កម្មករ​រោងចក្រ​អ៊ឹម.វ៉េ ធ្វើ​កូដកម្ម​អហិង្សា​ទាម​ទារ​ប្រាក់​អត្ថប្រយោជន៍

កម្មករ​រោងចក្រ អ៊ឹម.វ៉េ (M&V) ប្រមាណ​៥០០​នាក់ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​អហិង្សា ដោយ​នាំ​គ្នា​អង្គុយ​លេង​មិន​ធ្វើ​ការងារ និង​ខ្លះ​ទៀត​បាន​នាំ​គ្នា​ដើរ​ចេញ​មក​ក្រៅ​រោងចក្រ​អស់​រយៈពេល​៣​ថ្ងៃ​ហើយ ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​បន្ថែម​ប្រាក់​អត្ថប្រយោជន៍​ស្រប​ច្បាប់​មួយ​ចំនួន​ដល់​ពួក​គេ។

0:00 / 0:00

គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា នេះ គឺ​ជា​ថ្ងៃ​ទី​៣​ហើយ ដែល​កម្មករ​រោងចក្រ អ៊ឹម.វ៉េ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​យ៉ាង​ស្ងៀម​ស្ងាត់ ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ចំនួន​៤​ចំណុច។

កម្មការិនី ឈ្មោះ សុធា អាយុ ២២​ឆ្នាំ ដែល​បាន​ដើរ​ចេញ​ពី​រោងចក្រ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា បញ្ជាក់​ពី​មូលហេតុ​ដែល​កម្មករ កម្មការិនី​នាំ​គ្នា​ធ្វើ​កូដកម្ម​នេះ​ថា ដោយ​ស្ថានភាព​ជីវភាព​របស់​ពួក​គេ​បាន​ជួប​ការ​លំបាក ព្រោះ​ទំនិញ​លើ​ទីផ្សារ​ចេះ​តែ​ឡើង​ថ្លៃ​ឥត​ឈប់។ ចំណែក​ប្រាក់​ខែ​របស់​កម្មករ កម្មការិនី នៅ​រោងចក្រ អ៊ឹម.វ៉េ មិន​មាន​ការ​ប្រែ​ប្រួល​សោះ។

កម្មការិនី សុធា បន្ត​ថា កម្មករ កម្មការិនី នៅ​រោងចក្រ​នានា គេ​បាន​ទទួល​ប្រាក់​អត្ថប្រយោជន៍​លើ​៤​ចំណុច​នេះ​រួច​អស់​ហើយ នៅ​ឡើយ​តែ​រោងចក្រ អ៊ឹម.វ៉េ មិន​ព្រម​ផ្ដល់ ទើប​កម្មករ កម្មការិនី នាំ​គ្នា​ធ្វើ​កូដកម្ម​ដូច្នេះ៖ «បើ​សិន​ជា​របស់​របរ​វា​ថោក​នោះ មិន​អី​ទេ តែ​ឥឡូវ​ស្អី​ក៏​វា​ថ្លៃ​ដែរ។ អញ្ចឹង សុំ​ឲ្យ​ខាង​រោងចក្រ​ហ្នឹង ដំឡើង​លុយ​ឲ្យ​ពួក​ខ្ញុំ​មក។ ដែល​ធ្វើ​កូដកម្ម​នេះ គឺ​សុំ​តែ​ប៉ុណ្ណឹង​ទេ»

ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា មក​ម្ល៉េះ ដែល​កម្មករ​រោងចក្រ អ៊ឹម.វ៉េ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​យ៉ាង​ស្ងៀម​ស្ងាត់ ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​លើ​៤​ចំណុច គឺ​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ចំនួន ១០​ដុល្លារ ប្រាក់​ថ្លៃ​ការ​ស្នាក់​នៅ ១០​ដុល្លារ ប្រាក់​រង្វាន់​ទៀង​ទាត់​បន្ថែម ៣​ដុល្លារ​លើ​ប្រាក់​ដែល​មាន​ស្រាប់ ៧​ដុល្លារ និង​ប្រាក់​ធ្វើ​ការ​បន្ថែម នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​បុណ្យ​ចំនួន ១​ដុល្លារ។

យ៉ាង​នេះ​ក្ដី លោក យិន ណាក់ ដែល​ជា​ប្រធាន​រដ្ឋបាល និង​ជា​តំណាង​ឲ្យ​ថៅកែ​រោងចក្រ អ៊ឹម.វ៉េ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា ភាគី​រោងចក្រ​បាន​យល់​ព្រម​មួយ​ផ្នែក ចំពោះ​ការ​ទាម​ទារ​របស់​កម្មករ កម្មការិនី ហើយ។ លោក​ថា កម្មករ កម្មការិនី ទាំង​អស់​បាន​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា៖ «បាទ! ខាង​ភាគី​រោងចក្រ​សម្រេច​ផ្ដល់​ឲ្យ​២​ចំណុច។ ទី​១ គឺ​ប្រាក់​ស្នាក់​នៅ និង​ប្រាក់​ធ្វើ​ដំណើរ គឺ​យើង​សម្រេច​ផ្ដល់​ឲ្យ ៥​ដុល្លារ។ ចំណែក​ពាក់​ព័ន្ធ​នឹង​លុយ​ព្រីម យើង​សម្រេច​បន្ថែម​ឲ្យ ២​ដុល្លារ​ទៀត គឺ​សរុប ៩​ដុល្លារ»

ទាក់​ទិន​ចំពោះ​បញ្ហា​នេះ ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា ការ​ចរចា​គ្នា​យ៉ាង​តឹង​តែង​រយៈពេល​១​ថ្ងៃ​កន្លះ រវាង​សហជីព​សេរី​កម្មករ​កម្ពុជា និង​ភាគី​រោងចក្រ សម្រេច​បាន​ជា​បណ្ដោះ​អាសន្ន​នូវ​ដំណោះ​ស្រាយ​មួយ ដែល​ទោះ​បី​ជា​កម្មករ កម្មការិនី មិន​ទាន់​ពេញ​ចិត្ត​នោះ​ទេ។

ប៉ុន្តែ ដោយ​លោក​យល់​ថា ដើម្បី​ជៀស​វាង​ការ​ខាត​បង់​ផល​ប្រយោជន៍​ទាំង​សង​ខាង លោក​បាន​អង្វរ​ឲ្យ​កម្មករ កម្មការិនី​ទាំង​អស់ ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា សិន ហើយ​លោក​នឹង​បន្ត​ការ​ចរចា​បន្ថែម​នៅ​ពេល​ក្រោយ​ទៀត៖ «ចំណុច​សំខាន់​នោះ គឺ​ភាគី​រោងចក្រ​មិន​កាត់​ប្រាក់​រង្វាន់​របស់​បង​ប្អូន​កម្មករ​ទេ ចំពោះ​ការ​ធ្វើ​កូដកម្ម​ប៉ុន្មាន​ថ្ងៃ​នេះ។ ចំពោះ​ការ​ផ្ដល់​មិន​គ្រប់​តាម​ការ​ទាម​ទារ​នោះ គឺ​វា​ជា​រឿង​ចរចា។ ប៉ុន្តែ​ទោះ​បី​ជា​មិន​បាន​តាម​សំណូម​ពរ តែ​យើង​ពី​អត់ ឥឡូវ​បាន​មួយ​ចំនួន ដូច្នេះ​យើង​នាំ​គ្នា​ទទួល​យក​សិន​ទៅ ហើយ​ខ្ញុំ​នឹង​បន្ត​ចរចា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ»

រោងចក្រ អ៊ឹម.វ៉េ គឺ​ជា​រោងចក្រ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង។ រោងចក្រ​នេះ ជា​ញឹក​ញាប់​តែង​កើត​មាន​ការ​តវ៉ា​ពី​សំណាក់​កម្មករ កម្មការិនី ពី​ស្ថានភាព​លំបាក​ក្នុង​ការងារ ការ​គាប​សង្កត់ និង​ការ​បំបិទ​សិទ្ធិ​ពី​សំណាក់​ថៅកែ​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។