ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់

ទឹក​ជំនន់​​ដោយសារ​ភ្លៀង​ខ្លាំង​បាន​ចាប់​ផ្តើម​ជន់​លិច​ផ្លូវ​ថ្នល់ និង​ស្រែ​ចំការ​ជា​ច្រើន​ហិកតារ​នៅ​តាម​ឃុំ​មួយ​ចំនួន នៃ​​ស្រុក​ពួក ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប រយៈពេល ២-​៣​ថ្ងៃ​ចុង​ក្រោយ​នេះ។

0:00 / 0:00

មន្ត្រី​សាលា​ស្រុក​ពួក​បាន​ឱ្យ​ដឹង​ថា រយៈពេល ២-​៣​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់​នៅ​ក្នុង​ឃុំ​ល្វា បាន​ចាប់​​ផ្តើម​​​​​​ជម្លៀស​ចេញ​ពី​លំនៅឋាន​​​ទៅ​រក​ទីទួល​​​សុវត្ថិភាព បន្ទាប់ពី​មាន​ទឹក​​ជន់​ខ្លាំង បណ្តាល​​ឱ្យ​លិច​ភូមិឋាន និង​ស្រែ​​ចំការ​​​​​​​របស់​ពួកគេ។

លោក ពេជ្រ សុខាល័យ គឺ​ជា​អភិបាល​ស្រុក​ពួក។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កញ្ញា ថា ទឹក​ជំនន់​ដែល​បណ្ដាល​​​​មក​ពី​ភ្លៀង​ខ្លាំង បាន​លិច​​វាលស្រែ​ចំការ​នៅ​តាម​ឃុំ​មួយ​ចំនួន ក្នុង​ស្រុក​របស់​លោក​រយៈពេល ២-​៣​ថ្ងៃ​​មក​ហើយ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​​ថា ទឹក​ជំនន់​កំពុង​គំរាម​កំហែង​ទៅ​លើ​ឃុំ​ពី ៤ ទៅ ៥ ក្នុង​ចំណោម​ឃុំ​ទាំង​អស់​ចំនួន ១៤ នៅ​ក្នុង​ស្រុក​នេះ៖ «តាម​ពិត​ឃុំ​រើល វា​លិច​មុន​គេ ប៉ុន្តែ​ឥឡូវ​នេះ​វា​ស្រក​ចុះ​បន្តិច​វិញ​ហើយ ប្រហែល​ជា​ជិត ១​តឹក​ដែរ។ មក​ទល់​នឹង​ពេល​នេះ​ មាន​តែ​ឃុំ​ល្វា​មួយ​ទេ​ដែល​បាន​ជម្លៀស​ចេញ​ពី​តាម​ភូមិ​មក​នៅ​តាម​ថ្នល់ ដោយសារ​ភាព​លិច​លង់​រឹតតែ​ខ្លាំង។ មាន​ឃុំ​ផ្សេង​ទៀត​ក៏​លិច​ដែរ ដូច​ជា​នៅ​ឃុំ​យាង ក៏​វា​មាន​លិច​ផ្លូវ​ទំនាក់​ទំនង​ក្នុង​ភូមិ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​បញ្ហា​លិច​ដល់​ផ្ទះ​សម្បែង​នៅ​ឡើយ​ទេ។ ការ​លិច​លង់​មាន ៤ ទៅ ៥​ឃុំ ប៉ុន្តែ​ឃុំ​ចំនួន ២​ទៀត​នោះ អត់​ទាន់​រាយការណ៍​មក​ច្បាស់ ព្រោះ​យើង​អត់​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ទេ ទាល់​តែ​ជិះ​ទូក»

ទោះ​យ៉ាង​ណា​រហូត​មក​ដល់ពេល​នេះ អាជ្ញាធរ​ស្រុក​ពួក នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ចំនួន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​បាន​​ជម្លៀស​ចេញ​ពី​លំនៅឋាន និង​មាន​ដី​ស្រែ​ចំការ​​ចំនួន​​ប៉ុន្មាន​ហិកតារ​ កំពុង​​លិចលង់​នៅ​ក្នុង​ទឹក​ជំនន់​នោះ​ទេ។ អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា មាន​ក្មេង​ម្នាក់​បាន​លង់​ទឹក​ជំនន់​ស្លាប់​កាល​ពី​ពីរ​ថ្ងៃ​មុន នៅ​ក្នុង​ឃុំ​ពួក។

លោក​ ណៃ ស៊ីណាត គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​ព្រលឹត នៃ​ឃុំ​រើល ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ ភាគ​ខាង​​លិច​ពី​ទី​រួម​​ស្រុក។ គាត់​បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​គាត់​ជា​ច្រើន​គ្រួសារ​កំពុង​​​ជម្លៀស​សត្វ​ចិញ្ចឹម មាន​មាន់ ជ្រូក និង​គោ​ជាដើម​ ចេញ​ពី​លំនៅនាន ទៅ​ស្នាក់​នៅ​បណ្តោះអាសន្ន​តាម​ដង​ផ្លូវ​ចំនួន ២-​៣​ថ្ងៃ​មក​ហើយ។

លោក ណៃ ស៊ីណាត៖ «វា​លិច មាន់ ទា គោ ក្របី គ្នា​អត់​មាន​កន្លែង​ដេក។ ស្រែ​អី​លិច​អស់​រលីង​ហើយ មិន​ឃើញ​មាន​ស្រមោល មើល​ទៅ​ឃើញ​ទឹក​ដូច​ទន្លេ​អ៊ីចឹង។ ២​ថ្ងៃ ៣​ថ្ងៃៗ​នេះ​ហើយ។ ទឹក​ជំនន់​មក​ពី​គោកត្រាច គោក​ខ្នាំង ត្រពាំងធំ រំដួល ក្បាល​ក្រពើ ជាប់​ព្រំប្រទល់​ស្រុក​អង្គរធំ។ តាម​ថ្នល់​ទៅ​អង្គរជុំ ចាប់​ពី​ពួក ទៅ​ដល់​រើល វា​លិច​​ស្មើ​ក្បាលជង្គង់ កន្លែង​ខ្លះ​ស្មើ​ស្មង ពាក់​កណ្ដាល​ស្មង។ តាម​ផ្ទះ​ណា​ដែល​​ទាបៗ​​នៅ​ជិត​នឹង​ថ្នល់ ក៏​លិច​ទាំង​អស់ មិន​មាន​កន្លែង​ដេក​ទេ»

ទោះ​យ៉ាង​ណា​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​​ពី​តាម​បណ្ដា​ស្រុក​នានា​ ស្តី​ពី​ស្ថានភាព​​ទឹក​ជំនន់​នៅ​ឡើយ​ទេ។

លោក ប៊ុន ថាឫទ្ធិ ជា​អភិបាល​រង​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ទឹក​ជំនន់​ដែល​ជន់​លិច​នៅ​តាម​​ឃុំ​ខ្លះ​នៃ​ស្រុក​​ពួក​នោះ ​អាច​គំរាម​កំហែង​ដល់​ផ្នែក​ខ្លះ​របស់​ទីក្រុង​សៀមរាប ផង ​ពីព្រោះ​តែ​ផ្នែក​ខាង​ក្រោម​របស់​ទីក្រុង​ កំរិត​ទឹក​បាន​ប៉ប្រះ​​ថ្នល់ ចំណែក​​នៅ​ប៉ែក​ខាង​ជើង​ផ្លូវ​នៃ​ស្ពាន​វាង​ទីក្រុង គឺ​ទឹក​បាន​លិច​ហើយ។

លោក ប៊ុន ថាឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា​ បើ​ពិនិត្យ​​ជា​រួម​ សម្រាប់​ខេត្ត​ទូទៅ​គឺ​ស្ថានការណ៍​ទឹក​ជំនន់​ពុំ​ទាន់​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ​ទេ ពីព្រោះ​​កំរិត​ទឹក​តាម​វាល​មិន​ទាន់​មាន​នៅ​ឡើយ ដោយ​សារ​តែ​អាជ្ញាធរ​បាន​​រៀប​ចំប្រព័ន្ធ​ជម្លៀស​ទឹក​នៅ​តាម​ដង​ផ្លូវ ​ក្នុង​​ទីក្រុង និង​តាម​​ជនបទ នៅ​ក្នុង​ភូមិ​នានា​ បាន​ប្រសើរ​ជាង​ឆ្នាំ​មុន។ ទោះ​យ៉ាងណា​​អាជ្ញាធរ​ក៏​​បាន​​រៀបចំ​​ក្រុម​​សង្គ្រោះ ដើម្បី​ត្រៀម​ប្រតិបត្តិការ​ទុក​​​ជា​ស្រេច​ដែរ​ នៅ​​ពេល​ណា​ដែល​ទឹក​ជំនន់​​កើត​ឡើង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។