយៈលោកចៅហ្វាវាំង គង់ សំអុល ទៅចែកជូនផ្ទាល់ដៃដល់ជនរងគ្រោះដោយអគ្គិភ័យប្រមាណ៤៥២គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម ថវិកាជាង១០ម៉ឺនរៀល និងក្រមា សារុង ម៉ុង ផួយថែមទៀត។
របាយការណ៍ចុងក្រោយពីអាជ្ញាធរខណ្ឌឫស្សីកែវ បានឲ្យដឹងថា មានផ្ទះ២៤៣ខ្នងត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង និងមានអ្នករងគ្រោះប្រមាណ៤៥២គ្រួសារ។
ទន្ទឹមនេះដែរ អាជ្ញាធរក្រុងមានគម្រោងរៀបចំប្លង់ជាថ្មីនៅតំបន់ភ្លើងឆេះនោះ ដើម្បីឲ្យប្រជាពលរដ្ឋសង់ផ្ទះឡើងវិញ ដោយមានផ្លូវចេញចូលត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អក្នុងការបញ្ចៀសនូវគ្រោះអគ្គិភ័យកើតមាននៅលើកក្រោយទៀត ក៏ប៉ុន្តែអាជ្ញាធរពុំទាន់បង្ហាញថា ខ្លួននឹងត្រៀមថវិកាប៉ុន្មានក្នុងការជួយដល់ប្រជាពលរដ្ឋដើម្បីការសង់ផ្ទះឡើងវិញនោះទេ៕
ភ្លើងឆេះផ្ទះជាង៣ល្វែងនិងដេប៉ូឈើមួយចំនួនក្នុងខណ្ឌទួលគោក
ភាពមិនប្រក្រតីក្នុងការចែកអំណោយដល់ជនរងគ្រោះដោយភ្លើងឆេះផ្ទះ
ភ្លើងឆេះអគារបន្ទាយអង្គរក្សជាស៊ីមនៅខណ្ឌចំការមន
ផ្ទះប្រហែល៣០០ខ្នងត្រូវបំផ្លាញដោយអគ្គិភ័យនៅឫស្សីកែវ
មនុស្ស២នាក់ស្លាប់នៅខែត្រមណ្ឌលគិរីដោយសារខ្យល់ព្យុះ
ជនរងគ្រោះដោយទឹកជំនន់ប្រមាណ១៥ពាន់គ្រួសារកំពុងដាច់ស្បៀង
ព្យុះកេតសាណាធ្វើឲ្យសាលាចំនួន១ពាន់ត្រូវទឹកលិច
ពលរដ្ឋនៅកំពង់ឆ្នាំងប្រឈមបញ្ហាដាច់ស្បៀងបន្ទាប់ពីទឹកជន់លិចភូមិ
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
Oh! Father, God in Heaven, please bless our brothers and sisters Cham Cambodians, the fire victims in Russey Koa. Oh! Lord take care them, heal them and provide them the places to live and whatever they need, Lord. we pray in the name of Jesus. Amen.
2009-11-25 22:51
Hopefully oil rich nation in Middle East help those people who have suffered from this disaster
2009-11-25 06:29
មើលមតិទាំងអស់.