ពលរដ្ឋ​ខេត្ត​ព្រៃវែង​ត្អូញ​ថា​របាំង​ដាក់​ត្រី​តាម​ដៃ​ទន្លេ​ធ្វើ​ឲ្យ​ទឹក​បុក​ដាច់​ដី​ផ្ទះ​តាម​មាត់​ទន្លេ

រដូវ​បើក​ឲ្យ​នេសាទ​នៅ​ដើម​ខែ​តុលា នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​ផល​ត្រី​ពី​ក្នុង​ទន្លេ ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត កំពុង​ដណ្ដើម​គ្នា​ដាក់​ឧបករណ៍​នេសាទ​ផ្សេងៗ នៅ​គ្រា​ដែល​រដ្ឋបាល​ជលផល​បើក​ឲ្យ​មាន​ការ​នេសាទ​ឡើង​វិញ។

0:00 / 0:00

ក៏ប៉ុន្តែ មាន​សេចក្ដី​រាយការណ៍​ថា ក្រោយ​ការ​បើក​ឲ្យ​នេសាទ​នោះ អ្នក​ដាក់​ដៃ ឬ​របាំង​ដាក់​ត្រី​តាម​ដៃ​ទន្លេ នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរាចរណ៍​ផ្លូវ​ទឹក និង​ធ្វើ​ឲ្យ​ទឹក​បុក​ដាច់​ដី​ផ្ទះ​អ្នក​ស្រុក។

អ្នក​ស្រុក​ក្នុង​ឃុំ​ព្រែកជ្រៃ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង តវ៉ា​ថា របាំង​ដាក់​ត្រី​តាម​ដៃ​ទន្លេ​តូចៗ ច្រើន​ស្អេកស្កះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​បើកបរ​ទូក​ឆ្លង​កាត់​ចូល​ភូមិ និង​ធ្វើ​ឲ្យ​ទឹក​បុក​ដាច់​ដី​ផ្ទះ​នៅ​តាម​មាត់​ទឹក។

ពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់ទ្រា ឃុំ​ព្រែកជ្រៃ ឈ្មោះ វ៉ាន់ សាន់ណា ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​តុលា ថា ក្រោយ​ពី​រដ្ឋបាល​ជលផល​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រកប​របរ​នេសាទ​បាន គាត់​ឃើញ​ឧបករណ៍​នេសាទ​ចម្រុះ ដាក់​រាយ​ពាសពេញ​ផ្ទៃ​ទឹក​ក្នុង​ដៃ​ទន្លេ​តូច។ លោក​បន្ថែម​ថា ឧបករណ៍​នោះ​បាន​ដាក់​រាយ​ចាប់​ពី​ព្រែក​ឫស្សី ក្នុង​ខេត្ត​កណ្ដាល មក​ដល់​ភូមិ​អន្លង់ទ្រា ខេត្ត​ព្រៃវែង។

លោក​ថា ដោយ​សារ​តែ​ឧបករណ៍​នេសាទ​ដាក់​រាយ​តាម​ដង​ទន្លេ​តូច ឈ្មោះ​ព្រែកកន្ទិល រាយ​ពាសពេញ​ពេក​ទៅ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក បើក​ទូក​ទាក់​ឧបករណ៍​នេសាទ​នោះ ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​ញឹកញាប់។ លោក​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជលផល ជួយ​ដោះស្រាយ​បញ្ហា​ឧបករណ៍​នេសាទ​ដែល​រាយ​ពាសពេញ​ផ្លូវ​ទឹក​នោះ​ផង៖ «ឃើញ​មាន​ដល់​ទៅ ៤ដៃ ហើយ​វា​នៅ​ក្បែរៗ​គ្នា។ ហើយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​តាម​ទឹក ព្រោះ​តំបន់​ហ្នឹង វា​អត់​ទាន់​បាន​គោក ដើម្បី​ធ្វើ​ដំណើរ​តាម​ម៉ូតូ តាម​កង់​អី​បាន​ទេ»

ស្ត្រី​អ្នក​ភូមិ​អន្លង់ទ្រា សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា ឧបករណ៍​នេសាទ​រាយ​តាម​ផ្លូវ​ទឹក​ដាក់​យក​ត្រី ក្នុង​ទន្លេ​តូច ក្រៅ​ពី​ធ្វើ​ឲ្យ​ប៉ះពាល់​ចរាចរណ៍​ផ្លូវ​ទឹក វា​បាន​ធ្វើ​ឲ្យ​ទឹក​បោក​ពី​ទូក​បើកបរ​ទៅ​មក រលក​បុក​ដាច់​ដី​ផ្ទះ​របស់​អ្នក​រស់នៅ​ជាប់​មាត់​ទឹក។ លោកស្រី​បន្ត​ថា រលក​បោក​យក​ដី​ផ្ទះ​គាត់​ដាច់​ដី​រាល់​ថ្ងៃ ធ្លាក់​ចូល​ទឹក​ប្រមាណ ១ម៉ែត្រ​ហើយ៖ «ផ្ទះ​ក្បែរ​កៀក​ច្រាំង​ហ្នឹង ទឹក​ហូរ​ខ្លាំង វា​ជះ​បុក​វិល។ ផ្ទះ​បាក់​ក្បែរ​ច្រាំង​ទន្លេ​ប្រហែល ១ម៉ែត្រ នៅ​ពី​ក្រោយ​ផ្ទះ»

អ្នកស្រី ផាត នៅ​ឃុំ​ព្រែកជ្រៃ ថ្លែង​ថា គាត់​បារម្ភ​ខ្លាច​បាក់​ផ្ទះ​ចូល​ទឹក ព្រោះ​ដី​ដាច់​ដល់​សសរ​ផ្ទះ៖ «ទឹក​វា​ហូរ ណា​មួយ​គេ​ដាក់​ដៃ ដល់​ទៅ​ទឹក​វា​ច្រាល់ ដល់​ទៅ​វា​ហូរ​កួច ហើយ​វា​ផុស​ទឹក កួច​ទៅ​ដល់​បាត​ដី អីចឹង​បាន​វា​ផុស​ឡើង​មក​វិញ ហើយ​បាក់​ដី​ដល់​ជើង​សសរ​ផ្ទះ​តែ​ម្តង»

មេ​ឃុំ​ព្រែកជ្រៃ លោក គង់ សឿន ថ្លែង​ថា ប្រជាពលរដ្ឋ​បាន​ប្ដឹង​បញ្ហា​នេះ ហើយ​អាជ្ញាធរ​បាន​ចុះ​សារ​ឧបករណ៍​នេសាទ​នោះ កុំ​ឲ្យ​ប៉ះពាល់​ផ្លូវ​ទឹក និង​ដាច់​ដី​ផ្ទះ​អ្នក​ភូមិ។ អាជ្ញាធរ​កំពុង​ឃ្លាំ​មើល​ការ​ប្រព្រឹត្ត​ខុស​ការ​ណែនាំ​របស់​ក្រុម​អ្នក​នេសាទ៖ «វា​ដាក់​ដៃ​ត្រី​ក្នុង​ទន្លេ​ហ្នឹង វា​មាន​ការ​ប៉ះពាល់​ក្នុង​ការ​ធ្វើ​ចរាចរណ៍​តិច​តួច អីចឹង​ចាត់​វិធានការ​ឲ្យ​គាត់​អ្នក​ដែល​ដាក់​ហ្នឹង ឲ្យ​គាត់​លើក​ចេញ»

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​ព្រែកជ្រៃ បាន​ឲ្យ​ដឹង​ថា ជន​ដែល​ប្រព្រឹត្ត​ល្មើស​ការ​ណែនាំ​នោះ មាន​តែ ៣​ទៅ ៤នាក់​ទេ ដែល​គេ​ប្រើ​ឧបករណ៍​មុខ​កាត់ ១០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ ហើយ​ដាក់​រាយ​ពេញ​ផ្ទៃ​ទឹក នាំ​ឲ្យ​ទឹក​ហូរ​ចូល​ខ្លាំង រលក​បោក​មក​ខ្ទប់​នឹង​ដី​មាត់​ច្រាំង ហើយ​ទឹក​នោះ​មិន​ងាយ​ហូរ​ចេញ​ទៅ​វិញ ដោយ​សារ​របាំង​ត្រី​នោះ​ក្រឡា​តូច ទឹក​នៅ​កល់​ក្បែរ​ច្រាំង ធ្វើ​ឲ្យ​រលក​វិល​ទៅ​មក គួច​បាក់​ដី​ក្បែរ​មាត់​ច្រាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។