ឥទ្ធិពល​នៃ​ខ្យល់​ព្យុះ​ហ្គាអេមី​បង្ក​ជា​ទឹក​ជំនន់​គំរាម​ក្រុង​ពោធិ៍សាត់

ឥទ្ធិពល​នៃ​ខ្យល់​ព្យុះ​ហ្គាអេមី (GAEMI) ដែល​បាន​បោក​បក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ កំពុង​បង្ក​ជា​ទឹក​ជំនន់​គំរាម​ក្រុង​ពោធិ៍សាត់ និង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ។
ដោយ មណ្ឌល កែវ
2012-10-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទឹក​ជំនន់​នៅ​ពោធិ៍សាត់ ២០១២ ៣០៥
សមត្ថកិច្ច​ចម្រុះ ដាក់​បាវ​ច្រក​ដី​ទប់​ទឹក​ដែល​ហូរ​ចូល​ក្រុង​នៅ​មុខ​សាលា​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២។
RFA/Mondul Keo

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ បាន​ព្រមាន​ថា ក្រុង​ពោធិ៍សាត់ និង​ស្រុក​មួយ​ចំនួន ក្នុង​ខេត្ត អាច​រង​ការ​លិចលង់​ធ្ងន់ធ្ងរ ប្រសិន​បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ។

លោក កែវ វ័យ ជា​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៩ តុលា ថា ព្យុះ​ហ្គាអេមី បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ។ លោក​ថា ទឹក​ភ្លៀង​នេះ​បាន​ហូរ​ធ្លាក់​យ៉ាង​គំហុក​មក​ស្ទឹង​ពោធិ៍សាត់ បង្ក​ជា​ជំនន់​ទឹក​ភ្លៀង បណ្ដាល​ឲ្យ​ក្រុង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ និង​ស្រុក​កណ្ដៀង ដែល​នៅ​ជាប់​ស្ទឹង​ពោធិ៍សាត់ បាន​រង​ការ​លិច​ដោយ​អន្លើៗ។ លោក​បន្ត​ថា ស្រុក​បាកាន ទទួល​រង​នូវ​ទឹក​ពី​ស្ទឹង​ស្វាយដូនកែវ និង​ស្រុក​ក្រគរ ដែល​ទទួល​រង​ទឹក​ពី​ស្ទឹង​បំណក់ ក៏​កំពុង​លិច​ដោយ​អន្លើៗ​ផង​ដែរ។

លោក កែវ វ័យ៖ «យើង​គិត​មក​ដល់​ពេល​នេះ យើង​ឃើញ​ថា កម្ពស់​ទឹក​នៅ​ស្រុក​ភ្នំក្រវាញ កាល​ពី​ម្សិលមិញ ឡើង​ដល់ ៦,៤០​ម៉ែត្រ តែ​មក​ដល់​ឥឡូវ​នេះ វា​បាន​ស្រក​ចុះ​មក​នៅ​ត្រឹម​៦,១០​ម៉ែត្រ។ ប៉ុន្តែ សម្រាប់​ក្រុង​ពោធិ៍សាត់ កាល​ពី​ម្សិលមិញ គឺ ៥,១៥​ម៉ែត្រ តែ​ឥឡូវ​ឡើង​ដល់ ៥,៣០​ម៉ែត្រ។ ស្ថានភាព​នេះ ប្រសិន​បើ​ពុំ​មាន​ភ្លៀង​ភាគ​ខាង​លើ គឺ​នៅ​ជួរ​ភ្នំ​ក្រវាញ ទៀត​ទេ​នោះ គឺ​នៅ​ល្ងាច​ថ្ងៃ​នេះ ឬ​ពាក់​កណ្ដាល​យប់​នេះ ទឹក​នៅ​ក្រុង​ពោធិ៍សាត់ នឹង​ស្រក​ចុះ​បន្តិច​វិញ»

តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី៨ តុលា ទឹក​បាន​ចាប់​ផ្ដើម​ហូរ​ចូល​ក្រុង​ពោធិ៍សាត់ តាម​ចំណុច​ដែល​មាន​ស្ថានភាព​ទាប អាជ្ញាធរ​ខេត្ត និង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ផ្នែក ក្នុង​ខេត្ត បាន​ប្រើ​បាវ​ច្រក​ដី ដើម្បី​ទប់​កុំ​ឲ្យ​ទឹក​ហូរ​ចូល​ទីក្រុង។ ទោះ​បី​មាន​ការ​ខិតខំ​យ៉ាង​នេះ​ក្ដី តំបន់​មួយ​ចំនួន​នៃ​ក្រុង​ពោធិ៍សាត់ បាន​ត្រូវ​ទឹក​លិច បណ្ដាល​ឲ្យ​ចរាចរណ៍​ត្រូវ​កាត់​ផ្ដាច់​នៅ​ព្រឹក​ថ្ងៃ​ទី៩ តុលា។

ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចន្ធី កំពុង​ដឹកនាំ​កម្លាំង​ប៉ូលិស​ខេត្ត ធ្វើ​ការ​ទប់​ទឹក​នៅ​ចំណុច​មុខ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី៩ តុលា។ លោក​ស្នងការ​បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉ូលិស​ចំនួន ១០០នាក់ កង​រាជ​អាវុធហត្ថ​ខេត្ត ៥០នាក់ និង​មន្ត្រី​រាជការ​ក្នុង​ខេត្ត​ទាំង​អស់ កំពុង​នាំ​គ្នា​ធ្វើ​ការ​ច្រក​ដី​ដាក់​ក្នុង​បាវ ដើម្បី​ទប់​កុំ​ឲ្យ​ទឹក​ហូរ​ចូល​ទីក្រុង​បាន។

លោក សារុន ចន្ធី៖ «យើង​កំពុង​ដឹក​ដី និង​ការុង​មក​បិទ​នៅ​ពី​មុខ​សាលា​ខេត្ត ព្រោះ​ឥឡូវ​វា​កំពុង​ហូរ​ពី​លើ​ទំនប់​ដែល​យើង​បាន​ទប់​កាល​ពី​យប់​មិញ។ បើ​ក្នុង​ថ្ងៃ​នេះ យើង​ទប់​បាន វា​មិន​អី​ទេ ព្រោះ​ឥឡូវ​នៅ​ក្រវាញ បាន​ស្រក​បន្តិច​ហើយ។ ទឹក​នេះ វា​មាន​ប្រភព​មក​ពី​ស្ទឹង៣ គឺ​ស្ទឹងធំ មក​ពី​វាលវែង ស្ទឹង​អារ៉ៃ និង​ស្ទឹង​ស្រែខ្លុង។ ពីរ​ថ្ងៃ​មុន​នេះ ស្ទឹង​ទាំង​៣ វា​ជន់​ទាំង​អស់ តែ​ឥឡូវ ស្ទឹង​ធំ ចាប់​ស្រក​ហើយ ហើយ​ភាគ​ខាង​លើ អន់​ភ្លៀង​ហើយ។ ដូច្នេះ សង្ឃឹម​ថា​មិន​អី​ទេ។ តែ​បើ​សិន​ជា​ភ្លៀង​ធ្លាក់​ទៀត​នោះ វា​អាច​នឹង​ថែម​មក​ទៀត​ហើយ»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី៩ តុលា ពុំ​ទាន់​មាន​របាយការណ៍​ជាក់​លាក់​អំពី​ការ​លិច​លង់​ដោយ​ទឹក​ជំនន់​នេះ ថា​មាន​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ស្រែ​ស្រូវ​គិត​ជា​ទឹក​ប្រាក់​អស់​ប៉ុន្មាន​នោះ​ទេ។ យ៉ាង​នេះ​ក្ដី អាជ្ញាធរ​សង្កាត់​ចំរើនផល ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា កុមារា​ម្នាក់​អាយុ ២ឆ្នាំ​បាន​លង់​ទឹក​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នេះ កាល​ពី​ល្ងាច​ថ្ងៃ​ទី៨ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល