ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ភាគ​ខាង​ជើង​ប្រុង​ប្រយ័ត្ន​ទឹក​ជំនន់

គ្រោះ​ជំនន់​ទឹក​ភ្លៀង​នឹង​អាច​កើត​មាន​ឡើង​នៅ​ក្នុង​រយៈពេល ៤​ថ្ងៃ​ជាប់​គ្នា​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

0:00 / 0:00

ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ខេត្ត​ក្រុង​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ដើម្បី​នាំ​គ្នា​ប្រកាស​ផ្សព្វ​ផ្សាយ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ការពារ​ទ្រព្យសម្បត្តិ​នៅ​គ្រា​ដែល​គ្រោះ​ថ្នាក់​ ដោយសារ​ជំនន់​ទឹក​ភ្លៀង នឹង​អាច​កើត​មាន​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​លោក ចាន់ យុត្ថា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា ស្ថានភាព​ទឹក​ជំនន់​នៅ​ក្នុង​ទន្លេ​មេគង្គ ពុំ​ទាន់​មាន​កម្រិត​ខ្ពស់​ទេ ហើយ​ទឹក​ជំនន់​ដែល​អាច​កើត​មាន​នៅ​ពេល​នេះ ​ក៏​មិន​ទាន់​មាន​ទ្រង់ទ្រាយ​ធំ​ដូច​​នៅ​ចុង​ខែ​កញ្ញា ​ខែ​តុលា ខាង​មុខ​នេះ​ទេ។ ប៉ុន្តែ​បញ្ហា​សំខាន់​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ ព្រោះ​កាល​ណា​មាន​ទឹក​ឡើង​ខ្លាំង​ល្បឿន​ទឹក​ហូរ​លឿន​អាច​បង្ក​គ្រោះថ្នាក់​បាន។

លោក ចាន់ យុត្ថា៖ «រហូត​មក​ដល់​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ជ្រលង​សម្ពាធ​ទាប​ បាន​វិវត្ត​ទៅ​ជា​ប្រព័ន្ធ​សម្ពាធ​ទាប ហើយ​មក​ដល់​ពេល​នេះ គឺ ​យើង​កំពុង​ទទួល​ឥទ្ធិពល​បាន​ន័យ​ថា វា​បាន​បង្កើន​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ទៅ​ជា​ប្រព័ន្ធ​សម្ពាធ​ទាប​ អ៊ីចឹង​បាន​ន័យ​ថា ឥទ្ធិពល​របស់​បាតុភូត​ធម្មជាតិ​នេះ​ មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​នៅ​លើ​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​លើ​ គឺ​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ»

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​ការ​អង្កេត​តាម​ដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​រក​ឃើញ​ថា នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា ឆ្នាំ​២០១២​ មាន​ជ្រលង​សម្ពាធ​ទាប​បាន​អូស​បន្លាយ​លើ​អាង​ទន្លេ​មេគង្គ​ រហូត​ដល់​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។ មក​ដល់​ថ្ងៃ​ទី​១ ​ខែ​កញ្ញា​ ឆ្នាំ​២០១២ នេះ ជ្រលង​សម្ពាធ​ទាប​ខាង​លើ​បាន​លាត​សន្ធឹង​កាន់​តែ​ជ្រៅ ​និង​បង្កើន​ឥទ្ធិពល​កាន់​តែ​​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា។

លក្ខណៈ​បែប​នេះ ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​មាន​ពពក​ច្រើន​មីរដេរដាស ​ហើយ​អាច​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​តំបន់​ទំនាប​ និង​តំបន់​ខ្ពង់រាប​ដែល​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​ខេត្ត​មួយ​ចំនួន។ ក្នុង​នោះ​មាន​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ ​បាត់ដំបង​ ពោធិ៍សាត់​ សៀមរាប ​ព្រះវិហារ​ ក្រចេះ ​កំពង់ចាម ​កំពង់​ធំ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នាំង ​តាកែវ កណ្ដាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង។ ទន្ទឹម​គ្នា​នេះ​ដែរ កម្ពស់​ទឹក​ទន្លេ​មេគង្គ ទន្លេ​បាសាក់ ​ទន្លេ​សាប​ នឹង​ហក់​ឡើង​ជា​បន្តបន្ទាប់។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​លោក ចាន់ យុត្ថា បាន​មាន​ប្រសាសន៍​ថា អ្នក​មាន​លំនៅឋាន​នៅ​ជាប់​នឹង​ទន្លេ ​ជាពិសេស​ទន្លេ​មេគង្គ​សុំ​ឲ្យ​បង​ប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់៖ «ហើយ​ដោយសារ​ទឹក​ភ្លៀង​ដែល​អាច​នឹង​ធ្លាក់​ជោគជំា​ក្នុង​រយៈពេល ៤​ថ្ងៃ​ខាង​មុខ​នេះ។ អ៊ីចឹង​ទេ​គឺ​តំបន់​យើង​មិន​សំដៅ​ថា​សុទ្ធ​តែ​លិច​ទាំង​អស់​ទេ ​ក៏​ប៉ុន្តែ​តំបន់​ទំនាប​នៅ​ក្នុង​ខេត្ត​នីមួយៗ ​ជាពិសេស​ទំនាប​ដែល​ជាប់​ទៅ​នឹង​តំបន់​ភ្នំ អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដូច​ការ​ព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម»

លោក​បន្ត​ថា យោង​លើ​ស្ថានភាព​ធាតុអាកាស​ដូច្នេះ ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម សូម​អំពាវ​នាវ​ដល់​អាជ្ញាធរ​ដែន​ដី ​និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់ ​និង​ខេត្ត​ដូច​បាន​ជម្រាប​ជូន​នេះ ជាពិសេស​នៅ​ភូមិសាស្ត្រ​ជាប់​ភ្នំ ​តំបន់​ទំនាប ​និង​តំបន់​ជាប់​ផ្លូវ​ទឹក សូម​បង្កើត​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។