មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាម​ពលរដ្ឋ

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រព័ន្ធ​តុលាការ គំរាម​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ក្នុង​ជម្លោះ​ដីធ្លី​មួយ​នៅ​ទី​នោះ។
ដោយ មណ្ឌល កែវ
2012-09-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឌី អឿន មេ​ឃុំ​ស្វាយរំពារ ជម្លោះ​ដីធ្លី ៣០៥
២១-កញ្ញា-២០១២៖ លោក ឌី អឿន មេ​ឃុំ​ស្វាយរំពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី។
RFA/Mondul Keo

យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ដែនដី​បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិត​ជា​បាន​កាន់​កាប់​ដីធ្លី​នៅ​តំបន់​នេះ តាំង​ពី​សម័យ​អតីត​រដ្ឋ​កម្ពុជា មក​ម្ល៉េះ។

ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ដែល​បាន​មក​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នេះ មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គ្រប់គ្រង ដោយ​គំរាម​ថា បើ​មិន​ព្រម​ផ្ដិត​មេ​ដៃ​ទេ គេ​នឹង​ឲ្យ​តុលាការ​កោះ​ហៅ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ភិន សាវឿន អាយុ ៤៨ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រងិល គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កញ្ញា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បាន​មក​គំរាម​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ ប្រគល់​ដី​ចម្ការ​របស់​គាត់ ដែល​មាន​ទទឹង ៨០ម៉ែត្រ និង​បណ្ដោយ ១៨០​ម៉ែត្រ។

គាត់​បន្ត​ថា ដី​នេះ​គាត់​បាន​កាន់​កាប់ និង​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៨២ រហូត​មក ពុំ​ដែល​អាក់​ខាន​នោះ​ទេ។ ស្រាប់​តែ​ឥឡូវ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បែរ​ជា​មក​ប្រាប់​ថា ដី​នេះ​ជា​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ ហើយ​គេ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នេះ​មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គ្រប់គ្រង​វិញ។ បើ​គាត់​រឹង​ទទឹង គេ​នឹង​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​យក​ទៅ​ដាក់​គុក៖ «បើ​និយាយ​ពី​ជីវប្រវត្តិ​ដី​ចម្ការ​នេះ គឺ​តាំង​ពី​ខ្ញុំ​នៅ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ តាំង​ពី​ឆ្នាំ​១៩៨៣ រហូត​មក ខ្ញុំ​កាន់​កាប់​រហូត។ ខ្ញុំ​ចង់​ឲ្យ​ខាង​និស្សិត​ចុះ​មក​វាស់វែង​ដីធ្លី​នេះ​ឲ្យ​ខ្ញុំ​បាន​កាន់​កាប់​ស្រប​ច្បាប់»

ស្តី្រ​អ្នក​ភូមិ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ឃុំ​ស្វាយរំពារ បាន​ឲ្យ​ដឹង​បន្ថែម​ថា ដី​ចម្ការ​របស់​គាត់​ដែល​មាន​ទទឹង ១២០​ម៉ែត្រ និង​បណ្ដោយ ២០០​ម៉ែត្រ​នេះ គាត់​បាន​កាន់​កាប់ និង​បង្ក​បង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៨២ មក​ដែរ។ គាត់​បន្ត​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ​ឆ្ពោះ​មក​កាន់​តំបន់​នេះ​បាន​ល្អ ស្រាប់​តែ​ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ចាប់​ផ្ដើម​មក​អះអាង​ថា ដី​នេះ​ជា​ដី​ព្រៃ​របស់​រដ្ឋ​ទៅ​វិញ៖ «គេ​បង្ខំ​ឲ្យ​យើង​ផ្ដិត​មេ​ដៃ​យក​ដី​នេះ​ឲ្យ​គេ​ដក​ហូត​ដី​នេះ តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ទេ។ ប្រជាពលរដ្ឋ​ទាំង​អស់​រង់ចាំ​ទាល់​តែ​ខាង​ក្រុម​យុវជន​និស្សិត​របស់​សម្ដេច​ចុះ​មក​មើល ហើយ​សម្រេច​ថា​យ៉ាង​ណា​នោះ ទើប​ប្រជាពលរដ្ឋ​អស់​ចិត្ត»

វិទ្យុ​អាស៊ី​សេរី បាន​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ដែល​បាន​ចុះ​ទៅ​អនុវត្ត​ការងារ​នេះ​ផ្ទាល់ គឺ​លោក ថោង វីរ៉ាវុទ្ធី តែ​លោក​បាន​ជំរុញ​ឲ្យ​សួរ​ទៅ​ប្រធាន​របស់​លោក គឺ​លោក ស៊ិន កុសល៖ «ខ្ញុំ​កំពុង​ជាប់​ប្រជុំ​បង ចាំ​ខ្ញុំ​ជម្រាប​ជូន​លោក​ប្រធាន ហើយ​បង​ចាំ​ជួប​ជាមួយ​លោក​ប្រធាន​ផ្ទាល់​ចុះ»

វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក ស៊ិន កុសល ដែរ តែ​ទូរស័ព្ទ​របស់​លោក​ពុំ​អាច​ទាក់​ទង​បាន​ឡើយ នៅ​ល្ងាច​ថ្ងៃ​ទី២១ កញ្ញា។

មេ​ឃុំ​ស្វាយរំពារ គឺ​លោក ឌី អឿន បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់​កាប់ និង​បង្ក​បង្កើន​ផល​នេះ គឺ​ជា​ដី​ដែល​អាជ្ញាធរ​ភូមិ-ឃុំ បាន​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​តាម​លក្ខណៈ​ជា​ក្រុម​សាមគ្គី តាំង​ពី​ឆ្នាំ​១៩៨២ មក។ លោក​ថា ដី​ខ្លះ អ្នក​ភូមិ​ធ្វើ​ស្រែ ឯ​ដី​ខ្លះ​ជា​ដី​ចម្ការ​ដែល​មាន​ដាំ​ស្វាយចន្ទី ជាដើម។

លោក ឌី អឿន៖ «តំបន់​ទំនប់​ខ្វិត នេះ នៅ​ឆ្នាំ​៧៩ គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ឃុំ ធ្វើ​ការ​បែង​ចែក​ដី​នេះ​ឲ្យ​ក្រុម​សាមគ្គី​ធ្វើ​ស្រែ​វស្សា។ ប៉ុន្តែ នៅ​ពេល​ដែល​បោះ​បង្គោល​ព្រំ​បាន​ប៉ះពាល់​ទៅ​លើ​ដី​ស្រែ​របស់​គាត់។ ដោយ​អ្នក​កាន់​ជីភីអែស (GPS) ពេល​នោះ​បាន​និយាយ​ថា បង្គោល​ព្រំ​នេះ​គ្រាន់​តែ​ដាក់​ទេ តែ​គេ​នឹង​ខ្វៀល​ចេញ។ ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើ​នៅ​កន្លែង​ណា គឺ​ធ្វើ​នៅ​កន្លែង​ហ្នឹង ឯ​ចម្ការ​ស្វាយចន្ទី របស់​គាត់ នៅ​កន្លែង​ណា គឺ​នៅ​ទទួល​ផល​នៅ​កន្លែង​ហ្នឹង​ដដែល គេ​នឹង​ខ្វៀល​ចេញ។ ប៉ុន្តែ​តាម​ការ​ពិត គេ​ពុំ​បាន​ខ្វៀល​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​ទេ ទើប​ពួក​គាត់​តវ៉ា»

យ៉ាង​នេះ​ក្ដី អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី គឺ​លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នា​ដើម​សប្ដាហ៍​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី PP

នេះជារឿងពិតនៅកម្ពុជា។។។

Sep 23, 2012 04:44 AM

CheyVorman007

ពី AngKor Wat

ដឹងថាអស់លោកមានអំណាចជាងពលរដ្ឆហើយ ដឹងថាការ
ងារអស់លោកដូចសត្វខ្លាដែលឃ្លាំចាំចាប់ម្រឹគណាដែលទន់
ខ្សោយជាងគេហើយ។លោកយកទៅធើ្វអីលោកបើរាស្ត្រកំពុង
តែរស់ស្រួលដោយសារដីហ្នុង បើរាស្រ្តយើងមានបានតើ
លោកសប្បាយចិត្តទេ?តែបើលោកត្រូវការចាំបាច់ដូចសត្វ
ឈ្លើងកាលបើបានតោងមនុស្សចាំបាច់ត្រូវតែបឺតឈាម
នោះរាស្ត្រតូចតាចមិនអាចយកឈ្នះលោកបានទេ ពួកគាត់
ដេកកំសត់ខ្លួនទៀតហើយ បើលោកមានះយកសូមរកថ្នូរ
ដោះដូរអោយពួកគាត់វិញផង កុំធើ្វដូចពួកបឹងកកនឹងបូរីកីឡា
តួយសុំអង្វរ។

Sep 22, 2012 04:25 PM

អ្នក​អាន​អនាមិក

អ្វីទៅដែលហៅថា សនិ្តភាពបរិបូរជូនប្រជាពលរដ្ឋក្រោមការដឹកនំារបស់លោកតេជោ បើនូវតែឃើញមានបញ្ហាដីធ្លី អ្នកធំធ្វេីបាបអ្នកក្រ មានលុយមានតុលាការ ខែ្មររស់នៅក្រោមការភិតភ័យ មានប្រាក់បន្តិចបន្តួចទិញមូ់តូអោយកូន តែមានចោរបាញ់សំលាប់យកទៀត រៀនចប់បរិញ្ញាប័ត្របានប្រាក់ខែដំបូងតែ ៨០ or 180$. អ្នកក្រនៅតែក្រទៅៗ ដោយសារតែគ្មានលុយចូលពេទ្យ ចូលរៀនដូចនឺងគេ។ ទាំងនេះសុទ្ធតែសម័យលោកតេជោ។ អាងអី ៧មករា (សម័យយួនយកលេះលួចទឺកដីខ្មែរ)។ ក្នុងនាមជាខ្មែរហួសចិត្តណាស់ សូមកូនខ្មែរ ជាពិសេសជីដូនជីតា លោកពុក អ្នកម៉ាក់គួរតែផ្លាស់ប្តូរសម័យបក្សពួកនិយមនេះចោលទៅ។

Sep 22, 2012 10:23 AM