អគ្គីភ័យឆេះបំផ្លាញផ្ទះ និងកន្លែងលក់ដូរនៅបរិវេណផ្សារទួលសង្កែ អស់ប្រមាណជាង ១០ខ្នង និងតូបលក់ដូរមួយចំនួនទៀត នៅវេលាម៉ោងប្រមាណពីររសៀលថ្ងៃច័ន្ទ ទី២៣ កក្កដា។ ផ្ទះទាំងនោះភាគច្រើនជាផ្ទះឈើ និងថ្ម ស្ថិតនៅជាប់ៗគ្នា។
លោក នេត វន្ថា ប្រធានការិយាល័យនគនបាលបង្ការ និងពន្លត់អគ្គិភ័យ មានប្រសាសន៍បញ្ជាក់ថា៖ «សរុបខូចខាតដែលយើងយកជាបឋមបាននេះ ខូចខាត គឺតូបចំនួន ២៣៨នោះ គឺឆេះ ០៨ ហើយផ្ទះ យើងឃើញជាបឋបចំពោះមុខហ្នឹងខូចខាតចំនួន ១៣ខ្នង ប្រើប្រាស់រថយន្តពន្លត់ចំនួន ២៨គ្រឿង»។
ស្រ្តីម្នាក់ឈ្មោះ ណាំ ណាក់ ជាអាជីវករដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងនៅពេលកំពុងជញ្ជូនអីវ៉ាន់គេចចេញថា អគ្គីភ័យនេះឆេះចេញពីផ្ទះលក់ដូរចានឆ្នាំង និងរបស់របរប្រើប្រាស់ផ្សេងៗនៅខាងក្នុងផ្សារប៉ែកខាងត្បូង។ ប៉ុន្តែគាត់មិនបានដឹងច្បាស់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ៖ «ឆេះផ្ទះពូវ៉ាន់ គាត់ជួលផ្ទះឲ្យគេ ផ្ទះឈើអីវ៉ាន់ច្រើនណាស់ ឡើងណែនពេញតែម្តង»។
ពលរដ្ឋរងគ្រោះខ្លះសន្និដ្ឋានថា អាចមកពីមានគេលួចដុត ពីព្រោះផ្ទះមួយនៅជិតនឹងផ្ទះដើមហេតុឆេះដំបូងគេនោះ ធ្លាប់មានឈ្លោះប្តីប្រពន្ធ ហើយគំរាមដុតផ្ទះជាញឹកញាប់៖ «វាឈ្លោះគ្នាប្តីប្រពន្ធផ្ទះជួលនៅខាងក្រោយវាដុត គេមកតែម្តង ផ្ទះអា វ៉ាន់ វាជួលឲ្យគេ។ ប្រាប់វារួចហើយ វាដុតឆេះពីរបីដងហើយ គេជួយទាន់ ម្តងនេះជួយលែងទាន់»។
នៅគ្រានោះដែរ ពលរដ្ឋម្នាក់ដែលជាជនរងគ្រោះក្នុងអគ្គីភ័យនោះដែរ បានរិះគន់សមត្ថកិច្ចថា បានយកចិត្តទុកដាក់បាញ់ទឹកតែទៅលើផ្ទះធំៗនៅខាងក្រៅជាប់ផ្លូវធំ តែនៅខាងក្នុងពួកគាត់មិនបានចាប់អារម្មរណ៍ឡើយ៖ «ផ្ទះមានសិទ្ធិរស់រានដូចគ្នា ហើយអត់ចូលទៅបាញ់ដល់ក្នុងឡានមកនៅតែក្រៅ ចង់ឡានប៉ុន្មានក៏ចូលរួចដែរ ផ្លូវក្នុងហ្នឹង ផ្លូវប៉ុណ្ណាណី អត់នាំគ្នាចូលជួយទៅបាញ់ឡាន នាំគ្នានៅក្រៅទាំងអស់»។
សមត្ថកិច្ចពន្លត់អគ្គីភ័យ និងអាជ្ញាធរក្រុងពុំទាន់មានឱកាសឆ្លើយតបចំពោះបញ្ហាពលរដ្ឋចោទប្រកាន់នេះនៅឡើយ។
លោក ទូច ណារ៉ុថ ស្នងការរាជធានីភ្នំពេញ មានប្រសាសន៍នៅទីកើតហេតុថា រហូតមកដល់ល្ងាចថ្ងៃទី២៣ កក្កដា សមត្ថកិច្ចលោកពុំទាន់អាចសន្និដ្ឋានពីមូលហេតុ និងចំនួននៃការខូចខាតទាំងស្រុងបាននៅឡើយ៖ «ចំពោះមុខនេះយើងមិនទាន់អាចនិយាយបានថា តើមកពីមូលហេតុអ្វីទេ ថាតើវាឆេះដោយសារផ្ទុះធុងហ្គាស ឬក៏ផ្ទុះសេចរន្តអគ្គិសនី គឺអត់ទេ។ គ្រាន់តែទទួលព័ត៌មានភ្លាម កម្លាំងរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ កម្លាំងខាងអង្គរក្ស កម្លាំងប្រឆាំងភេរវកម្ម កងរាជអាវុធហត្ថ ហើយប្រមូលសម្រុកយកឡានទឹកទាំងអស់មកជួយទប់ ព្រោះនេះជាករណីឆេះផ្សារ មិនឆេះផ្ទះធម្មតាទេ ដូច្នះយើងឃើញថា រូបភាពនៃការឆេះនេះគឺវាធំធេងណាស់»។
តែទោះយ៉ាងណាពុំទាន់មានរបាយការណ៍ពីសមត្ថកិច្ច ថាមានមនុស្សមានគ្រោះថ្នក់ដល់អាយុជីវិតទេនៅក្នុងគ្រោះអគ្គីភ័យនោះ ប៉ុន្តែមានអ្នកដួលសន្លប់ខ្លះ។
អគ្គីភ័យនោះបានរលត់ទៅវិញនៅម៉ោងប្រមាណជាង ៤រសៀល បន្ទាប់ពីសមត្ថកិច្ចប្រើឡានទឹកជាច្រើនគ្រឿងដើម្បីចូលទៅពន្លត់។ ស្របពេលគ្នានេះដែរ សមត្ថកិច្ចអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងចូលរួមបង្ការគ្រោះអគ្គីភ័យ។
មន្ត្រីនគរបាលពន្លត់អគ្គិភ័យបានអះអាងថា ចាប់តាំងពីខែមករាឆ្នាំ២០១២ រហូតមកដល់ពេលនេះ អគ្គីភ័យធំៗបានកើតមានជិត ៣០លើកហើយនៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។