ក្នុងពេលមកកម្ពុជា លោកស្រីបានចុះទៅមើលតំបន់មួយចំនួនដែលរងគ្រោះដោយសារទឹកជំនន់ និងបានជួបជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនដែលទទួលបន្ទុកការងារខាងការពារទឹកជំនន់។
មុនពេលចាកចេញពីកម្ពុជា លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម បានធ្វើសន្និសីទកាសែតនិយាយអំពីការយល់ឃើញរបស់លោកស្រី និងលទ្ធផលដែលលោកស្រីមកឃើញប្រទេសកម្ពុជា។
តំណាងពិសេសនៃអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកាត់បន្ថយហានិភ័យ លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម និយាយនៅថ្ងៃទី២៥ ខែមេសា ថា ប្រទេសកម្ពុជា ត្រូវពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានស្ដីពីទឹកជំនន់ឲ្យបានលឿនដល់ប្រជាពលរដ្ឋនៅតំបន់ទឹកលិច ដើម្បីពួកគេអាចរៀបចំខ្លួនបានមុនពេលទឹកជំនន់បានលិចភូមិឋានផ្ទះសំបែង។
លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម និយាយទៀតថា ទឹកជំនន់នៅកម្ពុជា បានកើតឡើងដោយមានមូលហេតុពាក់ព័ន្ធជាច្រើន។ ក្នុងនោះ ការរីកចំរើនរបស់ប្រទេសក៏បានរួមចំណែកធ្វើឲ្យមានទឹកជំនន់ដែរ ដូចជាការសង់ទីប្រជុំជនថ្មី ការសាងសង់ផ្លូវថ្នល់ថ្មី ដែលធ្វើឲ្យចរន្តទឹកហូរ មានការប្រែប្រួល ដូរទិសដៅជាដើម៖ «ហើយខ្ញុំមិនគិតថា មានការលាក់លៀមព័ត៌មានមិនចែករំលែកនោះទេ។ បញ្ហាដែលកើតមាននោះ វាពាក់ព័ន្ធជាមួយការអភិវឌ្ឍទីក្រុង ដែលមានការសាងសង់ទីប្រជុំជន ការសាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតនៅកន្លែងដែលទឹកធ្លាប់តែហូរ មិនមានការរាំងស្ទះ ទន្ទឹមនេះនៅខាងលើមានការបាត់បង់ព្រៃឈើ ក៏ដូចជាតម្រូវការសាងសង់ទំនប់វារីអគ្គិសនីផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺទឹកជំនន់វាមកលឿន ហើយវានៅរយៈពេលវែង អត់ទៅណា ដូច្នេះទាមទារឲ្យមានហេដ្ឋារចនាសម្ពន្ធរឹងមាំសម្រាប់ការពារ»។
ក្រុមអ្នកជំនាញការបានព្យាករណ៍ថា ទឹកជំនន់នៅកម្ពុជា គឺជាបាតុភូតធម្មជាតិដែលបង្កការខូចខាតដល់កម្ពុជា ហើយទឹកជំនន់នោះ កាន់តែអាក្រក់ជាងមុនថែមទៀត ដោយសារការប្រែប្រួលនៃអាកាសធាតុ។ ក្នុងឆ្នាំ២០១១ កន្លងទៅ ទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្សប្រមាណ ២៤៧នាក់ និងមនុស្សចំនួនជាង ១,៥លាននាក់ជួបទុក្ខលំបាកដោយសារទឹកជំនន់នោះ។ មានដីស្រែចំនួន ១លានហិកតារបានលិច ប៉ះពាល់ដោយសារទឹកជំនន់ ហើយខេត្តរងការលិចទឹកធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាងគេ គឺខេត្តព្រៃវែង។
នៅក្នុងគ្រោះទឹកជំនន់កាលពីឆ្នាំ២០១១ កន្លងទៅ ស្ថាប័នតំណាង អ.ស.ប. នៅប្រទេសកម្ពុជា បានចូលរួមចំណែកជួយប្រជាពលរដ្ឋខ្មែរដែលរងគ្រោះទឹកជំនន់ គិតជាប្រាក់មានចំនួន ៤លានដុល្លារអាមេរិក។
នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានេះ លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម បានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប ហើយលោកស្រីបានពិភាក្សាអំពីកិច្ចសហការ និងវិធានការជួយប្រជាពលរដ្ឋ បើសិនជាមានទឹកជំនន់ធំកើតមាននៅឆ្នាំ២០១២ ទៀត។
កាលពីថ្ងៃទី២៣ មេសា លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជួបជាមួយលោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម ។ ក្រោយពេលជួបពិភាក្សាគ្នា លោក ញឹម វណ្ណដា បានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលកម្ពុជា មានវិធានការការពារទុកជាមុនមួយចំនួន ដើម្បីការពារគ្រោះទឹកជំនន់ បើសិនជាកើតមានក្នុងឆ្នាំ២០១២។ វិធានការទាំងនោះ រួមមានកិច្ចសហការថ្នាក់ជាតិ និងអន្តរជាតិ និងការផ្ដល់ព័ត៌មានអំពីគ្រោះទឹកជំនន់ឲ្យដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
