ព្រៃ​លិច​ទឹក​ប្រមាណ​៤​ពាន់​ហិកតារ​នៅ​កំពង់ធំ​ត្រូវ​កាប់​រាន​យក​ដី

ប្រធាន​សហគមន៍​នេសាទ​នៅ​ក្នុង​ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខែត្រ​កំពង់ធំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ កក្កដា ថា ក្រុម​ឈ្មួញ និង​ប្រជាពលរដ្ឋ​បាន​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹងរៀល អស់​ប្រមាណ ៤​ពាន់​ហិកតារ​ហើយ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំង។
ដោយ ទីន ហ្សាការីយ៉ា
2012-07-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈើ កំពង់ធំ ៣០៥
សកម្មភាព​គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​តំបន់​ព្រៃ​លិច​ទឹក យក​ធ្វើ​ស្រែ​ប្រាំង នៅ​ក្នុង​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Tin Zakariya

ប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់គោ លោក ទុយ យ៉ុង មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា នេះ លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជួយ​ចុះ​បង្ក្រាប​ក្រុម​ឈ្មួញ​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​រៀល ពីព្រោះ​ថា កន្លង​មក​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់​ខែត្រ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពុំ​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​ខែត្រ​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​លិច​ទឹក​នេះ​ទេ។

លោក ទុយ យ៉ុង បាន​បញ្ជាក់​ថា លោក​ព្រួយ​បារម្ភ​ព្រៃ​លិច​ទឹក​នឹង​បាត់បង់​អស់​នៅ​តំបន់​បឹង​រៀល និង​តំបន់​ដទៃ​ទៀត​នៅ​ក្នុង​ខែត្រ​កំពង់ធំ ដោយសារ​តែ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ថា​ខ្លួន​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​ខែត្រ​ក្នុង​ការ​កាប់​រាន​ព្រៃ​នៅ​តំបន់​អភិរក្ស​ធ្វើ​ស្រែ​ប្រាំង។

លោក ទុយ យ៉ុង៖ «ការ​កាប់​ព្រៃ​លិច​ទឹក​ហ្នឹង​ធ្វើ​ឲ្យ​បាត់​បង់​ជម្រក​ត្រី​ពង និង​ជម្រក​សត្វ​គ្រប់​ប្រភេទ និង​ប្រជាជន​យើង ខ្ញុំ​មិន​ដឹង​ជា​រក​ផល​ត្រី​បាន ឬ​មិន​បាន​ទេ​នៅ​រដូវ​វស្សា ដោយសារ​តែ​ប្រជាពលរដ្ឋ​កាប់​រាន​ព្រៃ​លិច​ទឹក​អានាធិបតេយ្យ និង​ក្រុមហ៊ុន​មួយ​ចំនួន​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក»

ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​ស្រែ​ប្រាំង​នេះ នៅ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​ទី​១ កក្កដា នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​មច្ឆាជាតិ​លើក​ទី​១០ ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ព្រៃ​លិច​ទឹក​ឡើង​វិញ​នៅ​តំបន់​អភិរក្ស ដោយ​ព្រមាន​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាត់​ការ​ទៅ​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កាប់​ព្រៃ​លិច​ទឹក​នេះ។

លោក ហ៊ុន សែន បាន​ប្រកាស​ថា នៅ​ក្នុង​ខែត្រ​កំពង់ធំ ក្នុង​ស្រុក​ស្ទោង រដ្ឋាភិបាល​បាន​រក​ឃើញ​ថា ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ត្រូវ​គេ​​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ៖ «ស្រុក​ស្ទោង ខែត្រ​កំពង់ធំ អនុញ្ញាត​ឲ្យ​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​បី​តែម្ដង អ៊ីចឹង​ទេ សកម្មភាព​នេះ​មហន្តរាយ​ហើយ។ នៅ​ថ្ងៃ​ទី​៩ កក្កដា ព្រះមហាក្សត្រ​ព្រះអង្គ​យាង​ទៅ​ដាំ​កូន​ឈើ​ហើយ យើង​ត្រូវ​តែ​ដាំ​កូន​ឈើ អ៊ីចឹង​ទេ​យើង​អំពាវនាវ​ឲ្យ​ដាំ​ព្រៃ​លិច​ទឹក បែរ​ជា​យើង​នាំ​គ្នា​កាប់​ព្រៃ​លិច​ទឹក»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​នៅ​ខែត្រ​កំពង់ធំ បាន​លើក​ឡើង​ថា ការ​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​អភិរក្ស​នេះ ដោយសារ​អាជ្ញាធរ​ខែត្រ និង​នាយ​ខណ្ឌ​ជលផល​ខែត្រ មិន​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​នេះ។ ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា បញ្ហា​ទាំង​នេះ​វា​ជាប់​ទៅ​នឹង​អំពើ​ពុករលួយ​របស់​មន្ត្រី​ពាក់ព័ន្ធ ពិសេស​នាយ​ខណ្ឌ​ជលផល​ខែត្រ​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខែត្រ​កំពង់ធំ លោក ប៉ែន វណ្ណារិទ្ធិ ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១២។

ប៉ុន្តែ​មន្ត្រី​ជលផល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទទួល​ស្គាល់​ថា នៅ​តំបន់​បឹង​រៀល មាន​សកម្មភាព​កាប់​ព្រៃ​លិច​ទឹក​មែន​កន្លង​មក។ លោក​បាន​ចុះ​ទៅ​បង្ក្រាប​ដែរ តែ​មិន​អាច​ទប់​ស្កាត់​បាន​ទាំង​ស្រុង​ទេ ពីព្រោះ​ថា ថ្នាក់​លើ​របស់​លោក​មិន​មាន​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​បង្ក្រាប៖ «ឥឡូវ​កាប់​អស់ លែង​ទៅ​ជា​ព្រៃ​ទៀត​ហើយ នៅ​ក្នុង​តំបន់​បី​ហ្នឹង។ ប្រហែល​ជា​អ្នក​កាប់​ព្រៃ​ហ្នឹង​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ធំ​ហើយ​បាន​ជា​គេ​ហ៊ាន​ធ្វើ ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ មិន​ហ៊ាន​ទេ»

របាយការណ៍​របស់​សហគមន៍​នេសាទ​នៅ​ឃុំ​កំពង់គោ បាន​សរសេរ​ថា ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ខូច​ខាត ឬ​បាត់​បង់ ហើយ​ចាំ​បាច់​ត្រូវ​ដាំ​ឡើង​វិញ នៅ​ខេត្ត​កំពង់ធំ មាន​ទំហំ​ប្រមាណ​ជាង ៣​ពាន់​ហិក​តារ នៅ​តំបន់​ដែល​គេ​កាប់​បំផ្លាញ​កន្លង​មក។ ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​នេះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច ដើម្បី​យក​ដី​ធ្វើ​ស្រែ និង​ធ្វើ​អាង​ស្តុក​ទឹក​នៅ​ចន្លោះ​ឆ្នាំ​១៩៩០ មក​ដល់​បច្ចុប្បន្ន ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ប្រកាស​ហាម​ឃាត់​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Neak thum neung neak mean amnach chea neak bamplagn cheat kon khmer trov doeng

Jul 09, 2012 10:14 AM