មន្ត្រីសាលាស្រុកពួកបានឱ្យដឹងថា រយៈពេល ២-៣ថ្ងៃជាប់ៗគ្នានេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំល្វា បានចាប់ផ្តើមជម្លៀសចេញពីលំនៅឋានទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីមានទឹកជន់ខ្លាំង បណ្តាលឱ្យលិចភូមិឋាន និងស្រែចំការរបស់ពួកគេ។
លោក ពេជ្រ សុខាល័យ គឺជាអភិបាលស្រុកពួក។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៧ ខែកញ្ញា ថា ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងខ្លាំង បានលិចវាលស្រែចំការនៅតាមឃុំមួយចំនួន ក្នុងស្រុករបស់លោករយៈពេល ២-៣ថ្ងៃមកហើយ។
មន្ត្រីដដែលបានបញ្ជាក់ថា ទឹកជំនន់កំពុងគំរាមកំហែងទៅលើឃុំពី ៤ ទៅ ៥ ក្នុងចំណោមឃុំទាំងអស់ចំនួន ១៤ នៅក្នុងស្រុកនេះ៖ «តាមពិតឃុំរើល វាលិចមុនគេ ប៉ុន្តែឥឡូវនេះវាស្រកចុះបន្តិចវិញហើយ ប្រហែលជាជិត ១តឹកដែរ។ មកទល់នឹងពេលនេះ មានតែឃុំល្វាមួយទេដែលបានជម្លៀសចេញពីតាមភូមិមកនៅតាមថ្នល់ ដោយសារភាពលិចលង់រឹតតែខ្លាំង។ មានឃុំផ្សេងទៀតក៏លិចដែរ ដូចជានៅឃុំយាង ក៏វាមានលិចផ្លូវទំនាក់ទំនងក្នុងភូមិដែរ ប៉ុន្តែមិនទាន់មានបញ្ហាលិចដល់ផ្ទះសម្បែងនៅឡើយទេ។ ការលិចលង់មាន ៤ ទៅ ៥ឃុំ ប៉ុន្តែឃុំចំនួន ២ទៀតនោះ អត់ទាន់រាយការណ៍មកច្បាស់ ព្រោះយើងអត់អាចធ្វើដំណើរទៅបានទេ ទាល់តែជិះទូក»។
ទោះយ៉ាងណារហូតមកដល់ពេលនេះ អាជ្ញាធរស្រុកពួក នៅមិនទាន់ដឹងច្បាស់ពីចំនួនប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលបានជម្លៀសចេញពីលំនៅឋាន និងមានដីស្រែចំការចំនួនប៉ុន្មានហិកតារ កំពុងលិចលង់នៅក្នុងទឹកជំនន់នោះទេ។ អាជ្ញាធរបានឱ្យដឹងថា មានក្មេងម្នាក់បានលង់ទឹកជំនន់ស្លាប់កាលពីពីរថ្ងៃមុន នៅក្នុងឃុំពួក។
លោក ណៃ ស៊ីណាត គឺជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិព្រលឹត នៃឃុំរើល ចម្ងាយប្រមាណ៧គីឡូម៉ែត្រ ភាគខាងលិចពីទីរួមស្រុក។ គាត់បានមានប្រសាសន៍ថា អ្នកភូមិរបស់គាត់ជាច្រើនគ្រួសារកំពុងជម្លៀសសត្វចិញ្ចឹម មានមាន់ ជ្រូក និងគោជាដើម ចេញពីលំនៅនាន ទៅស្នាក់នៅបណ្តោះអាសន្នតាមដងផ្លូវចំនួន ២-៣ថ្ងៃមកហើយ។
លោក ណៃ ស៊ីណាត៖ «វាលិច មាន់ ទា គោ ក្របី គ្នាអត់មានកន្លែងដេក។ ស្រែអីលិចអស់រលីងហើយ មិនឃើញមានស្រមោល មើលទៅឃើញទឹកដូចទន្លេអ៊ីចឹង។ ២ថ្ងៃ ៣ថ្ងៃៗនេះហើយ។ ទឹកជំនន់មកពីគោកត្រាច គោកខ្នាំង ត្រពាំងធំ រំដួល ក្បាលក្រពើ ជាប់ព្រំប្រទល់ស្រុកអង្គរធំ។ តាមថ្នល់ទៅអង្គរជុំ ចាប់ពីពួក ទៅដល់រើល វាលិចស្មើក្បាលជង្គង់ កន្លែងខ្លះស្មើស្មង ពាក់កណ្ដាលស្មង។ តាមផ្ទះណាដែលទាបៗនៅជិតនឹងថ្នល់ ក៏លិចទាំងអស់ មិនមានកន្លែងដេកទេ»។
ទោះយ៉ាងណាអាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា គេមិនទាន់បានទទួលព័ត៌មានពីតាមបណ្ដាស្រុកនានា ស្តីពីស្ថានភាពទឹកជំនន់នៅឡើយទេ។
លោក ប៊ុន ថាឫទ្ធិ ជាអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ទឹកជំនន់ដែលជន់លិចនៅតាមឃុំខ្លះនៃស្រុកពួកនោះ អាចគំរាមកំហែងដល់ផ្នែកខ្លះរបស់ទីក្រុងសៀមរាប ផង ពីព្រោះតែផ្នែកខាងក្រោមរបស់ទីក្រុង កំរិតទឹកបានប៉ប្រះថ្នល់ ចំណែកនៅប៉ែកខាងជើងផ្លូវនៃស្ពានវាងទីក្រុង គឺទឹកបានលិចហើយ។
លោក ប៊ុន ថាឫទ្ធិ បានមានប្រសាសន៍ថា ទោះយ៉ាងណា បើពិនិត្យជារួម សម្រាប់ខេត្តទូទៅគឺស្ថានការណ៍ទឹកជំនន់ពុំទាន់មានអ្វីគួរឱ្យព្រួយបារម្ភនៅឡើយទេ ពីព្រោះកំរិតទឹកតាមវាលមិនទាន់មាននៅឡើយ ដោយសារតែអាជ្ញាធរបានរៀបចំប្រព័ន្ធជម្លៀសទឹកនៅតាមដងផ្លូវ ក្នុងទីក្រុង និងតាមជនបទ នៅក្នុងភូមិនានា បានប្រសើរជាងឆ្នាំមុន។ ទោះយ៉ាងណាអាជ្ញាធរក៏បានរៀបចំក្រុមសង្គ្រោះ ដើម្បីត្រៀមប្រតិបត្តិការទុកជាស្រេចដែរ នៅពេលណាដែលទឹកជំនន់កើតឡើងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។