អ្នក​វិភាគ៖ ការ​ចាប់​លោក ម៉ម សូណង់ដូ ជះ​ឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា

តុលាការ​បាន​ចោទ​ប្រកាន់ លោក ម៉ម សូណង់ដូ ជា​ផ្លូវ​ការ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​គុក​ព្រៃ​ស​នោះ ត្រូវ​បាន​ក្រុម​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​អះអាង​ថា កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ថយ​ក្រោយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ហើយ​ថា ករណី​នេះ​ជា​រឿង​នយោបាយ។
ដោយ ទីន ហ្សាការីយ៉ា និង ម៉ៅ សុធានី
2012-07-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេធាវី ម៉ម សូណង់ដូ ៣០៥
មេធាវី​របស់​លោក ម៉ម សូណង់ដូ លោក សុក សំអឿន (ឆ្វេង) និយាយ​ទៅ​កាន់​ភរិយា​លោក ម៉ម សូណង់ដូ (ស្ដាំ) នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១២។
RFA/Tin Zakariya

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឡើង​វិញ​លើ​ករណី​លោក ម៉ម សូណង់ដូ នេះ ពីព្រោះ​ថា សកម្មភាព​រដ្ឋាភិបាល​ប្រើប្រាស់​តុលាការ​ដើម្បី​ចាត់​ការ​ទៅ​លើ​លោក ម៉ម សូណង់ដូ វា​ជះ​ឥទ្ធិពល​អាក្រក់​សម្រាប់​កម្ពុជា ដែល​ប្រកាន់​យក​នូវ​លទ្ធិប្រជាធិបតេយ្យ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ វា​មិន​មែន​ប៉ះពាល់​ផ្លូវ​ចិត្ត​តែ​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ​ទេ វា​ជា​សារ​អាក្រក់​មួយ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ ពិសេស​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​តស៊ូ​មតិ​អំពី​បញ្ហា​កើត​មាន​ក្នុង​សង្គម។

លោក​បញ្ជាក់​ថា ទង្វើ​របស់​រដ្ឋាភិបាល​ដូច្នេះ ជា​ការ​ព្រមាន​ដល់​អ្នក​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ៖ «ព្រឹត្តិការណ៍​នៃ​ការ​ប្រកាស​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ក្រោយ​ពេល ២៤​ម៉ោង ក្រុម​លោក សួន សេរីរដ្ឋា នៅ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ៊ីចឹង​លោក ម៉ម សូណង់ដូ បាន​ជួប​លោក សួន សេរីរដ្ឋា ដូច្នេះ​ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ»

មេធាវី​របស់​លោក ម៉ម សូណង់ដូ លោក សុក សំអឿន មាន​ប្រសាសន៍​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក​ចំនួន ៤​បទ​ចោទ ដោយ​ផ្អែក​លើ​ដីកា​របស់​តុលាការ​ខែត្រ​ក្រចេះ ក្នុង​នោះ​រួម​មាន អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចាត់​ការ​លើ​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល ដូច្នេះ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​កម្ពុជា ទាំង​មូល ដោយ​ហេតុ​ថា តុលាការ​មិន​មាន​ភាព​ឯករាជ្យ​របស់​ខ្លួន ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ករណី​នោះ​ឲ្យបាន​ច្បាស់​លាស់​ទេ ដោយ​តុលាការ​បាន​សម្រេច​ឃុំ​ភ្លាមៗ បន្ទាប់​ពី​បាន​ធ្វើ​ការ​ស៊ើប​សួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ បាន​ពន្យល់​ថា ចំណាត់​ការ​របស់​តុលាការ​បែប​នេះ ជា​រឿង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ប្រទេស​ជាតិ​ទាំង​មូល។ លោក​បញ្ជាក់​ថា ចំណាត់​ការ​របស់​តុលាការ​នេះ វា​មិន​មែន​ឆ្លុះ​បញ្ចាំង​អំពី​តុលាការ​កម្ពុជា ជា​ស្ថាប័ន​ផ្ដល់​យុត្តិធម៌​សម្រាប់​លោក ម៉ម សុណង់ដូ នោះ​ទេ វា​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​គ្មាន​តម្លាភាព​ទៅ​វិញ។

លោក យ៉េង វីរៈ៖ «រដ្ឋាភិបាល​អាច​ប្រាប់​សាធារណៈ​មតិ​ថា ការ​ធ្វើ​ដូច្នេះ តាម​ច្បាប់ តាម​នីតិវិធី​តុលាការ ប៉ុន្តែ​នៅ​ពេល​គេ​មើល​ទៅ​ឃើញ​ក្រឡែត​ថា ការ​ធ្វើ​ហ្នឹង​តាម​ទំនើង​ចិត្ត ជា​រឿង​នយោបាយ​អី​ទេ វា​អត់​ចំណេញ​អី​ទេ ការ​ធ្វើ​ហ្នឹង​ខាត​ច្រើន​ណាស់»

លោក ម៉ម សូណង់ដូ មាន​អាយុ ៧០​ឆ្នាំ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM 105។ កន្លង​មក​លោក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ទាក់ទង​នឹង​រឿង​មនុស្សធម៌​តាម​រយៈ​ជំនួយ​ពី​បរទេស។ លោក ម៉ម សូណង់ដូ ជា​បុគ្គល​មួយ​ដែល​ហ៊ាន​និយាយ​រិះគន់​ចំៗ​ទៅ​លើ​សកម្មភាព​អសកម្ម​របស់​រដ្ឋាភិបាល។

លោក លោក ម៉ម សូណង់ដូ បាន​វិល​ត្រឡប់​ពី​បរទេស​កាល​ពី​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១២ នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ដឹកនាំ​កិច្ច​ប្រជុំ​អាស៊ាន។ ប៉ុន្តែ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​អាស៊ាន​បាន​បញ្ចប់។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដាក់​គុក​នេះ ជា​លើក​ទី​៣​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​២០០៣ នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​លើក​ទី​៣។ ការ​ចាប់​ខ្លួន​លោក​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០០៥ ហើយ​រដ្ឋាភិបាល​បាន​ដោះលែង​លោក​វិញ​នៅ​ក្នុង​ឆ្នាំ​២០០៦។

ភរិយា​លោក ម៉ម សុណង់ដូ អ្នកស្រី ឌិន ផាណារ៉ា បាន​ឲ្យ​ដឹង​នៅ​ខាង​ក្រៅ​របង​តុលាការ​ថា ស្វាមី​របស់​អ្នកស្រី​ជា​មនុស្ស​ស្អាតស្អំ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ។ អ្នកស្រី​អះអាង​ថា ដោយសារ​តែ​លោក ម៉ម សូណង់ដូ គ្មាន​ធ្វើ​អ្វី​ខុស​នោះ​ហើយ ទើប​ស្វាមី​របស់​គាត់​វិល​មក​មាតុ​ប្រទេស​វិញ​នោះ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​អះអាង​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​រូប​លោក ម៉ម សូណង់ដូ នៅ​ខណៈ​ដែល​កម្ពុជា កំពុង​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​នោះ។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​បំពេញ​តួនាទី​របស់​ខ្លួន និង​បង្ហាញ​ពី​គំរូ​ល្អ​ដល់​ប្រទេស​ជា​សមាជិក។ ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​ដូច្នេះ ជា​រឿង​ខាត​បង់​ទៅ​វិញ​ទេ៖ «ប៉ុន្តែ​ខាត​មួយ​ទៀត គឺ​រូបភាព​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន និង​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ពិសេស​នៅ​ពេល​កម្ពុជា កំពុង​ដាក់​សុំ​ធ្វើ​ជា​សមាជិក​សន្តិសុខ​អចិន្ត្រៃយ៍ វា​ខាត​ច្រើន ខាត​អ្នក​វិនិយោគ​នៅ​កម្ពុជា ពិសេស​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សហគមន៍​អឺរ៉ុប​មិន​ទិញ​ផលិតផល​កម្ពុជា ដូច្នេះ​វា​ប៉ះពាល់​ដល់​ទីផ្សារ»

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ករណី​ចាប់​ខ្លួន​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ត្រូវ​បាន​អ្នក​វិភាគ​សង្គម លោក កែម ឡី បាន​ពន្យល់​ថា រដ្ឋាភិបាល​កំពុង​តែ​មាន​បំណង​ចង់​កាត់ផ្ដាច់​ចលនា​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​ដូច្នេះ​វា​មិន​មាន​ផល​ចំណេញ​អ្វី​សម្រាប់​ខ្លួន​ឯង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​ឥទ្ធិពល​អាក្រក់​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ផ្ទុយ​ពី​ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ​ពិត​ប្រាកដ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បដិសេធ​ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ ហើយ​ការ​លើក​ឡើង​ណា​មួយ​នោះ វា​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល ឬ​អ្នក​វិភាគ។

លោក ផៃ ស៊ីផាន៖ «នីតិរដ្ឋ​មិន​ស្ថិត​នៅ​លើ​ការ​អ្នក​ណា​ធ្វើ​ការ​វាយ​តម្លៃ​ទេ នីតិរដ្ឋ​ត្រូវ​គោរព​ដែន​សមត្ថកិច្ច​នីមួយៗ អាស្រ័យ​ដូច្នេះ សូម​ទាំង​អស់​គ្នា​រួម​គ្នា​ពង្រឹង​នីតិរដ្ឋ​ទាំង​អស់​គ្នា ទុក​ឲ្យ​តុលាការ​មើល​បន្ទុក​ក្នុង​ការ​ចោទ​ប្រកាន់ ជាមួយ​បន្ទុក​ដោះស្រាយ»

នៅ​ថ្ងៃ​ទី​១៦ កក្កដា នេះ​ដែរ នៅ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ជា​ផ្លូវ​ការ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​នោះ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​សម្ព័ន្ធ​អង្គការ-​សមាគម​ចំនួន ២២ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ​មិន​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ទេ។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​មាន​ចរិត​ជា​នយោបាយ ហើយ​សកម្មភាព​នេះ​​ក៏​ឆ្លុះ​បញ្ចាំង​ពី​ភាព​មិន​ឯករាជ្យ​របស់​តុលាការ​ដែល​អាច​ជា​មធ្យោបាយ​របស់​អ្នក​មាន​អំណាច​ប្រើប្រាស់​សំរាប់​បង្ក​ការ​គំរាម​កំហែង​ដល់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​ដែល​មាន​មតិ​ជំទាស់ និង​អាច​ឈាន​ទៅ​រក​ការ​បិទ​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz របស់​លោក ម៉ម សូណង់ដូ ទៀត​ផង។

បន្ថែម​លើ​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណងដូ មិន​មែន​ជា​រឿង​ឆ្លុះ​បញ្ចាំង​អំពី​ប្រទេស​កម្ពុជា ប្រាសចាក​ពី​នីតិរដ្ឋ​ប៉ុណ្ណោះ​ទេ ការ​ចាប់​ខ្លួន​នេះ រដ្ឋាភិបាល​កំពុង​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ផ្លាស់ប្ដូរ​បរិយាកាស​សង្គម​ទៅ​វិញ​ទេ មិន​មែន​មាន​ន័យ​ថា លោក ម៉ម សូណង់ដូ បាន​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ដូច​ជា​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។
អ្នក​វិភាគ​បាន​ពន្យល់​ថា ទង្វើ​របស់​រដ្ឋាភិបាល​ទប់​ស្កាត់​អ្នក​ប្រជាធិបតេយ្យ​បែប​នេះ មិន​អាច​ទប់​ស្កាត់​​ចលនា​នេះ​បាន​ទេ លុះ​ត្រា​តែ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​បែប​សេរី មាន​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​នីតិរដ្ឋ​ពិតប្រាកដ។

ប្រតិកម្ម​របស់​ខ្មែរ​អាមេរិកាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នៅ​សហរដ្ឋ​អាមេរិក ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ដាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កក្កដា នេះ។

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង យល់​ឃើញ​ថា ទង្វើ​របស់​រដ្ឋាភិបាល​នេះ គឺ​ជា​អំពើ​អយុត្តិធម៌​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ ដែល​ហ៊ាន​និយាយ​ការ​ពិត ហ៊ាន​តវ៉ា និង​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​កម្ពុជា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ម៉ៅ សុធានី អំពី​ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជុំវិញ​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

គ្នានបញ្ហាទេ កម្ពុជាមិនឈឺក្បាល វិលមុខឡើយ ព្រោះមេដឹកនាំកម្ពុជាធ្លាប់មានរឿងអាស្រូវបែបនេះច្រើនរាប់មិនអស់។​ ជួនកាលធ្វើអោយគាត់ខឹង គាត់ជេរម៉ែអ្នកដទៃទៀតផង។ ដួចជាគាត់ធ្លាប់ជេរអ្នកយកព៍តរមាន វិទ្យុអាស៊ីសេរី

Jul 22, 2012 11:38 PM

អ្នក​អាន​អនាមិក

The arrest of Morm Sonangdo will put a test to the Cambodian court. Corruption or non-corruption, dependent or independent will be reflected through comparison of Sonangdo's case and Chouk Bandith's case.

Jul 21, 2012 10:05 AM

អ្នក​អាន​អនាមិក

ការចាប់ខ្លួនលោកម៉មសូណង់ដូនឹងក្លាយជាការធ្វើតេស្តតុលាការកម្ពុជា។ ពុករលួយ ឬមិនពុករលួយ លម្អៀង ឬមិនលម្អៀងសូមប្រៀបធៀបករណីលោកម៉មសូណង់ដូ និងករណីរបស់លោកឈូកបណ្ឌិត។

Jul 21, 2012 10:01 AM

Sopheap

ពី Phnom Penh

នេះជាទម្លាប់បំបាក់ស្មារតីអ្នកប្រជាធិបតេយ្យ! នយោបាយ បែបនេះគេដឹងគេស្គាល់ក្រយៅអស់ហើយ។ ចូរចាំថាអ្វីៗមានកំពូលរបស់វា វាមិនអាចខ្ពស់ដល់មេឃទេ!

Jul 18, 2012 02:00 AM

Peuv

The arrest of Mom Sunando gives Cambodia a bad image in international community? Hun Sen knows nothing about the image of the country. The bad or good image cannot be compared to his attitude that is rough and grotesque. Khmers are very sad to have such a leader who has no value for modern civilization. Cambodia will suffer forever under Hun Sen. Khmers must show Hun Sen an exit door in the next election 2013.

Jul 17, 2012 11:51 AM

មើល​មតិ​ទាំង​អស់.