កំណាត់ផ្លូវជាតិលេខ ៧៦ នៅជិតទីរួមស្រុកលំផាត់ ត្រូវទឹកជន់លិចកាត់ផ្ដាច់ការធ្វើដំណើរជាង ២០០ម៉ែត្រ។
អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន មានប្រសាសន៍បញ្ជាក់ថា ថ្វីត្បិតផ្ទៃមេឃមានពន្លឺព្រះអាទិត្យក្ដៅឡើងវិញខ្លះក្ដី ក៏ប៉ុន្តែដុំពពកខ្មៅនៅមានដេរដាសនៅឡើយ ចំណែកទឹកទន្លេនៅបន្តឡើងថែមទៀត។
លោកកត់សំគាល់ថា រហូតមកទល់នឹងម៉ោង ៣រសៀលនេះ ជំនន់ទឹកភ្លៀងនៃទន្លេស្រែពក មិនទាន់បង្កការខូចខាតផលដំណាំស្រែចំការប្រជាពលរដ្ឋនៅឡើយទេ៖ «ពពកបើកថ្ងៃចែស បើកតែថ្ងៃ ប៉ុន្តែសន្ទុះទឹកកាន់តែឡើង។ ឥឡូវវាប៉ះពាល់នៅតាមដងផ្លូវដែលយើងធ្វើដំណើរ យើងមិនអាចធ្វើចរាចរណ៍បានទេ យើងវាងតាមផ្លូវព្រលានចាស់ ហើយជម្រៅប្រហែលមួយម៉ែត្រពីរ ប៉ុន្តែបើសិនទឹកឡើងកន្លះម៉ែត្រទៀត ព្រលានចាស់ក៏មិនអាចធ្វើដំណើរបានដែរ»។
ចំណែកប្រធានមន្ទីរធនធានទឹក ឧតុនិយម និងជលសាស្ត្រ ខេត្តរតនគិរី លោក យូ ឡាង មានប្រសាសន៍បញ្ជាក់ថា ទឹកទន្លេសេសាន ក៏ឡើងកម្ពស់ទឹកជាងមួយម៉ែត្រខុសពេលធម្មតាដែរ ក៏ប៉ុន្តែមិនមានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋតាមដងទន្លេនៅឡើយ។
លោករំពឹងថា ខ្យល់ព្យុះ ហ្គាអេមី នឹងមិនមានបង្កគ្រោះមហន្តរាយអ្វីដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរីទេ។
យ៉ាងនេះក្ដី មន្ត្រីអាជ្ញាធរស្រុកលំផាត់ បានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរស់នៅជាប់ដងទន្លេស្រែពក ត្រៀមលក្ខណៈប្រុងប្រយ័ត្នប្រកាសភាពអាសន្ន រហូតដល់ម៉ោងសូន្យចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ ទើបខ្យល់ព្យុះអស់ឥទ្ធិពល តាមការព្យាកររបស់មន្ត្រីឧតុនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។