មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រៀម​ការពារ​ទឹក​ជំនន់

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា ក្រសួង​ធនធាន​ទឹក​បាន​ព្យាករ​ថា ​ឆ្នាំ​២០១២ នេះ ទឹក​ទន្លេ​មេគង្គ ទន្លេសាប ទន្លេ​ចតុមុខ នឹង​ឡើង​ខ្លាំង​ជាង​ឆ្នាំ​២០១១។

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​ត្រៀម​លក្ខណៈ​ការពារ​ទឹក​ជំនន់ ទោះ​បី​ពលរដ្ឋ​ដែល​មិន​ធ្លាប់​មាន​ទឹក​ជន់​ចូល​ភូមិ​ឋាន​ក៏ដោយ។

នាយ​ខុទ្ទកាល័យ និង​ជា​អនុ​ប្រធាន​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ថ្លែង​ថា ក្រសួង​ធនធាន​ទឹក​បាន​ព្យាករ​ទឹក​ជំនន់​នៅ​ក្នុង​ឆ្នាំ​រោង ថា​នឹង​ឡើង​ខ្ពស់​ជាង​រាល់​ឆ្នាំ៖ «ព្រោះ​នៅ​ក្នុង​ឆ្នាំ​២០១២ នេះ នឹង​មាន​បញ្ហា​នេះ​កើត​ឡើង ហើយ​អាច​គាត់​នឹង​ចូល​រួម​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន និង​បុគ្គលិក​ស្ម័គ្រ​ចិត្ត​របស់​កាកបាទ​ក្រហម ពេល​មាន​បញ្ហា​ណា​កើត​ឡើង»

ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​នេះ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​វាល ឃុំ​កំពង់រាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម លោកស្រី អែម ហៀវ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ គាត់​មាន​ការ​លំបាក​កន្លែង​សម្រាប់​គោ​សំរាក ពីព្រោះ​ទឹក​ឡើង​ខ្លាំង គោ​គ្មាន​កន្លែង​ដេក។ ​ប៉ុន្តែ​ឆ្នាំ​នេះ​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្សព្វផ្សាយ​ថា ទឹក​នៅ​ក្នុង​ឆ្នាំ​រោង​នឹង​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១១ កម្ពស់​កន្លះ​ម៉ែត្រ​ថែម​ទៀត គាត់​បាន​រៀបចំ​ត្រៀម​ចាក់​ដី​សំរាប់​ធ្វើ​ទួល​ឲ្យ​គោ​សម្រាក និង​ត្រៀម​ចង​ស្មៅ ចំបើង​ទុក​ដាក់​ហើយ។ ចំណែក​ផ្ទះ​វិញ គាត់​ជួល​គេ​លើក​ខ្ពស់​ជាង​មុន ១​ម៉ែត្រ​ទៀត​ពី​ដី។

ឯ​វិធី​ការពារ​ជីវិត​មនុស្ស គាត់​ត្រៀម​ចាន​ដែក និង​ធុង​ជ័រ ព្រម​ទាំង​កិន​អង្ករ​ទុក​បង្ការ​ក្រែង​ទឹក​ចូល​មិន​បាន​ការពារ​អាច​ខ្វះ​ស្បៀង៖ «ខ្ញុំ​បាន​លើក​ទួល​គោ​ហើយ នៅ​ស្មៅ... ទិញ​ចំបើង​គេ​មក​ញាត់​ជង្រុក​ហ្នឹង។ លិច​គួរ​សម​ដែរ​ឆ្នាំ​ទៅ វា​ហូរ​ដែរ ប៉ុន្តែ​ថា ទួល​គោ​ខ្ញុំ​អត់​បាន​ត្រៀម»

លោក រៀម កាក់ នៅ​ភូមិ​នោះ​ដែរ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ត្រៀម​ថវិកា​ជួល​ទូក​ជិះ​ចម្លង​សត្វ និង​មនុស្ស ប្រសិន​បើ​ខែ​កញ្ញា ខែ​តុលា ខាង​មុខ ទឹក​ឡើង​ខ្លាំង​មិន​អាច​ទប់ទល់​បាន ដើម្បី​ជម្លៀស​ទៅ​រស់​នៅ​ភ្នំ​ពាមជាំង ក្បែរ​ស្រុក​អូររាំងឪ ឯ​ណោះ។

លោក រៀម កាក់៖ «ត្រៀម​លើក​ទួល​លើក​អី​ហើយ ស្មៅ​អី​ក៏​កំពុង​ទិញ ចំបើង​អី​ដាក់​ត្រៀម​ហើយ ព្រោះ​ឆ្នាំ​ទៅ​វា​លិច​ហ្ហែល​ៗ ឥឡូវ​លើក​ជួល​គេ ២០​ម៉ែត្រ​ហើយ។ តែ​ដល់​លិច​លង់​មុខ​ជា​រត់​ទៅ​មុខ​ជា​រត់​ទៅ​ភ្នំ​ពាមជាំង​នោះ​ហើយ ស្រែ​ស្ពៃ​នោះ ក្បែរ​អូររាំងឪ»

ចំណែក​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ជា​តំបន់​ទឹក​លិច​រាល់​ឆ្នាំ លោកស្រី កែវ សុខា អះអាង​ថា គាត់​ត្រៀម​រួច​ហើយ និង​បង្ការ​ខ្លាច​កូន​ធ្លាក់​ទឹក​នៅ​ពេល​ទឹក​ឡើង​នា​ខែ​ខាង​មុខ៖ «ពេល​ទឹក​ជំនន់ ខ្ញុំ​ជីក​ស្មៅ​គោ​ឲ្យ​គោ​ស៊ី​ឲ្យ​ច្រើន ហើយ​នឹង​ប្រមូល​របស់​របរ​ទុក​ឲ្យ​ស្រួលបួល កុំ​ឲ្យ​ទឹក​ជំនន់​ហូរ​រសាត់​បាត់​អស់»

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ​២០១១ ២០១២ បង្ហាញ​ថា ផ្ទៃ​ដី​ស្រូវ​វស្សា​ដែល​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនន់​មាន​ប្រមាណ​ជាង ៤១​ម៉ឺន​៦​ពាន់​ហិកតារ។ ក្នុង​នោះ​ស្រូវ​ខូច​ទាំង​ស្រុង​ជាង ២៦​ម៉ឺន ៧​ពាន់​ហិកតារ ហើយ​ផ្ទៃ​ដី​ដំណាំ​រួមផ្សំ និង​ដំណាំ​កសិ-ឧស្សាហកម្ម​ ជាង ៣​ម៉ឺន​ហិកតារ បាន​ជន់​លិច ក្នុង​នោះ​ខូច​ចំនួន ២២.៩០៣​ហិកតារ។ ពិត​មែន​តែ​ផ្ទៃដី​ជិត ២៧​ម៉ឺន​ហិកតារ​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ទន្លេ​មេគង្គ តែ​បរិមាណ​ទិន្នផល​ស្រូវ នៅ​តែ​ទទួល​បាន​ជាង ៨,៧៧​លាន​តោន និង​អាច​សល់​ស្បៀង​ជា​ស្រូវ​ជាង ៤,៣៤​លាន​តោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។