ពលរដ្ឋ​៨​នាក់​ស្លាប់​និង​២​នាក់​របួស​ធ្ងន់​ក្នុង​អគ្គីភ័យ​ឆេះ​ផ្សារ​រាត្រី​នៅ​ខេត្ត​សៀមរាប

មន្ត្រី​សាលា​ខេត្ត​សៀមរាប បាន​ប៉ាន់​ប្រមាណ​ថា អគ្គីភ័យ​ដែល​ឆាបឆេះ​ផ្សារ​រាត្រី​មួយ​នៅ​ក្នុង​ទី​រួម​ខេត្ត​នេះ បាន​បំផ្លាញ​អីវ៉ាន់​លក់​ដូរ និង​ទ្រព្យ​សម្បត្តិ បើ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
ដោយ ហង្ស សាវយុត
2012-12-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អគ្គីភ័យ​ឆេះ​ផ្សារ​រាត្រី ខេត្ត​សៀមរាប ៣០៥
ទិដ្ឋភាព​នៃ​ហេតុការណ៍​អគ្គីភ័យ​ដែល​ឆេះ​ផ្សារ​រាត្រី នៅ​ខេត្ត​សៀមរាប កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Hang Savyouth

អាជ្ញាធរ​ខេត្ត​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ហេតុការណ៍​អគ្គីភ័យ​ដ៏​ធំ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ ដោយ​ខេត្ត​នេះ​ពុំ​ធ្លាប់​កើត​មាន​ដូច្នេះ​ទេ​កាល​ពី​ពេល​មុនៗ។

ប្រជាពលរដ្ឋ​ចំនួន ៨​នាក់ បាន​ស្លាប់ និង ២​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ ព្រម​ទាំង​តូប​លក់​ដូរ​អីវ៉ាន់ និង​វត្ថុ​អនុស្សាវរីយ៍​ចំនួន​ជាង ១០០​តូប​ទៀត​បាន​ខូចខាត ដោយ​សារ​អគ្គីភ័យ​បាន​ឆាបឆេះ (ផ្សារ​រាត្រី​សៀមរាប) មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ស្ទឹងថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី៨ ខែ​ធ្នូ។

សមត្ថកិច្ច​មួយ​ចំនួន​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ហេតុការណ៍​អគ្គីភ័យ​នោះ​អាច​បណ្ដាល​មក​ពី​ការ​ទុស្សេ​ចរន្ត​អគ្គិសនី។

លោក ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប ដែល​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​នោះ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី៨ ខែ​ធ្នូ ថា អគ្គីភ័យ​ដែល​ឆាបឆេះ និង​បាន​សម្លាប់​ជីវិត​មនុស្ស ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អស់​ជាច្រើន​នោះ គឺ​ជា​មហន្តរាយ​លើក​ដំបូង​ដែល​ខេត្ត​នេះ​ពុំ​ធ្លាប់​ជួប​ប្រទះ​ទេ កាល​ពី​ពេល​កន្លង​ទៅ។

លោក ស៊ូ ភិរិន្ទ៖ «ព្រោះ​ផ្ទះ​នេះ ពី​ខាង​លើ​មាន​ជា​សណ្ឋាគារ​ដែល​ម្ចាស់​ផ្ទះ​នៅ​ទី​ហ្នឹង ហើយ​ខាង​ក្រោម​នេះ គឺ​ជួល​ដើម្បី​ធ្វើ​ជា​តូប​ប្រក់​ស័ង្កសី​ពី​ដែក ហើយ​ជា​ផ្សារ​រាត្រី​មួយ​ដ៏​ល្អ​ដែរ។ ដោយ​សារ​តែ​ខាង​លើ​គ្មាន​ផ្លូវ​ចេញ ធ្វើ​ឱ្យ​រងគ្រោះ​ដល់​អាយុ​ជីវិត​ចំនួន ៨​នាក់ គឺ​ស្លាប់​ចាស់ ៤​នាក់ ក្មេង ៤​នាក់ ២​នាក់​ធ្ងន់ៗ​ហ្នឹង គឺ​យើង​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ហើយ។ ដែល​យើង​ពន្លត់​ហើយ យើង​រត់​ទៅ​រក​នោះ នៅ​ឯ​ក្រោយ​ខ្លះ​នៅ​ក្រោម​គ្រែ​ខ្លះ នៅ​ក្នុង​បន្ទប់​ទឹក​ខ្លះ នៅ​ជណ្ដើរ។ អីចឹង​ក្នុង​នាម​កាកបាទ​ក្រហម​ខេត្ត ក្នុង​នាម​គណៈកម្មការ​គ្រោះ​មហន្តរាយ និង​ថ្នាក់​ដឹកនាំ​ខេត្ត ក៏​បាន​មក​មើល​ឃើញ​ជាក់ស្ដែង ហើយ​ចូល​រួម​មរណទុក្ខ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គីភ័យ​នោះ គេ​ស្គាល់​ថា គឺ​ជា​សាច់ញាតិ​របស់​ក្រុម​គ្រួសារ​ថៅកែ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​មនោរម្យ ដែល​នៅ​ជិត​គ្នា​ដែរ​នោះ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ខ្លះ គឺ​ជា​អ្នក​បម្រើ​ការងារ​ផ្ទះ​នៃ​ក្រុម​គ្រួសារ​នោះ​ដែរ។

បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ គឺ​ជា​សាក្សី​ឃើញ​ហេតុការណ៍​អគ្គីភ័យ បាន​មាន​ប្រសាសន៍​ថា មហន្តរាយ​នោះ​បាន​កើត​ឡើង​វេលា​ម៉ោង​ប្រមាណ​ជា ២​រំលង​អធ្រាត្រ ថ្ងៃ​ទី៨ ខែ​ធ្នូ៖ «ពី​កណ្ដាល​មក ខ្ញុំ​ឃើញ​អណ្ដាត​ភ្លើង​វា​ឆេះ ដល់​មួយ​សន្ទុះ​មក អណ្ដាត​ភ្លើង​ខ្លាំង។ អីចឹង​មនុស្ស​នៅ​ខាង​លើ ពេល​ហ្នឹង​គាត់​កំពុង​គេង​លក់ ដូច​របៀប​ខ្ទះ យើង​ដាំ​ទឹក​អីចឹង»

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើត​ហេតុ បាន​រិះគន់​ទៅ​លើ​ក្រុម​នគរបាល​ពន្លត់​អគ្គីភ័យ​ថា ហាក់​មាន​ការ​យឺតយ៉ាវ និង​កម្លាំង​ប្រតិបត្តិ​ការ​ខ្លះ​ដូច​ជា​ពុំ​សូវ​មាន​ជំនាញ​ត្រឹមត្រូវ ទើប​ទុក​ឱកាស​ឱ្យ​ហេតុការណ៍​អគ្គីភ័យ​បង្ក​ភាព​មហន្តរាយ​ធ្ងន់ធ្ងរ។ ទោះ​យ៉ាង​ណា មិន​មាន​មន្ត្រី​នគរបាល​ពន្លត់​អគ្គីភ័យ​ណា​ម្នាក់ ហ៊ាន​ធ្វើ​ការ​ពន្យល់​ជុំវិញ​ហេតុការណ៍​នោះ​ទេ។

ក៏ប៉ុន្តែ លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​អះអាង​ថា ក្រុម​នគរបាល​ពន្លត់​អគ្គីភ័យ​ខេត្ត និង​ក្រុម​ឡាន​ទឹក មក​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ផង បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ។ លោក​បាន​អះអាង​ថា នៅ​ក្នុង​ហេតុការណ៍​អគ្គីភ័យ​នោះ ប្រសិន​បើ​ក្រុម​នគរបាល​ពន្លត់​អគ្គីភ័យ និង​ក្រុម​ឡាន​ទឹក​មក​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ មិន​បាន​ធ្វើ​ប្រតិបត្តិ​ការ​ទាន់​ពេល និង​ខ្លាំងក្លា​ទេ គឺ​វា​ប្រហែល​ជា​អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត និង​បង្ក​ឱ្យ​មាន​ភាព​ខូចខាត​កាន់​តែ​ធំ​ជាង​នេះ​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

គ្មានទំណួលខុសត្រូវ

ពី សៀមរាប

វាជាទំលាប់អាជ្ញាធរដែនដី​និងរដ្ឋាភិបាលមិនដែលទទួល
ខុសត្រូវឬទទួលស្គាល់នូវភាពអសកម្មរបស់ខ្លួនទេ។​ សមត្ថកិច្ច១ៗគ្មានជំនាញអ្វីច្បាស់លាស់ទេ​ ដេកចាំតែធ្វើ តាមអនុសាសន៍ប៉ុណ្ណោះ តែបើសិនជាមានអ្នកណាម្នាក់
ហ៊ាននិយាយពីអសមត្ថភាពរបស់រដ្ឋាភិបាល គឺចំលើយមាន
តែគេហៅម្នាក់នឺងជាពួកប្រឆាំងផ្កាប់មុខ​​ រឺ ពួកអគតិ រឺពួក
បង្កអសន្តិសុខសង្គម ជាដើម៕
បញ្ហាអគ្គីភ័យនៅផ្សាររាត្រី បើសិនជាសម្ថកិច្ចមានសមត្ថ
ភាពពិតជាគ្មានអ្នកស្លាប់រហូត៨នាក់នោះទេ៕
ពត៌មានលំអិតសូមសួរអ្នកនៅជាប់ហេតុការណ៍
០១៧៣៩៨៨៨៨

Dec 09, 2012 11:44 AM

អ្នក​អាន​អនាមិក

ពី siem reap

ហាក់បីមិនមែនក្រុមសមត្ថកិច្ចជាអ្នករកឃើញសាកសពទាំងនោះទេ​​ គឺលោកពូម្នាក់ជាសាច់ញ្ញាតិសាកសពជាអ្នករត់ចូលភ្លក់ភ្លើង​ ដើម្បីរកសាកសពទេ។ពួកសមត្ថកិច្ចគ្មានបំពេញនូវកាតព្វកិច្ចជួយអ្នករងគ្រោះទេ។

Dec 09, 2012 03:56 AM

អ្នក​អាន​អនាមិក

ពី Siem Reap

How good governor?

Dec 08, 2012 09:48 AM