មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានព្រមានថា ក្រុងពោធិ៍សាត់ និងស្រុកមួយចំនួន ក្នុងខេត្ត អាចរងការលិចលង់ធ្ងន់ធ្ងរ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅតំបន់ជួរភ្នំក្រវាញ។
លោក កែវ វ័យ ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោកបានឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី៩ តុលា ថា ព្យុះហ្គាអេមី បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ជួរភ្នំក្រវាញ។ លោកថា ទឹកភ្លៀងនេះបានហូរធ្លាក់យ៉ាងគំហុកមកស្ទឹងពោធិ៍សាត់ បង្កជាជំនន់ទឹកភ្លៀង បណ្ដាលឲ្យក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកកណ្ដៀង ដែលនៅជាប់ស្ទឹងពោធិ៍សាត់ បានរងការលិចដោយអន្លើៗ។ លោកបន្តថា ស្រុកបាកាន ទទួលរងនូវទឹកពីស្ទឹងស្វាយដូនកែវ និងស្រុកក្រគរ ដែលទទួលរងទឹកពីស្ទឹងបំណក់ ក៏កំពុងលិចដោយអន្លើៗផងដែរ។
លោក កែវ វ័យ៖ «យើងគិតមកដល់ពេលនេះ យើងឃើញថា កម្ពស់ទឹកនៅស្រុកភ្នំក្រវាញ កាលពីម្សិលមិញ ឡើងដល់ ៦,៤០ម៉ែត្រ តែមកដល់ឥឡូវនេះ វាបានស្រកចុះមកនៅត្រឹម៦,១០ម៉ែត្រ។ ប៉ុន្តែ សម្រាប់ក្រុងពោធិ៍សាត់ កាលពីម្សិលមិញ គឺ ៥,១៥ម៉ែត្រ តែឥឡូវឡើងដល់ ៥,៣០ម៉ែត្រ។ ស្ថានភាពនេះ ប្រសិនបើពុំមានភ្លៀងភាគខាងលើ គឺនៅជួរភ្នំក្រវាញ ទៀតទេនោះ គឺនៅល្ងាចថ្ងៃនេះ ឬពាក់កណ្ដាលយប់នេះ ទឹកនៅក្រុងពោធិ៍សាត់ នឹងស្រកចុះបន្តិចវិញ»។
តាំងពីល្ងាចថ្ងៃចន្ទ ទី៨ តុលា ទឹកបានចាប់ផ្ដើមហូរចូលក្រុងពោធិ៍សាត់ តាមចំណុចដែលមានស្ថានភាពទាប អាជ្ញាធរខេត្ត និងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ក្នុងខេត្ត បានប្រើបាវច្រកដី ដើម្បីទប់កុំឲ្យទឹកហូរចូលទីក្រុង។ ទោះបីមានការខិតខំយ៉ាងនេះក្ដី តំបន់មួយចំនួននៃក្រុងពោធិ៍សាត់ បានត្រូវទឹកលិច បណ្ដាលឲ្យចរាចរណ៍ត្រូវកាត់ផ្ដាច់នៅព្រឹកថ្ងៃទី៩ តុលា។
ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក សារុន ចន្ធី កំពុងដឹកនាំកម្លាំងប៉ូលិសខេត្ត ធ្វើការទប់ទឹកនៅចំណុចមុខសាលាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៩ តុលា។ លោកស្នងការបានឲ្យដឹងថា កម្លាំងប៉ូលិសចំនួន ១០០នាក់ កងរាជអាវុធហត្ថខេត្ត ៥០នាក់ និងមន្ត្រីរាជការក្នុងខេត្តទាំងអស់ កំពុងនាំគ្នាធ្វើការច្រកដីដាក់ក្នុងបាវ ដើម្បីទប់កុំឲ្យទឹកហូរចូលទីក្រុងបាន។
លោក សារុន ចន្ធី៖ «យើងកំពុងដឹកដី និងការុងមកបិទនៅពីមុខសាលាខេត្ត ព្រោះឥឡូវវាកំពុងហូរពីលើទំនប់ដែលយើងបានទប់កាលពីយប់មិញ។ បើក្នុងថ្ងៃនេះ យើងទប់បាន វាមិនអីទេ ព្រោះឥឡូវនៅក្រវាញ បានស្រកបន្តិចហើយ។ ទឹកនេះ វាមានប្រភពមកពីស្ទឹង៣ គឺស្ទឹងធំ មកពីវាលវែង ស្ទឹងអារ៉ៃ និងស្ទឹងស្រែខ្លុង។ ពីរថ្ងៃមុននេះ ស្ទឹងទាំង៣ វាជន់ទាំងអស់ តែឥឡូវ ស្ទឹងធំ ចាប់ស្រកហើយ ហើយភាគខាងលើ អន់ភ្លៀងហើយ។ ដូច្នេះ សង្ឃឹមថាមិនអីទេ។ តែបើសិនជាភ្លៀងធ្លាក់ទៀតនោះ វាអាចនឹងថែមមកទៀតហើយ»។
រហូតមកដល់ល្ងាចថ្ងៃទី៩ តុលា ពុំទាន់មានរបាយការណ៍ជាក់លាក់អំពីការលិចលង់ដោយទឹកជំនន់នេះ ថាមានការខូចខាតទ្រព្យសម្បត្តិ និងស្រែស្រូវគិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ។ យ៉ាងនេះក្ដី អាជ្ញាធរសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានឲ្យដឹងថា កុមារាម្នាក់អាយុ ២ឆ្នាំបានលង់ទឹកស្លាប់ក្នុងគ្រោះទឹកជំនន់នេះ កាលពីល្ងាចថ្ងៃទី៨ តុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
