ប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុ បានថ្លែងថា អគ្គីភ័យដែលកើតឡើងនេះ គឺបណ្ដាលមកពីមានរថយន្តធុនតូចមួយគ្រឿង បើកបុកដបសាំងរបស់អ្នកលក់នៅតាមចិញ្ចើមផ្លូវ និងបុកបង្គោលភ្លើង ហើយផ្ទុះឆេះភ្លាមៗ នៅកន្លែងកើតហេតុនោះ។
បន្ទាប់ពីភ្លើងសន្ធោសន្ធៅឆាបឆេះឡាននោះបានបន្តិច ក៏ឆេះរាលដល់ផ្ទះឈើដែលនៅក្បែរនោះ។
ក្រោយអន្តរាគមន៍របស់ក្រុមរថយន្តពន្លត់អគ្គីភ័យនៃរាជធានីភ្នំពេញ ភ្លើងបានរលត់វិញ នៅម៉ោង ១២ និង ៣០ នាទី។ ក្រុមរថយន្តពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តទឹកចំនួន ១០ គ្រឿង និងបាញ់ទឹកអស់ចំនួន ៣០ ឡាន។
អ្នកភូមិបានឱ្យដឹងខុសៗ គ្នាថា នៅមុនភ្លើងឆេះបន្តិច មានយុវជនមួយក្រុម ដែលមានគ្នាប្រហែល ៧ ឬ ៨ នាក់ បានវាយប្រយុទ្ធគ្នា ដោយសារជម្លោះអ្វីមួយ នៅចម្ងាយប្រមាណ ៣០ ម៉ែត្រពីទីនោះ។ ប្រភពខ្លះទៀតបាននិយាយថា រថយន្តនោះ បានព្យាយាមដេញបុកគូជម្លោះ ដែលជិះម៉ូតូមួយគ្រឿង។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ នៅមិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់ច្បាស់នៅឡើយទេ។
បុរសជាអ្នកលក់សាំងដបនៅមុខផ្ទះដែលឆេះនោះ បានប្រាប់ថា គាត់បានឮសំឡេងគេវាយរថយន្ត។ បន្ទាប់មករថយន្តនោះបើកគេចដោយឡើងលើខឿនថ្នល់ ហើយបុកដបសាំងដែលគាត់លក់ និងបុកបង្គោលភ្លើង ១ ដើម មុននឹងផ្ទុះឆេះ។
ស្ត្រីមួយរូបឈ្មោះ ប្រាក់ សំបូរ ថ្លែងថា ពេលរថយន្តផ្ទុះឆេះនោះ គាត់ឮសំឡេងយុវជនម្នាក់ស្រែកឱ្យជួយមិត្តភ័ក្ដិរបស់គាត់។ បន្ទាប់ពីពេលនោះមក មនុស្សចាប់ផ្ដើមឆោឡោ ហើយគេមិនដឹងថា អ្នកនៅក្នុងរថយន្តនោះគេចខ្លួនបានដោយរបៀបណាទេ។ គេមិនបានរកឃើញសាកសពនៅក្នុងរថយន្តឆេះទេ។
លោកស្រី ប្រាក់ សំបូរ៖ «ខ្ញុំបើកទ្វាឃើញឆេះចេញពីឡានធ្លោៗ។ ខ្ញុំភ័យ ខ្ញុំរត់ទៅបើកទ្វាឱ្យអ្នកនៅផ្ទះខ្ញុំចេញឱ្យអស់មក។ រួចឃើញភ្លើងឆេះចេញពីឡានអ៊ីចឹង សាចឆេះផ្ទះខាងណោះ ឆេះផ្ទះខាងណេះមក។ ភ័យណាស់!»។
លទ្ធផលខូចខាតជាបឋម គឺផ្ទះ ២ ខ្នងខូចខាតទាំងស្រុង និងផ្ទះ ដែលនៅជុំវិញចំនួន ៤ ខ្នងផ្សេងទៀត រងការខូចខាតដោយអន្លើ ដោយផ្ទះខ្លះឆេះដំបូល ខ្លះឆេះរបស់របរក្នុងបន្ទប់ដោយសារអណ្ដាតភ្លើងឆាបចូលតាមបង្អួច។
ក្រៅពីការខូចខាតផ្ទះ មានរថយន្ត ២ គ្រឿង ត្រូវភ្លើងឆេះទាំងស្រុង។ បង្គោលភ្លើងមួយដើមត្រូវរថយន្តបុកបាក់ខ្ទេច។
មិនមានមនុស្សរងរបួសធ្ងន់ធ្ងរ ឬស្លាប់ទេ នៅក្នុងហេតុការណ៍ភ្លើងឆេះនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
