ក្នុងគម្រោងនោះមានភាសាជនជាតិភាគតិចនៅក្នុងប្រទេសកម្ពុជា មួយចំនួន ដែលក្រុមអ្នកស្រាវជ្រាវយល់ថា នឹងអាចបាត់បង់នៅពេលខាងមុខដូចគ្នា។
ក្នុងគម្រោងថែរក្សាភាសាដែលកំពុងប្រឈមនឹងការបាត់បង់លើសកលលោកប្រហែល ៣.០០០ភាសា មានភាសាជនជាតិភាគតិចនៅប្រទេសកម្ពុជា យ៉ាងហោចណាស់ ៦ភាសាដែរ ដែលកំពុងប្រឈមនឹងការបាត់បង់ ឬអាចនិយាយថា ភាសាទាំងនោះមិនមានគេនិយមនិយាយក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពប្រចាំថ្ងៃ ដូចភាសាដទៃទៀត។
ក្រុមហ៊ុនប្រព័ន្ធអ៊ីនធឺណិត ហ្គូហ្គល ដែលផ្សាយលើគេហទំព័ររបស់ខ្លួននៅចុងខែមិថុនា បង្ហាញថា ភាសាទាំង ៣.០០០ ដែលជិតបាត់បង់នោះ មានដូចជាភាសា គ្រឹង កាវ៉ែត ព្នង សំរ៉ែ ក្រោល កាកូ។ ក៏ប៉ុន្តែក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ធ្វើការជាមួយបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ដែលមានជនជាតិដើមភាគតិចសរុបប្រហែល ២៤ជនជាតិនោះ មិនមានជនជាតិកាកូទេ។
លោក ស្វាយ សុខជា អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ដឹកនាំដោយសហគមន៍ នៃអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច មានប្រសាសន៍ថា ភាសាជនជាតិភាគតិចដែលកំពុងប្រឈមបាត់បង់នៅប្រទេសកម្ពុជា មិនមែនមានតែជនជាតិ សំរ៉ែ តែមួយទេ គឺមានជនជាតិភាគតិចច្រើនទៀតដែលប្រឈមនឹងការបាត់បង់។
លោក ស្វាយ សុខជា៖ «ការបារម្ភព្រួយនឹងការបាត់បង់អត្តសញ្ញាណវប្បធម៌ប្រពៃណីភាសារបស់គាត់ គឺមានតែជនជាតិមួយ គឺជនជាតិ ស្អូច។ ដោយសារជនជាតិ ស្អូច រស់នៅខេត្តព្រះសីហនុហ្នឹង មានតែ ២០គ្រួសារជាងទេ។ ជនជាតិ ខោញ ក៏តិចដែរ ជនជាតិ ក្រោល ក៏តិចដែរ។ ជនជាតិដែលអត់សូវមានសំឡេង និងមានជនជាតិ ខោញ ជនជាតិ ក្រោល ជនជាតិ មិល ជនជាតិ ស្អូច ជនជាតិ លន់... កំពុងប្រឈមបាត់បង់ពូជសាសន៍របស់គាត់ណាស់»។
នៅក្នុងគម្រោងនោះបានបញ្ជាក់ដែរថា ក្នុងចំណោមភាសាជនជាតិទាំង ៦ គឺភាសាសំរ៉ែ និងភាសាជនជាតិកាកូ ដែលមានតែមនុស្សចាស់ទុំតែពីរបីនាក់ចេះនិយាយភាសាជនជាតិខ្លួនតែប៉ុណ្ណោះ ដែលចាស់ទុំជនជាតិទាំងពីរនេះ រស់នៅខេត្តពោធិ៍សាត់ និងខេត្តរតនគិរី។ ដោយឡែកចំនួនជនជាតិដើមភាគតិចដែលចេះនិយាយភាសាជនជាតិដើមរបស់ខ្លួនទាំងពីរភាសានេះនៅលើពិភពលោកវិញ ក៏មានចំនួនតិចណាស់ដែរ គឺគេហទំព័រ ហ្គូហ្គល សរសេរថា មានចំនួនប្រហែល ១០០ ទៅ ២០០នាក់ប៉ុណ្ណោះ។ ក្រៅពីនេះមានភាសាជនជាតិដើមចំនួន ៤ទៀត នៅប្រទេសកម្ពុជា ដូចជានៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ ក៏កំពុងប្រឈមបាត់បង់ដូចគ្នា។
គេហទំព័រដដែលសរសេរថា ចំពោះភាសាជនជាតិភាគតិចទាំងបួននេះ ក៏ជិតផុតរលត់ដែរនៅប្រទេសនានាលើពិភពលោក គឺមានជនជាតិដើមដែលចេះភាសាជនជាតិដើមរបស់ខ្លួនមានចំនួនចាប់ពីជិត ២.០០០នាក់ ទៅជាង ៥២.០០០នាក់នៅទូទាំងពិភពលោក។
ចំពោះគម្រោងអភិរក្សភាសាជនជាតិដើមភាគតិចរបស់គេហទំព័រ ហ្គូហ្គល គឺមានព័ត៌មានច្រើនទាក់ទងនឹងភាសារបស់ជនជាតិនីមួយៗ ដូចជាព័ត៌មានភាសាជនជាតិដើមភាគតិចនីមួយៗនៅលើពិភពលោក រួមទាំងរបៀបនិយាយភាសាជាដើម ដែលគេអាច អាប់ឡូដ (Upload) ឬបើកមើលនៅគេហទំព័រនោះបាន។
ក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើការជួយរក្សាវប្បធម៌ និងភាសាជនជាតិដើមភាគតិចនានា បានសាទរចំពោះគម្រោងនេះ។
លោក សេក សោភ័ណ មន្ត្រីអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា ដែលធ្វើការលើកស្ទួយវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចនៅកម្ពុជា បានចាត់ទុកគម្រោងរបស់នេះថាមានសារប្រយោជន៍បំផុតសម្រាប់អង្គការនានា ជាពិសេសសម្រាប់ជនជាតិដើមភាគតិចតែម្ដងដែលចង់អភិរក្សភាសាជនជាតិដើមរបស់ខ្លួន។
លោក សេក សោភ័ណ៖ «សប្បាយចិត្តដែរ ព្រោះអត់មានអ្នកធ្វើ។ នៅក្នុងស្រុកខ្មែរអត់មានអ្នកណាធ្វើការងារហ្នឹងជាទូទៅ ទូលំទូលាយ ដើម្បីឲ្យសាធារណជនទាំងអស់គ្នានឹងដឹងរឿងភាសាជនជាតិ ហើយនិងរក្សាទុក ដែលហៅថា បណ្ណាល័យរស់ ក៏អត់ដែរ»។
ចំណែកលោក ទេព បូរិន មន្ត្រីសាខានៃអង្គការគាំទ្រសមាគមជនជាតិដើមភាគតិចដែលធ្វើការជាមួយជនជាតិដើមភាគតិចនៅភាគឦសាន យល់ថា គម្រោងនេះអាចជួយផ្ដល់ជាឯកសារយ៉ាងសំខាន់សម្រាប់ឲ្យជនជាតិភាគតិចបានអភិវឌ្ឍភាសា និងប្រពៃណីជនជាតិខ្លួនបានប្រសើរជាងបច្ចុប្បន្ន។
លោកស្រី វ៉ែន សាមីន ជនជាតិសួយមួយរូបរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏សាទរចំពោះ គេហទំព័រស្ដីអំពីការថែរក្សាភាសាជនជាតិដើមភាគតិចនេះដែរ។ តែលោកស្រីអស់សង្ឃឹមទៅវិញ ដោយសារលោកស្រី និងបងប្អូនជនជាតិសួយមិនអាចបើកមើលគេហទំព័រនោះបាន ដោយសារពួកគាត់មិនចេះអក្សរ ម្យ៉ាងទៀត ពួកគាត់រស់នៅតំបន់ដាច់ស្រយាល មិនមានបណ្ដាញអ៊ីនធឺណិត ដូចអ្នករស់នៅទីប្រជុំជន៖ «ខ្ញុំអត់មាន កុំព្យូទ័រ អត់មានអ៊ីនធឺណិតផង»។
លោកស្រីបញ្ជាក់ថា ភាសាគឺជាអត្តសញ្ញាណជនជាតិនីមួយៗ ដោយលោកស្រីប្រើពាក្យថា បើភាសារលត់អត្តសញ្ញាណជនជាតិរលាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
