ករណីនេះត្រូវចាត់ទុកថា ជាឧទាហរណ៍យ៉ាងសំខាន់មួយនៅមុនការបោះឆ្នោត សម្រាប់អ្នកដែលមានទស្សនៈមិនស្របនឹងគណបក្សកាន់អំណាច គឺជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពមួយចំនួន ដែលធានាដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សកម្មជនការពារសិទ្ធិដីធ្លី អ្នកនយោបាយប្រឆាំង អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ រួមទាំងតំណាងស្ថានទូតមហាអំណាចប្រចាំនៅកម្ពុជា ហៅការផ្ដន្ទាទោសលោក ម៉ម សូណង់ដូថា ធ្វើអោយប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងការធានាសិទ្ធិនយោបាយនៅមុនការបោះឆ្នោត។
ស្ត្រីវ័យជាង ៥០ឆ្នាំ អ្នកស្រី ស្រេង ផូ ប្រពន្ធលោក កាន់ សុវណ្ណ ដែលត្រូវមានទោស ៣ឆ្នាំនៅក្នុងសំណុំរឿងចោទប្រកាន់បង្កើតតំបន់អបគមន៍ម្នាក់ដែរនោះ បានបញ្ជាក់ថា នេះជារឿងអយុត្តិធម៌ណាស់។ អ្នកស្រីរាងចាលណាស់! អ្នកស្រីផ្ដាំដល់កូនប្រុសស្រីអោយចងចាំថា អោយរស់នៅសន្សំតែសុខកុំប្រឈមនឹងជម្លោះជាមួយអ្នកមានប្រាក់ មានអំណាច។ អ្នកស្រីមិននឹកស្មានដល់ទេថា ការពារដី គឺត្រូវមានទោសជាប់គុក។
តំណាងអ្នកបឹងកក់អ្នកស្រី ទេព វន្នី ដែលបានដឹកនាំក្រុមពលរដ្ឋតវ៉ានៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ស្ទើររៀងរាល់ថ្ងៃ ដើម្បីការពារផ្ទះសម្បែងនោះ បានស្ដីបន្ទោសថា តុលាការកម្ពុជា នៅតែពុំឯករាជ្យឡើយ។ ការដាក់ទោសលោក ម៉ម សូណង់ដូ បញ្ជាក់ច្បាស់ណាស់ថា អ្នកដែលមានទស្សនៈមិនស្របនឹងរដ្ឋាភិបាល នឹងត្រូវទទួលទោស បើទោះជាអ្នកពុំបានប្រព្រឹត្តកំហុសក៏ដោយ។
អ្នកស្រីបន្តថា បើទោះជាមានការភ័យខ្លាចពីការលាបពណ៌ទម្លាក់កំហុសដាក់ដោយប្រការណាមួយ ក៏អ្នកសហគមន៍បឹងកក់មិនបោះបង់ចោលការតវ៉ាដែលជាជម្រើសចុងក្រោយ ដើម្បីការពារផ្ទះសម្បែង។
សម្រាប់អ្នកនយោបាយចាត់ទុកថា មិនមែនជារឿងចៃដន្យទេសម្រាប់បរិបទកម្ពុជា ដែលជាប្រទេសប្រជាធិបតេយ្យដែលមិនទាន់រឹងដៃរឹងជើង ចំពោះការគំរាមកំហែងទៅលើសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយនៅក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ។ ស្របគ្នានឹងទស្សនៈចាស់ដែលលើកឡើងថា បើពាក់ព័ន្ធនឹងនយោបាយគឺត្រូវហ៊ានប្រឈមនឹងស្លាប់ខ្លួន ជាប់គុក ឬរត់ចោលស្រុកជាដើមនោះ គឺនៅតែបន្តតាមលងបំភិតបំភ័យអារម្មណ៍ពលរដ្ឋ ដោយពុំទាន់អាចបញ្ចប់។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូ ខនហ្វើរិន (Video Conference) ថា ករណីនេះគឺជាគំនាបផ្នែកនយោបាយសុទ្ធសាធ។
លោក សម រង្ស៊ី បន្តថា ទោសកំហុសលោក ម៉ម សូណង់ដូ គឺជាការរៀបចំរបស់គណបក្សកាន់អំណាច ដែលប្រាថ្នាអោយក្រុមអ្នកប្រឆាំងដឹងគុណ។ លោក ថា ករណីនេះគឺត្រូវតែដោះស្រាយតាមការសម្របសម្រួលផ្នែកនយោបាយ។
អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្សជាច្រើនបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ទាមទារអោយរដ្ឋាភិបាលក្រុងភ្នំពេញ ដោះលែងលោក ម៉ម សូណង់ដូ ដោយគ្មានលក្ខខណ្ឌ។
នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ី នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) ជឿជាក់ថា គឺជាការបំភិតបំភ័យនៅមុនការបោះឆ្នោត។
ស្របគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី វិចតូរៀ នូឡេន (Victoria Nuland) ក៏បានអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ម៉ម សូណង់ដូ។ ការដោះលែងប្រធានវិទ្យុដែលអ្នកនាំពាក្យចាត់ទុកជាវិទ្យុឯករាជ្យ គឺបញ្ជាក់ថា ប្រព័ន្ធតុលាការរបស់កម្ពុជា មិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការធានាសិទ្ធិជាមូលដ្ឋានសម្រាប់ពលរដ្ឋ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសជំហរគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសេរីភាពរបស់អ្នកសារព័ត៌មាន ក្នុងការសំដែងទស្សនៈនយោបាយដោយគ្មានការភ័យខ្លាចទុក្ខទោស ការសងសឹក ឬការបំភិតបំភ័យ។ អត្ថន័យនៃសេចក្ដីថ្លែងការណ៍នេះគឺមិនខុសគ្នាពីសេចក្ដីថ្លែងការណ៍របស់នៃសហភាពអឺរ៉ុប។
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបញ្ជាក់ថា រដ្ឋាភិបាលមានកាតព្វកិច្ចការពារសិទ្ធិបញ្ចេញមតិ និងភាពឯករាជ្យនៃប្រព័ន្ធផ្សព្វផ្សាយ ដែលជាប្រការដ៏មានសារសំខាន់សម្រាប់ដំណើរការបោះឆ្នោតឆ្នាំ២០១៣។
ផ្ទុយទៅវិញអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានច្រានចោលទស្សនៈនេះ ដោយបញ្ជាក់ថា សំណុំរឿងលោក ម៉ម សូណង់ដូ គឺជារឿងបុគ្គល ដែលមិនមានន័យថា ប៉ះពាល់ដល់សេរីភាពបញ្ចេញមតិឡើយ។
បើទោះជាមានការអះអាងយ៉ាងនេះក្ដី អ្នកស្រី ស្រេង ផូ ប្រពន្ធលោក កាន់ សុវណ្ណ បានបង្ហាញក្ដីព្រួយបារម្ភរបស់ពួកគេចំពោះការបញ្ចេញមតិ បន្ទាប់ពីប្ដីរបស់គាត់ត្រូវជាប់ពន្ធនាគារ។
លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ជាប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវតុលាការក្រុងភ្នំពេញកាត់អោយជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។ លោកត្រូវចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតក្នុងចលនាបង្កើតតំបន់អបគមន៍នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ការជាប់ទោសនៅក្នុងរយៈពេលចុងក្រោយនៃខ្សែជីវិតចុងក្រោយនេះ គឺជាការជាប់ទោសលើកទី៣។ លើកទី១ គឺនៅឆ្នាំ២០០៣ អាជ្ញាធរបានចាប់ខ្លួនលោកពីបទចោទប្រកាន់ថា លោកជាអ្នកញុះញង់ឲ្យមានការធ្វើបាតុកម្មដ៏រំជើបរំជួលមួយដុតស្ថានទូតថៃ នៅកណ្ដាលទីក្រុងភ្នំពេញ។ លើកទី២ គឺនៅឆ្នាំ២០០៥ ទាក់ទងរឿងបទសម្ភាសន៍ជាមួយលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនខ្មែរ ប្រចាំប្រទេសបារាំង ពាក់ព័ន្ធនឹងបូរណភាពទឹកដី រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។