លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១២ បានអំពាវនាវសុំឲ្យប្រជានេសាទនៅបឹងទន្លេសាប បញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដូចជា ការឆក់ត្រី និងសំណាញ់ក្រឡាញឹក ដើម្បីចាប់ត្រី នៅតំបន់អភិរក្សត្រីធម្មជាតិនៅបឹងទន្លេសាប និងតំបន់នេសាទជាសាធារណៈ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើមិនដូច្នោះទេ អ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នោះ និងត្រូវចាប់ឃាត់ ខ្លួនផ្ដន្ទាទោសតាមច្បាប់ជលផល។ លោកព្រមានទៀតថា លោកមិនសម្រួលឲ្យមានការលើកលែងទោស ឬដោះលែងឲ្យមានសេរីភាពវិញ ដូចពេលមុនទៀតឡើយ។
ការព្រមាននេះ បានធ្វើឡើងក្រោយពីមន្ត្រីជលផលបានចុះបង្ក្រាបបទល្មើសនេសាទត្រី នៅបឹងទន្លេ សាប ចំនួនជាង ៥០០ ករណី នៅខែមីនា ឆ្នាំ ២០១២ ថ្មីៗ នេះ និងបទល្មើសនេសាទថ្មីមួយចំនួនទៀត នៅខែមេសា ឆ្នាំ ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅឯពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១១ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅមហាវិទ្យាល័យកសិកម្ម ចម្ការដូងថា សូមឲ្យប្រជាពលរដ្ឋកុំប្រើឧបករណ៍នេសាទខុសច្បាប់ បំផ្លាញធនធានមច្ឆាជាតិ នៅបឹងទន្លេសាប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ចាប់ពីពេលនេះតទៅ គឺអត់មានការយោគយល់បានបន្ថែមទេ។ ចាំឲ្យដោះទៀត អត់ទេ។ គុកហើយនិយាយឲ្យច្បាស់ត្រង់ៗ ជាមួយគ្នា។ ចង់ទៅចាប់មួយថ្ងៃ ២ ថ្ងៃ ៣ ថ្ងៃ ឬចាប់មួយអាទិត្យនៅកន្លែងហ្នឹងក៏បាន ឱ្យតែប្រើឧបករណ៍ត្រូវច្បាប់»។
លោក ហ៊ុន សែន ក៏បានទទូចសុំឲ្យអាជ្ញាធរនៅមូលដ្ឋាន ជាពិសេសអាជ្ញាធរខេត្តកំពង់ធំ ជាប់បឹងទន្លេសាប ត្រូវចូលរួមសហការបង្ក្រាបបទល្មើសនេសាទត្រី ពីព្រោះកន្លងមក អាជ្ញាធរនៅខេត្តកំពង់ធំ មិនបានសហការទេ ជាមួយរដ្ឋបាលជលផល។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន មានប្រសាសន៍ថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានសារៈសំខាន់ណាស់។
លោក ច័ន្ទ សារុន ៖ «ពង្រឹងដល់ការងារបង្ក្រាបបទល្មើសនេសាទ»។
ជារួម កិច្ចខិតខំប្រឹងប្រែងការពារមច្ឆាជាតិនៅបឹងទន្លេសាបនោះ គឺនៅគ្រាដែលរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កំពុងបានកំណត់តំបន់អភិរក្សត្រីជិតផុតពូជចំនួន ៥៨ ប្រភេទ នៅតំបន់អភិរក្សត្រីជិតផុតពូជ ចំនួន ៥០ កន្លែងនៅបឹងទន្លេសាប ដែលមានផ្ទៃទឹកទំហំជិត ១០ ម៉ឺនហិកតារ ក្រោយពីលោក ហ៊ុន សែន បានប្រកាសលុបឡូត៍នេសាទឯកជនសរុប ចំនួន ៣៧ កន្លែងនៅបឹងទន្លេសាប កាលពីខែកុម្ភៈ ឆ្នាំ ២០១២ ថ្មីៗ នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទូចសុំឲ្យអាជ្ញាធរនៅមូលដ្ឋាន នៅខេត្តចំនួន ៨ នៅជុំវិញបឹងទន្លេសាប សហការជាមួយរដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ពីព្រោះរដ្ឋបាលជលផល មិនអាចធ្វើការងារនេះតែម្នាក់ឯងបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។