ដើម្បីបង្រៀនពលរដ្ឋឲ្យមានការយល់ដឹងអំពីអត្ថប្រយោជន៍ឯកសារនោះ អង្គការក្រៅរដ្ឋាភិបាលចំនួន២ បានចុះបង្រៀនប្រជាពលរដ្ឋ ២០០នាក់ នៅព្រឹកថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១២ ក្នុងវត្តអង្គស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។
អ្នកសម្របសម្រួលអង្គការបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ ថ្លែងថា ឯកសារសំខាន់មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព ជាដើម ប្រជាពលរដ្ឋភាគច្រើនតែងតែរអ៊ូថា មានបញ្ហាប្រឈម ដែលពួកគាត់លំបាកក្នុងការស្វែងរកកន្លែង និងមន្ត្រីដែលនឹងផ្តល់ឲ្យឯកសារទាំងនោះ ដោយមិនយកកម្រៃ។
លោក សន ជ័យ បន្តថា ដោយសារតែថ្មីៗនេះ រដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ រួមចំណែកលុបបំបាត់ការយកលុយក្រៅសេវា ក្នុងការផ្តល់ឯកសារទាំងនោះទៅប្រជាពលរដ្ឋ ទើបអង្គការស្ដារកម្ពុជា និងអង្គការបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចាំបាច់បើកវេទិកាសាធារណៈ ស្ដីពីប្រជាពលរដ្ឋ និងសេវាសាធារណៈនៅមូលដ្ឋាន ដើម្បីឲ្យអ្នកភូមិដឹងថា ឯកសារទាំងនោះផ្តល់ជូនមិនយកប្រាក់ឡើយ៖ «ក្នុងហ្នឹង ដូចថាការធ្វើអត្តសញ្ញាណប័ណ្ណអីចឹង បើសិនជាខ្វះសៀវភៅគ្រួសារ ឬសំបុត្រកំណើត គឺមិនអាចដំណើរការទទួលយកអត្តសញ្ញាណប័ណ្ណបានទេ»។
កញ្ញា ច័ន្ទ ស្រីឡុត រស់នៅភូមិអង្គខ្ជាយ ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ថ្លែងថា វេទិកាសាធារណៈបានប្រាប់ពីរបៀបធ្វើយ៉ាងណា ឲ្យការរស់នៅស្របច្បាប់នៅកន្លែងដែលកំពុងរស់នៅ។ តើឯកសារអ្វីខ្លះ ដែលអាជ្ញាធរដែនដីត្រូវផ្តល់ឲ្យគាត់? មិនតែប៉ុណ្ណោះ វេទិកានេះបានឲ្យពលរដ្ឋសាកសួរអំពីថវិកាដែលរដ្ឋាភិបាលផ្តល់ឲ្យមកអាជ្ញាធរ ធ្វើការអភិវឌ្ឍមូលដ្ឋានប្រចាំឆ្នាំនីមួយៗ៖ «ខ្ញុំបានទទួលព័ត៌មានពីការអនុវត្តអភិបាលកិច្ចល្អមូលដ្ឋាន របស់មន្ត្រីសាធារណៈ។ ទទួលបានអំពីព័ត៌មាន សេវាសាធារណៈមូលដ្ឋាន ដូចជា ធ្វើសំបុត្រកំណើត ធ្វើសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈ»។
យុវសិស្ស ទៀង សីហា ថ្លែងថា វេទិកាសាធារណៈនេះបានផ្តល់នូវការស្វែងយល់ពីអត្ថប្រយោជន៍ នៃកាតសម្គាល់ខ្លួន និងសៀវភៅគ្រួសារ ដែលបញ្ជាក់ពីកន្លែងស្នាក់នៅ និងបញ្ជាក់សញ្ជាតិ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងស្វែងរកការងារធ្វើ។ យុវជនបន្តថា គាត់ទើបត្រូវបានប៉ូលិសឃុំ ហៅទៅឲ្យធ្វើកាតសម្គាល់ខ្លួនកាលពីខែមុន ដោយមិនយកថវិកាឡើយ៖ «ប្រជាពលរដ្ឋអត់ត្រូវបានបង់ថវិកានៅពេលការធ្វើអត្តសញ្ញាណប័ណ្ណ ធ្វើសំបុត្រកំណើត គឺបង់ត្រឹមតែ ៤០០រៀលប៉ុណ្ណោះ»។
យុវជន សួង ពិសិទ្ធ ថ្លែងថា វេទិកានោះបានឲ្យអ្នកចូលរួមសួរសំណួរ ហើយមន្ត្រីអនុវត្តច្បាប់ឆ្លើយបំភ្លឺចម្ងល់។ ពិសេស មន្ត្រីចុះធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារដែលបានទារយកប្រាក់ក្រៅបន្ថែមពីសេវារដ្ឋដាក់ឲ្យយកនោះ បានបំភ្លឺច្បាស់ក្នុងវេទិកានោះថា រដ្ឋាភិបាលមិនឲ្យយកប្រាក់ក្រៅឡើយក្នុងការផ្តល់ឯកសារទាំងឡាយទៅប្រជាពលរដ្ឋ៖ «គ្រាន់ធ្វើអត្តសញ្ញាណប័ណ្ណ ខ្ញុំអស់ ៤ពាន់រៀល»។
អធិការស្រុកអង្គរជ័យ លោក ពៅ សាមិត ថ្លែងថា ការធ្វើអត្តសញ្ញាណប័ណ្ណថ្មីៗនេះ ប៉ូលិសមិនបានសុំប្រាក់ក្រៅពីតម្លៃរបស់សេវារដ្ឋកំណត់ឡើយ។ លោកថា គោលការណ៍ពីរដ្ឋាភិបាល គឺឲ្យអាទិភាពអ្នកដែលមិនដែលបានធ្វើកាតសម្គាល់ខ្លួនសោះ បានចូលធ្វើកាតមានចំនួនជាង ៤ពាន់នាក់។ ចំពោះអ្នកបាត់កាត និងកាតហួសសុពលភាព រដ្ឋាភិបាលមិនទាន់ឲ្យចេញកាតថ្មី ផ្តល់ឲ្យប្រើបាននៅឡើយ ក្នុងស្រុកអង្គរជ័យ នេះ៖ «បើយុទ្ធនាការអត់មានទេ ឥឡូវគេធ្វើហើយ អស់ហើយ ធ្វើទាំងសៀវភៅគ្រួសារ ធ្វើទាំងអត្តសញ្ញាណប័ណ្ណ ធ្វើអត់មានអ្នកណាយកលុយអីទេ គឺអត់យកអីផង»។
លោក សន ជ័យ អ្នកសម្របសម្រួលអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា វេទិកាសាធារណៈនេះបានធ្វើចំនួន ៥លើកហើយ នៅក្នុងខេត្តកំពត តាកែវ និងខេត្តកំពង់ស្ពឺ ហើយនឹងបន្តធ្វើទៀត ឲ្យបាន ១៨វេទិកាក្នុងចុងឆ្នាំ២០១២ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។