បទពិសោធន៍​ក្នុង​ការ​ប្រកួត​ប្រជែង​ទទួល​អាហារូបករណ៍​ពី​កម្មវិធី Fulbright

អាហារូបករណ៍ ហ៊្វុលប្រៃថ៍ (Fulbright) ជា​កម្មវិធី​ឧបត្ថម្ភ​និស្សិត​ អោយ​ទៅ​បន្ត​ការ​សិក្សា​មុខ​វិជ្ជា​ផ្សេងៗ នៅ​សហរដ្ឋ​អាមេរិក។ វា​ជា​កម្មវិធី​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។
ដោយ ផន រីណា
2012-08-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

និស្សិត កង ឫទ្ធីសាល បាន​បញ្ចប់​ការ​សិក្សា​អនុបណ្ឌិត​ផ្នែក​ខាង​សិល្បៈ​នៃ​ការ​ចាត់ចែង ឬ​ហៅ​ថា Arts Management ពី​កម្មវិធី ហ៊្វុលប្រៃថ៍ ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១១ នៃ​សាកលវិទ្យាល័យ​ញីវយ៉ក នៃ​ទីក្រុង​បាសហ្វាឡូ (Buffalo)។ ឫទ្ធីសាល បាន​អោយ​ដឹង​ថា គាត់​ទទួល​បាន​ជោគជ័យ​លើ​អាហារូបករណ៍​នេះ គឺ​ផ្ដើម​ចេញ​ពី​ការ​តាំង​ចិត្ត។

ឫទ្ធីសាល បន្ត​ថា គាត់​មាន​បំណង​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស​ជា​យូរ​ហើយ។ គាត់​គិត​ថា ដើម្បី​សិក្សា​បាន​ត្រូវ​ស្វះស្វែង​រក​អាហារូបករណ៍​ឧបត្ថម្ភ។ កត្តា​នេះ​បាន​ជំរុញ​ឲ្យ​គាត់​ប្រឹងប្រែង​រៀន​សូត្រ។

មាន​និស្សិត​ច្រើន​ណាស់​ដែល​ពូកែ​ទាំង​មុខវិជ្ជា និង​ទាំង​ភាសា​អង់គ្លេស ក៏​ប៉ុន្តែ​កត្តា​ចាំបាច់​មួយ​ទៀត​ដើម្បី​ជាប់​ជា​បេក្ខជន ហ៊្វុលប្រៃថ៍ គឺ​បទពិសោធន៍​ការងារ។ ដូច្នេះ​ហើយ​ និស្សិត កង ឫទ្ធីសាល បាន​អោយ​ដឹង​ថា គាត់​ត្រូវ​បង្កើន​សមត្ថភាព​ថែម​ទៀត​តាម​រយៈ​ចូល​ប្រឡូក​ក្នុង​កិច្ច​ការងារ​ផ្សេងៗ ដើម្បី​ឲ្យ​ក្លាយ​ជា​បេក្ខជន​ម្នាក់​ដែល​លេច​ធ្លោ​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​បេក្ខជន​ដទៃ​ទៀត។

និស្សិត កង ឫទ្ធីសាល៖ «នៅ​ក្នុង​ការងារ​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​ខំ​ធ្វើ​ការងារ​អា​ជីព​របស់​ខ្ញុំ​ហ្នឹង​ឲ្យ​បាន​ល្អ ស្វិតស្វាញ​នឹង​ការងារ ខ្ញុំ​រៀន​សូត្រ​ពី​ការងារ​បាន​ជា​ច្រើន។ ក្រៅ​ពី​ការងារ​អាជីព ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ក្រុម​យុវជន មាន​សមាគម​មួយ​ដែល​គេ​ហៅ​ថា សមាគម​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា។ ខ្ញុំ​ធ្លាប់​ធ្វើ​ជា​សមាជិក​នៅ​ក្នុង​ហ្នឹង ហើយ​បន្ទាប់​មក​ខ្ញុំ​ធ្វើ​ប្រធាន​សមាគម​ហ្នឹង​ពីរ​ឆ្នាំ។ ខ្ញុំ​ដឹក​នាំ​យុវជន​ត្រូវ​ធ្វើ​សកម្មភាព​សង្គម​ផ្សេងៗ ត្រូវ​ស្ម័គ្រ​ចិត្ត​ដូច​ជា​សកម្មភាព​បណ្ដុះបណ្ដាល​កម្មវិធី​ដទៃ​ផ្សេង​ទៀត ត្រូវ​តែ​ចូល​រួម​ដល់​ការ​អភិវឌ្ឍ​សហគមន៍ ធ្វើ​ឲ្យ​ខ្ញុំ​បាន​មាន​ពិសោធន៍​ទាំង​ហ្នឹង ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​រីក​ចំរើន​ខាង​ចំណេះ​ដឹង​អំពី​សង្គម អំពី​ពិភពលោក​ផង​ដែរ»

និស្សិត​កម្មវិធី​អាហារូបករណ៍ ហ៊្វុលប្រៃថ៍ មួយ​រូប​ទៀត ឈ្មោះ កញ្ញា វៀត សុខលី។ នាង​បាន​ជាប់​អាហារូបករណ៍​សិក្សា​ផ្នែក​គោលនយោបាយ​សាធារណៈ ជា​ភាសា​អង់គ្លេស​ហៅ​ថា Public Policy ដោយ​ផ្ដោត​លើ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ការ​សិក្សា​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ នៅ​សកលវិទ្យាល័យ ឈីកាហ្គោ (The University of Chicago)។ បើ​ទោះ​បី​ជា​នាង​បាន​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រទេស​សិង្ហបុរី​រួច​ហើយ​ក្ដី តែ​នាង​នៅ​តែ​ប្រាថ្នា​ចង់​មក​សិក្សា​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច ដូច​ជា​សហរដ្ឋ​អាមេរិក​នេះ។

កញ្ញា វៀត សុខលី៖ «កត្តា​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស គឺ​សំខាន់​យើង​មាន​គោលដៅ​ច្បាស់លាស់ ជា​ពិសេស​គឺ​សំរាប់​ថ្នាក់​អនុបណ្ឌិត​តែម្ដង។ ការងារ​របស់​យើង​មាន​គោលដៅ​ច្បាស់​លាស់ គាត់​ស្ថានទូត​គាត់​សម្លឹង​មើល​បទពិសោធន៍​ការងារ​របស់​យើង​ថា យើង​មាន​សក្ដានុពល យើង​មាន​គោលដៅ​ការងារ​ហ្នឹង​សម្រាប់​អភិវឌ្ឍន៍​របស់​ប្រទេស​យើង ហើយ​ម្យ៉ាង​ទៀត​ក៏​យើង​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់​ខាង​ផ្នែក​ភាសា​អង់គ្លេស និង​ចំណេះ​ដឹង​ទូទៅ និយាយ​រួម​ក្នុង​លក្ខណៈ​ជ្រើសរើស​ហ្នឹង យើង​មិន​ចាញ់​និស្សិត​ណា​ម្នាក់​ទេ»

ហ៊្វុលប្រៃថ៍ ជា​កម្មវិធី​ផ្លាស់ប្ដូរ​ការ​សិក្សា​របស់​សហរដ្ឋ​អាមេរិក។ កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​យល់​ពី​គ្នា​ទៅ​មក​រវាង​ប្រទេស​អាមេរិក និង​ប្រទេស​ដទៃ​នៅ​លើ​សកលលោក។

លោក ស្ហន មគ្គិនថស្ស (Sean McIntosh) មន្ត្រី​កិច្ចការ​សាធារណៈ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ចំនួន ១៣៦​នាក់ មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក តាម​រយៈ​កម្មវិធី ហ៊្វុលប្រៃថ៍ នេះ៖ «កម្មវិធី ហ៊្វុលប្រៃថ៍ នេះ ផ្ដល់​អាហារូបករណ៍​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​តែប៉ុណ្ណោះ។ សិស្ស​ត្រូវ​បង្ហាញ​ពី​បទពិសោធន៍​ជា​អ្នក​ដឹកនាំ និង​មាន​ប្រវត្តិ​សិក្សា​ល្អ​ដែល​មាន​ពិន្ទុ​ខ្ពស់ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ។ ចំនួន​និស្សិត​ដែល​ជ្រើស​រើស​ទៅ​សិក្សា​កម្មវិធី​នេះ​ក្នុង​មួយ​ឆ្នាំ​ផ្អែក​តាម​ការ​កំណត់​សមស្រប​មួយ​នៃ​ថវិកា​ប្រចាំ​ឆ្នាំ។ ការិយាល័យ​កិច្ចការ​សាធារណៈ​ប្រចាំ​នៅ​កម្ពុជា មិន​មាន​សិទ្ធិ​សម្រេច​ថវិកា​នេះ​ទេ គឺ​អាស្រ័យ​លើ​ក្រសួង​ការបរទេស»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រៅ​ពី​កម្មវិធី ហ៊្វុលប្រៃថ៍ លោក​ជំរុញ​ឲ្យ​និស្សិត​ខ្មែរ​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​បរទេស ខិតខំ​ស្រាវជ្រាវ​រក​អាហារូបករណ៍​ផ្សេងៗ​ជា​ច្រើន​តាម​រយៈ​វ៉ឹបសៃថ៍។

កម្មវិធី ហ៊្វុលប្រៃថ៍ ត្រូវ​បាន​សហរដ្ឋ​អាមេរិក បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៤៦ គឺ​មាន​រយៈពេល​ជិត ៧០​ឆ្នាំ​ហើយ​មក​ទល់​ពេល​នេះ។ កម្មវិធី​នេះ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​ប្រទេស​ចំនួន ១៥៥ លើ​ពិភពលោក​ដែល​គ្រប់គ្រង​ផ្ទាល់​ដោយ​ក្រសួង​ការបរទេស​អាមេរិក។

កម្មវិធី​នេះ​បាន​បង្កើត​មាន​នៅ​កម្ពុជា ពី​ឆ្នាំ​១៩៩៤ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ បេក្ខជន​ដែល​បាន​ជ្រើសរើស​សម្រាប់​ការ​សិក្សា​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ មាន​ចំនួន ៥​នាក់ ហើយ​មួយ​ឆ្នាំៗ​មាន​និស្សិត​ប្រមាណ​ពី ៤ ទៅ ៦ ឬ ៨​នាក់ ផ្អែក​តាម​ថវិកា។

កម្មវិធី ហ៊្វុលប្រៃថ៍ ផ្ដល់​ជំនួយ​ការ​សិក្សា​ផ្អែក​ទៅ​លើ​វិស័យ​ជា​ច្រើន ដូច​ជា​វិស័យ​អប់រំ សុខភាព​សាធារណៈ​​គ្រប់គ្រង​ជំនួញ សេដ្ឋកិច្ច កិច្ចការ​សាធារណៈ ទំនាក់ទំនង​អន្តរជាតិ កាសែត បុរាណ​វត្ថុ​វិទ្យា ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ គណិតវិទ្យា វិទ្យាសាស្ត្រ​ខាង​ម្ហូប​អាហារ បស្សុសាស្រ្ត សង្គមវិទ្យា ជីវវិទ្យា គ្រប់គ្រង​សំណង់ វិស្វករ​សំណង់ ច្បាប់ វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​កិច្ចការ​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

សរ សំឡូត

ពី ភ្នំពេញ

ការអភិវឌ្ឍន៍ប្រទេសជាតិទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។ ដោយចាប់ផ្តើមបន្តិចម្តងៗ មិនមែនធ្វើតែម្នាក់ឯងបានសម្រេចនោះទេ។ ការប៉ុន្តែយ៉ាងណាក៏ដោយការគ្រងគ្រងគឺជាកត្តាសំខាន់ដែលត្រូវធ្វើមុនគេ។ អ្នកគ្រប់គ្រងប្រៀបបាននឹងអ្នកកាច់ចង្អូត ត្រួសត្រាយផ្លូវ ជាអ្នកដែលដឹងនូវគោលដៅ និងកំណត់ផែនការ គួបផ្សំជាមួយយុទ្ធសាស្រ្ត និងគោលនយោបាយទៀតផង...។ ការបានសិក្សានៅប្រទេសដែលរីកចំរើន ពិតជាធ្វើឲ្យយើង អាចប្រៀបធៀបបានថាតើយើងរីកចម្រើនត្រឹមកម្រិតណា មិនដូចជាកង្កែបដែលនៅក្នុងអណ្តូងដែលមិនដឹងថាមេឃធំប៉ុណ្ណានោះទេ។

Aug 15, 2012 05:44 AM

អ្នក​អាន​អនាមិក

ទៅរៀនស្រុកគេជឿនលឿនហើយ ត្រលប់មកវិញរួមគ្នាបំផ្លាញជាតិដដែល!

Aug 13, 2012 06:58 AM