លោក ហ៊ុយ ពេជ្រសុវណ្ណ បានឲ្យវិទ្យុអាស៊ីសេរីដឹងថា ការជួយអន្តរាគមន៍នេះ បន្ទាប់ពីយុវតីរូបនោះបានរត់គេចចេញពីក្រុមហ៊ុន ដោយសារក្រុមហ៊ុនបានធ្វើបាប ចាក់សោបង្ខាំងក្នុងផ្ទះមិនឲ្យចេញទៅណា និងមិនឲ្យហូបចុកគ្រប់គ្រាន់ជាដើម។
លោក ហុយ ពេជ្រសុវណ្ណ មានប្រសាសន៍ដូច្នេះ ៖ «គាត់ខ្លាចអ្នកផ្សព្វផ្សាយយកទៅក្រុមហ៊ុនវិញ។ ឥឡូវខ្ញុំបានជួបអ្នកផ្សព្វផ្សាយហើយ អ្នកផ្សព្វផ្សាយថា គេអត់មានសិទ្ធិអីយកទៅវិញទេ»។
យុវតីដែលអះអាងថា ជាជនរងគ្រោះផ្ទាល់ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីដែរថា គេបានមករៀនជាមួយក្រុមហ៊ុនភីអិនភីនេះ បានរយៈពេល ២ខែ តាមរយៈមេខ្យល់នៅជិតផ្ទះរបស់ខ្លួន ប៉ុន្តែដោយសារមានការធ្វើបាបពីក្រុមហ៊ុនខ្លាំងពេក ទើបនាងលួចរត់ចេញ ដោយផ្លោះរបងចេញពីក្រុមហ៊ុននៅយប់មួយ ដែលគេមានពិធីជប់លៀង កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ។
យុវតីដែលសុំមិនបញ្ចេញឈ្មោះប្រាប់ដូច្នេះ ៖ «មកពិបាកពេកបានខ្ញុំរត់ចេញ។ ពិបាកហូបចុក ពិបាកគេង។ ទាល់តែម៉ោង ១០ បានគេឲ្យគេង។ គេអត់មានវ៉ៃធ្វើបាបទេ គ្រាន់តែឃុំឃាំង គេចាក់សោ អត់បាយ»។
យុវតីរូបនេះបន្តថា នាងបានរត់ចេញមកជាមួយគ្នា ៥ ទៅ ៦នាក់ផ្សេងទៀត ដែលមានស្រុកកំណើតផ្សេងគ្នា ប៉ុន្តែបានបែកខ្ញែកគ្នារៀងៗខ្លួន។ នាងបានឲ្យដឹងទៀតថា នៅទីនោះនៅមានស្រីៗប្រមាណជាង ៥០នាក់ទៀត កំពុងទទួលរងការធ្វើបាបដូចនាងនេះដែរ ហើយម្នាក់ៗកំពុងរកឱកាសដើម្បីលួចរត់ចេញដូចៗគ្នា។
ប្រធានគ្រប់គ្រងសាខាក្រុមហ៊ុនភីអិនភី ខូអិលធីឌី (PNP Co.,LTD.) លោក ផាត់ សំអុល បាន ច្រានចោលចំពោះការចោទប្រកាន់នេះ ៖ «យើងមិនបង្ខាំងគាត់មិនឲ្យទៅណាទេ គ្រាន់តែមានអ្នកកាន់សោ ហើយសុទ្ធតែកូនសិស្សគ្នាគាត់ហ្នឹងឯង ជាអ្នកកាន់សោ។ ការពារក្រែងលោជនខិលខូចចូលមក យើងម៉េចដឹង។ បើសិនជាកន្លែងហ្នឹងលំបាក បង្ខាំងមិនដែលគាត់រត់រួចទេ?»។
ចៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លោក តាន់ ណារិន បានឲ្យវិទ្យុអាស៊ីសេរីដឹងថា លោកមិនទាន់បានទទួលរបាយការណ៍ពីសមត្ថកិច្ចនៅមូលដ្ឋានពីបញ្ហានេះទេ។
មន្ត្រីអង្គការខារ៉ាមកម្ពុជា លោក ម៉ាស សាណែត បានឲ្យដឹងថ្មីៗនេះដែរថា អង្គការលោកបានទទួលពាក្យបណ្ដឹងពីគ្រួសារជនរងគ្រោះជាបន្តបន្ទាប់ចំនួន ៦ករណីបន្ថែមទៀត ស្ដីពីការបាត់ខ្លួន និងមួយចំនួនទៀតកំពុងទទួលរងទារុណកម្មពីម្ចាស់ផ្ទះដែលពួកគេកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីនោះ។
លោក ម៉ាស សាណែត មានប្រសាសន៍ថា ៖ «គាត់ធ្វើការលើសពី ១០ម៉ោង ហើយអ្នកខ្លះត្រូវថៅកែបៀតបៀន ប៉ុនប៉ងរំលោភ ហើយនិងមួយចំនួនទៀតត្រូវថៅកែវ៉ៃធ្វើបាប អ៊ីចឹងគាត់រត់ចេញ»។
បច្ចុប្បន្ននេះមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលកំពុងរកប្រភពទាក់ទង និងការរៀបចំឯកសារពាក់ព័ន្ធនានាជាមួយជនរងគ្រោះ ដើម្បីជួយធ្វើអន្តរាគមន៍យកពួកគេវិលត្រឡប់មកស្រុកកំណើតវិញ។
របាយការណ៍ពីអង្គការខារ៉ាមកម្ពុជាបានឲ្យដឹងថា មានក្រុមហ៊ុនរកស៊ីនាំពលករទៅក្រៅប្រទេស ដែលអង្គការបានដឹងថា មាន ២៦ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្រសួងការងារ ហើយនៅអំឡុងឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨ មានពលករប្រមាណ ២ម៉ឺននាក់ចេញទៅបម្រើការងារតាមផ្ទះនៅក្រៅប្រទេស ក្នុងនោះមានករណីជួញដូរ និងរំលោភលើកម្លាំងពលកម្មមានប្រហែលជាង ២០០ករណី ដែលភាគច្រើនកើតមាននៅក្នុងប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងកោះតៃវ៉ាន់៕