ស្នងការនគរបាលខេត្តតាកែវ លោក អ៊ុក សំណាង ឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ថា សមត្ថកិច្ចនៅមិនទាន់បញ្ចប់ការស៊ើបអង្កេតលើករណីបាញ់ម្ចាស់ហាងខារ៉ាអូខេ មួយកន្លែង ដែលមានយីហោ រស្មីអង្គរ បណ្ដាលឲ្យម្ចាស់ហាងម្នាក់រងរបួសនៅឡើយទេ។
លោកស្នងការខេត្តបន្តថា ការយឺតយ៉ាវនៃការស៊ើបអង្កេតនេះ ក៏ព្រោះតែជនរងគ្រោះដែលជាម្ចាស់ហាងខារ៉ាអូខេ កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។ សមត្ថកិច្ចក៏នៅមិនទាន់អាចកំណត់មុខសញ្ញានៃជនប្រព្រឹត្តបាននៅឡើយដែរ៖ «យើងនៅបន្តការស៊ើបអង្កេតនៅឡើយទេ មិនទាន់ចប់ផង។ ...មិនអះអាងទេ មិនទាន់អះអាង ព្រោះវានៅសាក្សីហើយជនរងគ្រោះគាត់ទៅព្យាបាល មិនទាន់មក»។
កាលពីម៉ោងប្រមាណ ១១យប់ ថ្ងៃច័ន្ទ ទី៣ ខែកញ្ញា កន្លងទៅ ក្រុមអាជ្ញាធរខេត្តតាកែវ មួយក្រុម ក្នុងនោះមានលោក ឡាយ វណ្ណៈ អភិបាលរងខេត្ត រួមទាំងមន្ត្រីតុលាការខេត្តខ្លះ បានចូលទៅច្រៀងលេងនៅហាងខារ៉ាអូខេ ឈ្មោះ រស្មីអង្គរ ហើយក៏មានការផ្ទុះកាំភ្លើងកើតឡើង បណ្ដាលឲ្យម្ចាស់ហាងរងរបួសជើង។
ប្រភពពីសាក្សីម្នាក់ដែលឃើញហេតុការណ៍នេះ បានទូរស័ព្ទប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែកញ្ញា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងថ្ងៃកើតហេតុក្រុមអាជ្ញាធរ រួមមានលោក ឡាយ វណ្ណៈ បានច្រៀងខារ៉ាអូខេ ក្នុងបន្ទប់មួយក្បែរបន្ទប់ដែលក្រុមម្ចាស់ហាងចូលច្រៀងលេង។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីអាជ្ញាធរខេត្ត បានពេញចិត្តស្ត្រីខារ៉ាអូខេម្នាក់ក្នុងបន្ទប់របស់ម្ចាស់ហាងនោះ ហើយបានហៅនាងមកកំដរ តែត្រូវនាងបដិសេធ ទើបធ្វើឲ្យមានការផ្ទុះអាវុធកើតឡើង។ គ្រាប់កាំភ្លើងមួយគ្រាប់បានប្លាតពីឥដ្ឋត្រូវចំជើងម្ចាស់ហាងឈ្មោះ មាស សុថន។
ប្រភពដដែលបន្តថា កាំភ្លើងដែលជនប្រព្រឹត្តនោះប្រើមានតម្លៃ ៨ពាន់ដុល្លារ ជាប្រភេទគ្រាប់ប្រៃ ដែលមានសារធាតុម្យ៉ាងធ្វើឲ្យមុខរបួសរលួយ។ បច្ចុប្បន្នម្ចាស់ហាងជាជនរងគ្រោះកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម ហើយមុខរបួសបានចាប់ផ្ដើមរលួយ នឹងអាចឈានទៅដល់កាត់ជើងផង ដោយសារសារធាតុគីមីដែលផ្ទុកក្នុងក្បាលគ្រាប់កំភ្លើង។
តែទោះជាយ៉ាងណា បុរសម្នាក់ដែលអះអាងថា ជនរងគ្រោះ បានបដិសេធតាមទូរស័ព្ទថា លោកមិនអាចនិយាយរឿងបានទេ ខណៈដែលប្រពន្ធរបស់គាត់បញ្ជាក់អះអាងផ្ទុយពីប្រភពថា ប្ដីរបស់គាត់ត្រូវរបួសបន្តិចបន្តួចប៉ុណ្ណោះ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ៖ «អត់មានត្រូវ វាគ្រាន់តែចៀសអំបែងបន្តិចបង! (បងប្រុសឥឡូវគាត់ទៅព្យាបាលនៅប្រទេសវៀតណាមមែនទេបង?) អត់ទេ អត់មានអីទេ គាត់នៅផ្ទះ»។
មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ប្រចាំខេត្តតាកែវ លោក អ៊ុន ផាន្នន ឲ្យដឹងថា ជនរងគ្រោះមិនបានសហការផ្ដល់ព័ត៌មានក្នុងហេតុការណ៍នោះជាមួយមន្ត្រីអង្គការសង្គមស៊ីវិលនោះឡើយ ហើយក៏មិនបានដាក់ពាក្យបណ្ដឹងនោះដែរ។ តែថា តាមប្រភពពីកូនជនរងគ្រោះ ករណីនេះមានការដោះស្រាយក្រៅប្រព័ន្ធតុលាការរួចហើយ។
លោកមិនច្បាស់ថា តើសំណងនោះជាសំណងលុយកាក់ ឬក៏បញ្ចប់ករណីនេះកុំឲ្យមានទំនាស់ជាមួយអ្នកមានលុយនិងអំណាច ដើម្បីកុំឲ្យប៉ះពាល់ដល់មុខរបរហាងខារ៉ាអូខេ ធ្វើឲ្យខាតផលប្រយោជន៍របស់ពួកគាត់៖ «ត្រូវតែចាត់ការរឿងហ្នឹងតាមនីតិវិធីច្បាប់ រកឲ្យឃើញជនប្រព្រឹត្តបទល្មើសដើម្បីស្ថិរភាពសង្គម»។
ទន្ទឹមពេលនេះដែរ នៅឯខេត្តកំពង់ស្ពឺ ឯនោះវិញ ក៏មានករណីស្រដៀងគ្នានេះបានកើតឡើងដែរ។ សារព័ត៌មានជាច្រើនបានចុះផ្សាយថា ស្នងការរងខេត្តម្នាក់ ឈ្មោះ ហ៊ាន បញ្ញា និងបក្ខពួក ២នាក់ទៀត ត្រូវបាននារីបម្រើខារ៉ាអូខេម្នាក់ នៅហាងយីហោរ ស្មីអង្គរ នៅក្រុងច្បារមន ដាក់ពាក្យប្ដឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងសមគំនិតក្នុងអំពើប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា កន្លងទៅ។ ស្នងការរង និងបក្ខពួក រងការចោទប្រកាន់ថា បានចាប់ហែកអាវជនរងគ្រោះក្នុងបន្ទប់ខារ៉ាអូខេ និងបានបំពានលើរាងកាយរបស់នាងបម្រុងចាប់រំលោភ។
មន្ត្រីអង្គការសង្គមស៊ីវិល ទទូចសុំឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវរកឲ្យឃើញជនប្រព្រឹត្តបទល្មើស និងត្រូវបញ្ជូនជនប្រព្រឹត្តជាមន្ត្រីរដ្ឋាភិបាល និងសមត្ថកិច្ចយកមកផ្តន្ទាទោស ដើម្បីរក្សាស្ថិរភាពសង្គម និងបញ្ចប់វប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។