ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាននៅតាមខេត្តក្រុងភាគខាងជើងប្រទេសកម្ពុជា ដើម្បីនាំគ្នាប្រកាសផ្សព្វផ្សាយប្រាប់ឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យយកចិត្តទុកដាក់ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងការពារទ្រព្យសម្បត្តិនៅគ្រាដែលគ្រោះថ្នាក់ ដោយសារជំនន់ទឹកភ្លៀង នឹងអាចកើតមានឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនៅដើមខែកញ្ញា ឆ្នាំ២០១២។
មន្ត្រីនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានមានប្រសាសន៍នៅថ្ងៃទី១ ខែកញ្ញា ថា ស្ថានភាពទឹកជំនន់នៅក្នុងទន្លេមេគង្គ ពុំទាន់មានកម្រិតខ្ពស់ទេ ហើយទឹកជំនន់ដែលអាចកើតមាននៅពេលនេះ ក៏មិនទាន់មានទ្រង់ទ្រាយធំដូចនៅចុងខែកញ្ញា ខែតុលា ខាងមុខនេះទេ។ ប៉ុន្តែបញ្ហាសំខាន់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ព្រោះកាលណាមានទឹកឡើងខ្លាំងល្បឿនទឹកហូរលឿនអាចបង្កគ្រោះថ្នាក់បាន។
លោក ចាន់ យុត្ថា៖ «រហូតមកដល់ម៉ោង ១០ព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ ជ្រលងសម្ពាធទាប បានវិវត្តទៅជាប្រព័ន្ធសម្ពាធទាប ហើយមកដល់ពេលនេះ គឺ យើងកំពុងទទួលឥទ្ធិពលបានន័យថា វាបានបង្កើនឥទ្ធិពលពីជ្រលងសម្ពាធទាបទៅជាប្រព័ន្ធសម្ពាធទាប អ៊ីចឹងបានន័យថា ឥទ្ធិពលរបស់បាតុភូតធម្មជាតិនេះ មានឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើអាងទន្លេមេគង្គភាគខាងលើ គឺនៅក្នុងប្រទេសថៃ និងប្រទេសឡាវ»។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា បន្ទាប់ពីធ្វើការអង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមករកឃើញថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ មានជ្រលងសម្ពាធទាបបានអូសបន្លាយលើអាងទន្លេមេគង្គ រហូតដល់ភាគខាងជើងប្រទេសកម្ពុជា។ មកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ នេះ ជ្រលងសម្ពាធទាបខាងលើបានលាតសន្ធឹងកាន់តែជ្រៅ និងបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។
លក្ខណៈបែបនេះ នឹងធ្វើឲ្យផ្ទៃមេឃមានពពកច្រើនមីរដេរដាស ហើយអាចធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ នៅតំបន់ទំនាប និងតំបន់ខ្ពង់រាបដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួន។ ក្នុងនោះមានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រះវិហារ ក្រចេះ កំពង់ចាម កំពង់ធំ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្ដាល ព្រៃវែង និងខេត្តស្វាយរៀង។ ទន្ទឹមគ្នានេះដែរ កម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប នឹងហក់ឡើងជាបន្តបន្ទាប់។
មន្ត្រីនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានមានប្រសាសន៍ថា អ្នកមានលំនៅឋាននៅជាប់នឹងទន្លេ ជាពិសេសទន្លេមេគង្គសុំឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់៖ «ហើយដោយសារទឹកភ្លៀងដែលអាចនឹងធ្លាក់ជោគជំាក្នុងរយៈពេល ៤ថ្ងៃខាងមុខនេះ។ អ៊ីចឹងទេគឺតំបន់យើងមិនសំដៅថាសុទ្ធតែលិចទាំងអស់ទេ ក៏ប៉ុន្តែតំបន់ទំនាបនៅក្នុងខេត្តនីមួយៗ ជាពិសេសទំនាបដែលជាប់ទៅនឹងតំបន់ភ្នំ អាចមានភ្លៀងធ្លាក់ខ្លាំងដូចការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម»។
លោកបន្តថា យោងលើស្ថានភាពធាតុអាកាសដូច្នេះ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ និងខេត្តដូចបានជម្រាបជូននេះ ជាពិសេសនៅភូមិសាស្ត្រជាប់ភ្នំ តំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹក សូមបង្កើតការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។