កាលពីសប្ដាហ៍កន្លងទៅនេះ មានសេចក្តីរាយការណ៍ព័ត៌មាននានាឲ្យដឹងថា មូលហេតុដែលនាំឲ្យត្រីងាប់នោះ គឺដោយសារតែគេដាក់ថ្នាំពុលក្នុងចំណីត្រី បាចឲ្យត្រីស៊ី។ ប៉ុន្តែមន្ត្រីជំនាញជលផលបានចុះទៅស៊ើបអង្កេតដោយផ្ទាល់ បានរកឃើញថា មូលហេតុដែលនាំឲ្យត្រីងាប់នោះ គឺដោយសារតែត្រីខ្វះអុកស៊ីហ្សែននៅក្នុងទឹក ដើម្បីដកដង្ហើម។
ករណីត្រីងាប់នៅបឹងទន្លេសាប នៅខេត្តកំពង់ឆ្នាំង នោះ គឺនៅគ្រាដែលរដ្ឋបាលជលផលកំពុងតែអនុវត្តវិធានការរដូវបិទនេសាទ និងជារដូវត្រីពងកូន។
ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក ដែលបានតាមដានករណីនេះ បានមានប្រសាសន៍តាមទូរស័ព្ទ ពីខេត្តព្រៃវែង មកថា ពុំមានត្រីងាប់ទៀតទេនៅបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង នោះ។ លោកបានស្នើឲ្យសហគមន៍អ្នកនេសាទ បន្តតាមដានករណីនេះទៀត៖ «នែ! យើងសន្និដ្ឋានជាជំហានដំបូងភ្លាមហ្នឹងថា ត្រីហ្នឹងគឺវាមកពីទឹកស្អុយ ខ្វះអុកស៊ីហ្សែន ដោយសារតែទឹករលួយស្លឹកឈើ ស្មៅហ្នឹងណា ហើយយើងវិភាគបានកាលពីថ្ងៃអាទិត្យកន្លងមកនេះ ចេញលទ្ធផលគឺអត់ឃើញមានសារជាតិពុល ឬក៏កន្ទក់ដែលមានអ្នកខ្លះគេប្រកាសថា ត្រីហ្នឹងពុលដោយសារតែមានគេបាចថ្នាំពុលលាយជាមួយកន្ទក់អីចឹង គឺអត់មានទេ។ ហើយទី២ គឺយើងពិនិត្យឃើញថា អុកស៊ីហ្សែន នៅក្នុងទឹកមានតែ ២,៩ មិល្លីក្រាមក្នុងមួយលីត្រទឹក ហើយត្រីវាត្រូវការអុកស៊ីហ្សែនហ្នឹង ៤,៥ មិល្លីក្រាមក្នុងមួយលីត្រទឹក ទើបវាអាចរស់បាន»។
លោកបានប៉ាន់ស្មានថា ត្រីដែលបានងាប់កាលសប្ដាហ៍កន្លងមកនេះ គឺមានចំនួនជាង ៦០០គីឡូក្រាម។
ទាក់ទងនឹងករណីត្រីងាប់ជាច្រើនរយគីឡូក្រាមនេះ នាយកប្រតិបត្តិ នៃសម្ព័ន្ធភាពដើម្បីអភិវឌ្ឍន៍ធនធានជលផល នៅប្រទេសកម្ពុជា លោក ឱម សាវ៉ាត បានមានប្រសាសន៍ថា លោកសោកស្ដាយយ៉ាងខ្លាំង ដោយសារតែរដូវនេះជារដូវត្រីពងកូន៖ «កាលណាវាងាប់ច្រើន វាប៉ះពាល់ដល់ផលស្តុក ឬត្រីមេពូជមួយចំនួន ដែលយើងមានការព្រួយបារម្ភដែរលោក»។
សេចក្តីប្រកាសរបស់រដ្ឋបាលជលផល ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ បានឲ្យដឹងថា លទ្ធផលនៃការចុះស៊ើបអង្កេតរបស់មន្ត្រីជំនាញជលផលកន្លងមកនេះ បានរកឃើញថា ត្រីដែលបានងាប់កាលពីសប្ដាហ៍កន្លងមកនេះ គឺជាប្រភេទត្រីរៀលអង្កាម ត្រីអង្កត់ប្រាក់ ត្រីកំផ្លៀវ និងត្រីខ្នងវែង ដែលជាប្រភេទត្រី ស ត្រូវការអុកស៊ីហ្សែនកម្រិតខ្ពស់។
កន្លែងកើតហេតុនោះ គឺជាវាលស្មៅ និងវាលត្រែង ដែលមានទំហំជាង ១០ហិកតារ និងមានត្រីងាប់នៅរាយប៉ាយ ប៉ុន្តែត្រីដទៃទៀត បានងើបក្បាលពីផ្ទៃទឹក ដើម្បីដកដង្ហើម។
ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក បានបញ្ជាក់ថា កន្លែងដទៃទៀត នៅបឹងទន្លេសាបពុំមានករណីត្រីងាប់បែបនេះកើតឡើងទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។