ភ្លើង​ឆេះ​ផ្ទះ​នៅ​ផ្សារ​ទួល​សង្កែ​អស់​ជាង​១០​ខ្នង

អគ្គីភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ផ្សារ​ទួល​សង្កែ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កក្កដា។

0:00 / 0:00

អគ្គីភ័យ​ឆេះ​បំផ្លាញ​ផ្ទះ និង​កន្លែង​លក់​ដូរ​នៅ​បរិវេណ​ផ្សារ​ទួល​សង្កែ អស់​ប្រមាណ​ជាង ១០​ខ្នង និង​តូប​លក់​ដូរ​មួយ​ចំនួនទៀត នៅ​វេលា​ម៉ោង​ប្រមាណ​ពីរ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៣ កក្កដា។ ផ្ទះ​ទាំង​នោះ​ភាគ​ច្រើន​ជា​ផ្ទះ​ឈើ និង​ថ្ម ស្ថិត​នៅ​ជាប់ៗ​គ្នា។

លោក នេត វន្ថា ប្រធាន​ការិយាល័យ​នគនបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ មាន​ប្រសាសន៍​បញ្ជាក់​ថា៖ «សរុប​ខូច​ខាត​ដែល​យើង​យក​ជា​បឋម​បាន​នេះ ខូចខាត គឺ​តូប​ចំនួន ២៣៨​នោះ គឺ​ឆេះ ០៨ ហើយ​ផ្ទះ យើង​ឃើញ​ជា​បឋប​ចំពោះ​មុខ​ហ្នឹង​ខូច​ខាត​ចំនួន ១៣​ខ្នង ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន ២៨​គ្រឿង»

ស្រ្តី​ម្នាក់​ឈ្មោះ ណាំ ណាក់ ជា​អាជីវករ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់ បាន​ឲ្យ​ដឹង​នៅ​ពេល​កំពុង​ជញ្ជូន​អីវ៉ាន់​គេច​ចេញ​ថា អគ្គីភ័យ​នេះ​ឆេះ​ចេញ​ពី​ផ្ទះ​លក់​ដូរ​ចាន​ឆ្នាំង និង​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​នៅ​ខាង​ក្នុង​ផ្សារ​ប៉ែក​ខាង​ត្បូង។ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ច្បាស់​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ៖ «ឆេះ​ផ្ទះ​ពូ​វ៉ាន់ គាត់​ជួល​ផ្ទះ​ឲ្យ​គេ ផ្ទះ​ឈើ​អីវ៉ាន់​ច្រើន​ណាស់ ឡើង​ណែន​ពេញ​តែម្តង»

ពលរដ្ឋ​រង​គ្រោះ​ខ្លះ​សន្និដ្ឋាន​ថា អាច​មក​ពី​មាន​គេ​លួច​ដុត ពីព្រោះ​ផ្ទះ​មួយ​នៅ​ជិត​នឹង​ផ្ទះ​ដើម​ហេតុ​ឆេះ​ដំបូង​គេ​នោះ ធ្លាប់​មាន​ឈ្លោះ​ប្តី​ប្រពន្ធ ហើយ​គំរាម​ដុត​ផ្ទះ​ជា​ញឹកញាប់៖ «វា​ឈ្លោះ​គ្នា​ប្តី​ប្រពន្ធ​ផ្ទះ​ជួល​នៅ​ខាង​ក្រោយ​វា​ដុត គេ​មក​តែម្តង ផ្ទះ​អា វ៉ាន់ វា​ជួល​ឲ្យ​គេ។ ប្រាប់​វា​រួច​ហើយ វា​ដុត​ឆេះ​ពីរ​បី​ដង​ហើយ គេ​ជួយ​ទាន់ ម្តង​នេះ​ជួយ​លែង​ទាន់»

នៅ​គ្រា​នោះ​ដែរ ពលរដ្ឋ​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​ក្នុង​អគ្គីភ័យ​នោះ​ដែរ បាន​រិះគន់​សមត្ថកិច្ច​ថា បាន​យក​ចិត្ត​ទុក​ដាក់​បាញ់​ទឹក​តែ​ទៅ​លើ​ផ្ទះ​ធំៗ​នៅ​ខាង​ក្រៅ​ជាប់​ផ្លូវ​ធំ តែ​នៅ​ខាង​ក្នុង​ពួក​គាត់​មិន​បាន​ចាប់​អារម្មរណ៍​ឡើយ៖ «ផ្ទះ​មាន​សិទ្ធិ​រស់​រាន​ដូច​គ្នា ហើយ​អត់​ចូល​ទៅ​បាញ់​ដល់​ក្នុង​ឡាន​មក​នៅ​តែ​ក្រៅ ចង់​ឡាន​ប៉ុន្មាន​ក៏​ចូល​រួច​ដែរ ផ្លូវ​ក្នុង​ហ្នឹង ផ្លូវ​ប៉ុណ្ណា​ណី អត់​នាំ​គ្នា​ចូល​ជួយ​ទៅ​បាញ់​ឡាន នាំ​គ្នា​នៅ​ក្រៅ​ទាំង​អស់»

សមត្ថកិច្ច​ពន្លត់​អគ្គីភ័យ និង​អាជ្ញាធរ​ក្រុង​ពុំ​ទាន់​មាន​ឱកាស​ឆ្លើយ​តប​ចំពោះ​បញ្ហា​ពលរដ្ឋ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ។

លោក ទូច ណារ៉ុថ ស្នងការ​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​នៅ​ទី​កើត​ហេតុ​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា សមត្ថកិច្ច​លោក​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​មូលហេតុ និង​ចំនួន​នៃ​ការ​ខូច​ខាត​ទាំង​ស្រុង​បាន​នៅ​ឡើយ៖ «ចំពោះ​មុខ​នេះ​យើង​មិន​ទាន់​អាច​និយាយ​បាន​ថា តើ​មក​ពី​មូលហេតុ​អ្វី​ទេ ថា​តើ​វា​ឆេះ​ដោយសារ​ផ្ទុះ​ធុង​ហ្គាស ឬ​ក៏​ផ្ទុះ​សេ​ចរន្ត​អគ្គិសនី គឺ​អត់​ទេ។ គ្រាន់​តែ​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ កម្លាំង​ខាង​អង្គរក្ស កម្លាំង​ប្រឆាំង​ភេរវកម្ម កង​រាជ​អាវុធ​ហត្ថ ហើយ​ប្រមូល​សម្រុក​យក​ឡាន​ទឹក​ទាំង​អស់​មក​ជួយ​ទប់ ព្រោះ​នេះ​ជា​ករណី​ឆេះ​ផ្សារ មិន​ឆេះ​ផ្ទះ​ធម្មតា​ទេ ដូច្នះ​យើង​ឃើញ​ថា រូបភាព​នៃ​ការ​ឆេះ​នេះ​គឺ​វា​ធំធេង​ណាស់»

តែ​ទោះ​យ៉ាង​ណា​ពុំ​ទាន់​មាន​របាយការណ៍​ពី​សមត្ថកិច្ច ថា​មាន​មនុស្ស​មាន​គ្រោះថ្នក់​ដល់​អាយុ​ជីវិត​ទេ​នៅ​ក្នុង​គ្រោះ​អគ្គីភ័យ​នោះ ប៉ុន្តែ​មាន​អ្នក​ដួល​សន្លប់​ខ្លះ។

អគ្គីភ័យ​នោះ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ​ជាង ៤​រសៀល បន្ទាប់​ពី​សមត្ថកិច្ច​ប្រើ​ឡាន​ទឹក​ជា​ច្រើន​គ្រឿង​ដើម្បី​ចូល​ទៅ​ពន្លត់។ ស្រប​ពេល​គ្នា​នេះ​ដែរ សមត្ថកិច្ច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន និង​ចូល​រួម​បង្ការ​គ្រោះ​អគ្គីភ័យ។

មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​បាន​អះអាង​ថា ចាប់​តាំង​ពី​ខែ​មករាឆ្នាំ​២០១២ រហូត​មក​ដល់​ពេល​នេះ អគ្គីភ័យ​ធំៗ​បាន​កើត​មាន​ជិត ៣០​លើក​ហើយ​នៅ​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។