និស្សិត កង ឫទ្ធីសាល បានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកខាងសិល្បៈនៃការចាត់ចែង ឬហៅថា Arts Management ពីកម្មវិធី ហ៊្វុលប្រៃថ៍ ឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ នៃសាកលវិទ្យាល័យញីវយ៉ក នៃទីក្រុងបាសហ្វាឡូ (Buffalo)។ ឫទ្ធីសាល បានអោយដឹងថា គាត់ទទួលបានជោគជ័យលើអាហារូបករណ៍នេះ គឺផ្ដើមចេញពីការតាំងចិត្ត។
ឫទ្ធីសាល បន្តថា គាត់មានបំណងទៅបន្តការសិក្សានៅបរទេសជាយូរហើយ។ គាត់គិតថា ដើម្បីសិក្សាបានត្រូវស្វះស្វែងរកអាហារូបករណ៍ឧបត្ថម្ភ។ កត្តានេះបានជំរុញឲ្យគាត់ប្រឹងប្រែងរៀនសូត្រ។
មាននិស្សិតច្រើនណាស់ដែលពូកែទាំងមុខវិជ្ជា និងទាំងភាសាអង់គ្លេស ក៏ប៉ុន្តែកត្តាចាំបាច់មួយទៀតដើម្បីជាប់ជាបេក្ខជន ហ៊្វុលប្រៃថ៍ គឺបទពិសោធន៍ការងារ។ ដូច្នេះហើយ និស្សិត កង ឫទ្ធីសាល បានអោយដឹងថា គាត់ត្រូវបង្កើនសមត្ថភាពថែមទៀតតាមរយៈចូលប្រឡូកក្នុងកិច្ចការងារផ្សេងៗ ដើម្បីឲ្យក្លាយជាបេក្ខជនម្នាក់ដែលលេចធ្លោប្លែកគួរឲ្យចាប់អារម្មណ៍ជាងបេក្ខជនដទៃទៀត។
និស្សិត កង ឫទ្ធីសាល៖ «នៅក្នុងការងារដែលខ្ញុំធ្វើ ខ្ញុំខំធ្វើការងារអាជីពរបស់ខ្ញុំហ្នឹងឲ្យបានល្អ ស្វិតស្វាញនឹងការងារ ខ្ញុំរៀនសូត្រពីការងារបានជាច្រើន។ ក្រៅពីការងារអាជីព ខ្ញុំបានស្ម័គ្រចិត្តនៅក្នុងក្រុមយុវជន មានសមាគមមួយដែលគេហៅថា សមាគមយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។ ខ្ញុំធ្លាប់ធ្វើជាសមាជិកនៅក្នុងហ្នឹង ហើយបន្ទាប់មកខ្ញុំធ្វើប្រធានសមាគមហ្នឹងពីរឆ្នាំ។ ខ្ញុំដឹកនាំយុវជនត្រូវធ្វើសកម្មភាពសង្គមផ្សេងៗ ត្រូវស្ម័គ្រចិត្តដូចជាសកម្មភាពបណ្ដុះបណ្ដាលកម្មវិធីដទៃផ្សេងទៀត ត្រូវតែចូលរួមដល់ការអភិវឌ្ឍសហគមន៍ ធ្វើឲ្យខ្ញុំបានមានពិសោធន៍ទាំងហ្នឹង ហើយធ្វើឲ្យខ្ញុំបានរីកចំរើនខាងចំណេះដឹងអំពីសង្គម អំពីពិភពលោកផងដែរ»។
និស្សិតកម្មវិធីអាហារូបករណ៍ ហ៊្វុលប្រៃថ៍ មួយរូបទៀត ឈ្មោះ កញ្ញា វៀត សុខលី។ នាងបានជាប់អាហារូបករណ៍សិក្សាផ្នែកគោលនយោបាយសាធារណៈ ជាភាសាអង់គ្លេសហៅថា Public Policy ដោយផ្ដោតលើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការសិក្សាឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ នៅសកលវិទ្យាល័យ ឈីកាហ្គោ (The University of Chicago)។ បើទោះបីជានាងបានសិក្សាផ្នែកហិរញ្ញវត្ថុពីប្រទេសសិង្ហបុរីរួចហើយក្ដី តែនាងនៅតែប្រាថ្នាចង់មកសិក្សានៅក្នុងប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិកនេះ។
កញ្ញា វៀត សុខលី៖ «កត្តាជោគជ័យក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស គឺសំខាន់យើងមានគោលដៅច្បាស់លាស់ ជាពិសេសគឺសំរាប់ថ្នាក់អនុបណ្ឌិតតែម្ដង។ ការងាររបស់យើងមានគោលដៅច្បាស់លាស់ គាត់ស្ថានទូតគាត់សម្លឹងមើលបទពិសោធន៍ការងាររបស់យើងថា យើងមានសក្ដានុពល យើងមានគោលដៅការងារហ្នឹងសម្រាប់អភិវឌ្ឍន៍របស់ប្រទេសយើង ហើយម្យ៉ាងទៀតក៏យើងត្រូវមានសមត្ថភាពគ្រប់គ្រាន់ខាងផ្នែកភាសាអង់គ្លេស និងចំណេះដឹងទូទៅ និយាយរួមក្នុងលក្ខណៈជ្រើសរើសហ្នឹង យើងមិនចាញ់និស្សិតណាម្នាក់ទេ»។
ហ៊្វុលប្រៃថ៍ ជាកម្មវិធីផ្លាស់ប្ដូរការសិក្សារបស់សហរដ្ឋអាមេរិក។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងស្វែងយល់ពីគ្នាទៅមករវាងប្រទេសអាមេរិក និងប្រទេសដទៃនៅលើសកលលោក។
លោក ស្ហន មគ្គិនថស្ស (Sean McIntosh) មន្ត្រីកិច្ចការសាធារណៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៤ សហរដ្ឋអាមេរិកបានផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួន ១៣៦នាក់ មកសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី ហ៊្វុលប្រៃថ៍ នេះ៖ «កម្មវិធី ហ៊្វុលប្រៃថ៍ នេះ ផ្ដល់អាហារូបករណ៍រយៈពេលពីរឆ្នាំសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ សិស្សត្រូវបង្ហាញពីបទពិសោធន៍ជាអ្នកដឹកនាំ និងមានប្រវត្តិសិក្សាល្អដែលមានពិន្ទុខ្ពស់ និងបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ ចំនួននិស្សិតដែលជ្រើសរើសទៅសិក្សាកម្មវិធីនេះក្នុងមួយឆ្នាំផ្អែកតាមការកំណត់សមស្របមួយនៃថវិកាប្រចាំឆ្នាំ។ ការិយាល័យកិច្ចការសាធារណៈប្រចាំនៅកម្ពុជា មិនមានសិទ្ធិសម្រេចថវិកានេះទេ គឺអាស្រ័យលើក្រសួងការបរទេស»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីកម្មវិធី ហ៊្វុលប្រៃថ៍ លោកជំរុញឲ្យនិស្សិតខ្មែរដែលមានបំណងបន្តការសិក្សានៅបរទេស ខិតខំស្រាវជ្រាវរកអាហារូបករណ៍ផ្សេងៗជាច្រើនតាមរយៈវ៉ឹបសៃថ៍។
កម្មវិធី ហ៊្វុលប្រៃថ៍ ត្រូវបានសហរដ្ឋអាមេរិក បង្កើតឡើងតាំងពីឆ្នាំ១៩៤៦ គឺមានរយៈពេលជិត ៧០ឆ្នាំហើយមកទល់ពេលនេះ។ កម្មវិធីនេះបានផ្ដល់អាហារូបករណ៍ដល់ប្រទេសចំនួន ១៥៥ លើពិភពលោកដែលគ្រប់គ្រងផ្ទាល់ដោយក្រសួងការបរទេសអាមេរិក។
កម្មវិធីនេះបានបង្កើតមាននៅកម្ពុជា ពីឆ្នាំ១៩៩៤ ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ បេក្ខជនដែលបានជ្រើសរើសសម្រាប់ការសិក្សាឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ មានចំនួន ៥នាក់ ហើយមួយឆ្នាំៗមាននិស្សិតប្រមាណពី ៤ ទៅ ៦ ឬ ៨នាក់ ផ្អែកតាមថវិកា។
កម្មវិធី ហ៊្វុលប្រៃថ៍ ផ្ដល់ជំនួយការសិក្សាផ្អែកទៅលើវិស័យជាច្រើន ដូចជាវិស័យអប់រំ សុខភាពសាធារណៈគ្រប់គ្រងជំនួញ សេដ្ឋកិច្ច កិច្ចការសាធារណៈ ទំនាក់ទំនងអន្តរជាតិ កាសែត បុរាណវត្ថុវិទ្យា ការគ្រប់គ្រងធនធានធម្មជាតិ គណិតវិទ្យា វិទ្យាសាស្ត្រខាងម្ហូបអាហារ បស្សុសាស្រ្ត សង្គមវិទ្យា ជីវវិទ្យា គ្រប់គ្រងសំណង់ វិស្វករសំណង់ ច្បាប់ វិទ្យាសាស្ត្រកុំព្យូទ័រ និងកិច្ចការអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។