ក៏ប៉ុន្តែ មានសេចក្ដីរាយការណ៍ថា ក្រោយការបើកឲ្យនេសាទនោះ អ្នកដាក់ដៃ ឬរបាំងដាក់ត្រីតាមដៃទន្លេ នៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ផ្លូវទឹក និងធ្វើឲ្យទឹកបុកដាច់ដីផ្ទះអ្នកស្រុក។
អ្នកស្រុកក្នុងឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង តវ៉ាថា របាំងដាក់ត្រីតាមដៃទន្លេតូចៗ ច្រើនស្អេកស្កះ បានធ្វើឲ្យប៉ះពាល់ការបើកបរទូកឆ្លងកាត់ចូលភូមិ និងធ្វើឲ្យទឹកបុកដាច់ដីផ្ទះនៅតាមមាត់ទឹក។
ពលរដ្ឋរស់នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ឈ្មោះ វ៉ាន់ សាន់ណា ថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ថា ក្រោយពីរដ្ឋបាលជលផលប្រកាសឲ្យប្រជាពលរដ្ឋអាចប្រកបរបរនេសាទបាន គាត់ឃើញឧបករណ៍នេសាទចម្រុះ ដាក់រាយពាសពេញផ្ទៃទឹកក្នុងដៃទន្លេតូច។ លោកបន្ថែមថា ឧបករណ៍នោះបានដាក់រាយចាប់ពីព្រែកឫស្សី ក្នុងខេត្តកណ្ដាល មកដល់ភូមិអន្លង់ទ្រា ខេត្តព្រៃវែង។
លោកថា ដោយសារតែឧបករណ៍នេសាទដាក់រាយតាមដងទន្លេតូច ឈ្មោះព្រែកកន្ទិល រាយពាសពេញពេកទៅ បានធ្វើឲ្យប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមផ្លូវទឹក បើកទូកទាក់ឧបករណ៍នេសាទនោះ ធ្វើឲ្យកើតមានជម្លោះញឹកញាប់។ លោកសុំឲ្យអាជ្ញាធរ និងមន្ត្រីជលផល ជួយដោះស្រាយបញ្ហាឧបករណ៍នេសាទដែលរាយពាសពេញផ្លូវទឹកនោះផង៖ «ឃើញមានដល់ទៅ ៤ដៃ ហើយវានៅក្បែរៗគ្នា។ ហើយពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមទឹក ព្រោះតំបន់ហ្នឹង វាអត់ទាន់បានគោក ដើម្បីធ្វើដំណើរតាមម៉ូតូ តាមកង់អីបានទេ»។
ស្ត្រីអ្នកភូមិអន្លង់ទ្រា សុំមិនបញ្ចេញឈ្មោះ ថ្លែងថា ឧបករណ៍នេសាទរាយតាមផ្លូវទឹកដាក់យកត្រី ក្នុងទន្លេតូច ក្រៅពីធ្វើឲ្យប៉ះពាល់ចរាចរណ៍ផ្លូវទឹក វាបានធ្វើឲ្យទឹកបោកពីទូកបើកបរទៅមក រលកបុកដាច់ដីផ្ទះរបស់អ្នករស់នៅជាប់មាត់ទឹក។ លោកស្រីបន្តថា រលកបោកយកដីផ្ទះគាត់ដាច់ដីរាល់ថ្ងៃ ធ្លាក់ចូលទឹកប្រមាណ ១ម៉ែត្រហើយ៖ «ផ្ទះក្បែរកៀកច្រាំងហ្នឹង ទឹកហូរខ្លាំង វាជះបុកវិល។ ផ្ទះបាក់ក្បែរច្រាំងទន្លេប្រហែល ១ម៉ែត្រ នៅពីក្រោយផ្ទះ»។
អ្នកស្រី ផាត នៅឃុំព្រែកជ្រៃ ថ្លែងថា គាត់បារម្ភខ្លាចបាក់ផ្ទះចូលទឹក ព្រោះដីដាច់ដល់សសរផ្ទះ៖ «ទឹកវាហូរ ណាមួយគេដាក់ដៃ ដល់ទៅទឹកវាច្រាល់ ដល់ទៅវាហូរកួច ហើយវាផុសទឹក កួចទៅដល់បាតដី អីចឹងបានវាផុសឡើងមកវិញ ហើយបាក់ដីដល់ជើងសសរផ្ទះតែម្តង»។
មេឃុំព្រែកជ្រៃ លោក គង់ សឿន ថ្លែងថា ប្រជាពលរដ្ឋបានប្ដឹងបញ្ហានេះ ហើយអាជ្ញាធរបានចុះសារឧបករណ៍នេសាទនោះ កុំឲ្យប៉ះពាល់ផ្លូវទឹក និងដាច់ដីផ្ទះអ្នកភូមិ។ អាជ្ញាធរកំពុងឃ្លាំមើលការប្រព្រឹត្តខុសការណែនាំរបស់ក្រុមអ្នកនេសាទ៖ «វាដាក់ដៃត្រីក្នុងទន្លេហ្នឹង វាមានការប៉ះពាល់ក្នុងការធ្វើចរាចរណ៍តិចតួច អីចឹងចាត់វិធានការឲ្យគាត់អ្នកដែលដាក់ហ្នឹង ឲ្យគាត់លើកចេញ»។
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំព្រែកជ្រៃ បានឲ្យដឹងថា ជនដែលប្រព្រឹត្តល្មើសការណែនាំនោះ មានតែ ៣ទៅ ៤នាក់ទេ ដែលគេប្រើឧបករណ៍មុខកាត់ ១០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ ហើយដាក់រាយពេញផ្ទៃទឹក នាំឲ្យទឹកហូរចូលខ្លាំង រលកបោកមកខ្ទប់នឹងដីមាត់ច្រាំង ហើយទឹកនោះមិនងាយហូរចេញទៅវិញ ដោយសាររបាំងត្រីនោះក្រឡាតូច ទឹកនៅកល់ក្បែរច្រាំង ធ្វើឲ្យរលកវិលទៅមក គួចបាក់ដីក្បែរមាត់ច្រាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។