ក្រុមហ៊ុន Google បង្កើត​គម្រោង​អភិរក្ស​ភាសា​ជនជាតិ

ក្រុមហ៊ុន​ហ្គូហ្គល (Google) ដែល​ជា​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) របស់​អាមេរិក​ដ៏​ធំ​មួយ បាន​ផ្ដួច​ផ្ដើម​បង្កើត​គម្រោង​អភិរក្ស​ភាសា​ឈ្មោះ​ថា «គម្រោង​ភាសា​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់» ដើម្បី​រួម​ចំណែក​ថែរក្សា​ភាសា​ជន​ជាតិ​មួយ​ចំនួន ដែល​កំពុង​បាត់បង់។
ដោយ វោហារ ជាតិ
2012-07-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិស្អូច៣០៥
មន្រ្តី​ឃុំ​សំរុង ចុះ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាជន​ជន​ជាតិ​ស្អូច នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១២
RFA/Vohar Cheath

ក្នុង​គម្រោង​​នោះ​មាន​ភាសា​ជនជាតិ​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា មួយ​ចំនួន ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា នឹង​អាច​បាត់​បង់​នៅ​ពេល​ខាង​មុខ​ដូចគ្នា។

ក្នុង​គម្រោង​ថែ​រក្សា​ភាសា​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​លើ​សកល​លោក​ប្រហែល ៣.០០០​ភាសា មាន​ភាសា​ជនជាតិ​ភាគតិច​នៅ​ប្រទេស​កម្ពុជា យ៉ាង​ហោច​ណាស់ ៦​ភាសា​ដែរ ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់ ឬ​អាច​និយាយ​ថា ភាសា​ទាំង​នោះ​មិន​មាន​គេ​និយម​និយាយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដូច​ភាសា​ដទៃ​ទៀត។

ក្រុមហ៊ុន​ប្រព័ន្ធ​អ៊ីនធឺណិត ហ្គូហ្គល ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ចុង​ខែ​មិថុនា បង្ហាញ​ថា ភាសា​ទាំង ៣.០០០ ដែល​ជិត​បាត់​បង់​​នោះ មាន​ដូច​ជា​ភាសា គ្រឹង កាវ៉ែត ព្នង សំរ៉ែ ក្រោល កាកូ។ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការ​ជា​មួយ​បង​ប្អូន​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា បាន​បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា ដែល​មាន​ជនជាតិ​ដើម​ភាគ​តិច​សរុប​ប្រហែល ២៤​ជនជាតិ​នោះ មិន​មាន​ជន​ជាតិ​កាកូ​ទេ។

លោក ស្វាយ សុខជា អ្នក​សម្រប​សម្រួល​កម្ម​វិធី​អភិវឌ្ឍន៍​ដឹកនាំ​ដោយ​សហគមន៍ នៃ​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច មាន​ប្រសាសន៍​ថា ភាសា​ជនជាតិ​ភាគ​តិច​ដែល​កំពុង​ប្រឈម​បាត់​បង់​នៅ​ប្រទេស​កម្ពុជា មិន​មែន​មាន​តែ​ជន​ជាតិ សំរ៉ែ តែ​មួយ​ទេ គឺ​មាន​ជនជាតិ​ភាគ​តិច​ច្រើន​ទៀត​ដែល​ប្រឈម​នឹង​ការ​បាត់​បង់។

លោក ស្វាយ សុខជា៖ «ការ​បារម្ភ​ព្រួយ​នឹង​​ការ​បាត់​បង់​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​ភាសា​របស់​គាត់ គឺ​មាន​តែ​ជនជាតិ​មួយ គឺ​ជនជាតិ ស្អូច។ ដោយសារ​ជនជាតិ ស្អូច រស់​នៅ​ខេត្ត​ព្រះសីហនុ​ហ្នឹង មាន​តែ ២០​គ្រួសារ​ជាង​ទេ។ ជនជាតិ ខោញ ក៏​តិច​ដែរ ជនជាតិ ក្រោល ក៏​តិច​ដែរ​។ ជនជាតិ​ដែល​អត់​សូវ​មាន​សំឡេង និង​មាន​ជនជាតិ ខោញ ជនជាតិ ក្រោល ជនជាតិ មិល ជនជាតិ ស្អូច ជនជាតិ លន់... កំពុង​ប្រឈម​បាត់​បង់​ពូជ​សាសន៍​របស់​គាត់​ណាស់»

នៅ​ក្នុង​គម្រោង​នោះ​បាន​បញ្ជាក់​​ដែរ​ថា ក្នុង​ចំណោម​ភាសា​ជនជាតិ​​ទាំង ៦ គឺ​ភាសា​សំរ៉ែ និង​ភាសា​ជនជាតិ​កាកូ ដែល​មាន​តែ​មនុស្ស​ចាស់ទុំ​តែ​ពីរ​បី​នាក់​ចេះ​និយាយ​ភាសា​ជនជាតិ​ខ្លួន​តែ​ប៉ុណ្ណោះ ដែល​ចាស់​ទុំ​ជនជាតិ​ទាំង​ពីរ​នេះ រស់​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​រតនគិរី។ ដោយ​ឡែក​ចំនួន​ជនជាតិ​ដើម​ភាគ​តិច​ដែល​ចេះ​និយាយ​ភាសា​ជនជាតិ​ដើម​របស់​ខ្លួន​ទាំង​ពីរ​ភាសា​នេះ​នៅ​លើ​ពិភព​លោក​វិញ ក៏​មាន​ចំនួន​តិច​ណាស់​ដែរ គឺ​គេហទំព័រ ​ហ្គូហ្គល សរសេរ​ថា មាន​ចំនួន​ប្រហែល ១០០ ទៅ ២០០​នាក់​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ​មាន​ភាសា​ជនជាតិ​ដើម​ចំនួន ៤​ទៀត នៅ​ប្រទេស​កម្ពុជា ​​ដូច​ជា​នៅ​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ខេត្ត​កំពង់ធំ ក៏​កំពុង​ប្រឈម​បាត់​បង់​ដូច​គ្នា។

គេហទំព័រ​ដដែល​សរសេរ​ថា ចំពោះ​ភាសា​ជនជាតិ​ភាគ​តិច​ទាំង​បួន​នេះ ក៏​ជិត​ផុតរលត់​​ដែរ​នៅ​ប្រទេស​នានា​លើ​ពិភពលោក គឺ​មាន​ជនជាតិ​ដើម​ដែល​ចេះ​ភាសា​ជនជាតិ​ដើម​របស់​ខ្លួន​មាន​ចំនួន​ចាប់​ពី​ជិត ២.០០០​នាក់ ទៅ​ជាង ៥២.០០០​នាក់​នៅ​ទូទាំង​ពិភពលោក។

ចំពោះ​គម្រោង​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគ​តិច​របស់​គេហទំព័រ ហ្គូហ្គល គឺ​មាន​ព័ត៌មាន​ច្រើន​ទាក់​ទង​នឹង​ភាសា​របស់​ជនជាតិ​នីមួយៗ ដូច​ជា​ព័ត៌មាន​ភាសា​ជនជាតិ​ដើម​ភាគតិច​នីមួយ​ៗ​នៅ​លើ​ពិភពលោក រួម​ទាំង​របៀប​និយាយ​ភាសា​ជា​ដើម ដែល​គេ​អាច អាប់ឡូដ (Upload) ឬ​បើក​មើល​នៅ​គេហទំព័រ​នោះ​បាន។

ក្រុម​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ការ​ជួយ​រក្សា​វប្បធម៌ និង​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច​នានា បាន​សាទរ​ចំពោះ​គម្រោង​នេះ។

លោក សេក សោភ័ណ មន្ត្រី​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​កម្ពុជា ដែល​ធ្វើ​ការ​លើក​ស្ទួយ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា បាន​ចាត់​ទុក​គម្រោង​របស់​នេះ​ថា​មាន​សារប្រយោជន៍​បំផុត​សម្រាប់​អង្គការ​នានា ជា​ពិសេស​សម្រាប់​ជនជាតិ​ដើម​ភាគតិច​តែ​ម្ដង​ដែល​ចង់​អភិរក្ស​ភាសា​ជនជាតិ​ដើម​របស់​ខ្លួន។

លោក សេក សោភ័ណ៖ «សប្បាយ​ចិត្ត​ដែរ ព្រោះ​អត់​មាន​អ្នក​ធ្វើ។ នៅ​ក្នុង​ស្រុក​ខ្មែរ​អត់​មាន​អ្នក​ណា​ធ្វើ​ការងារ​ហ្នឹង​ជា​ទូទៅ ទូលំ​ទូលាយ ដើម្បី​ឲ្យ​សាធារណជន​ទាំង​អស់​គ្នា​នឹង​ដឹង​រឿង​ភាសា​ជនជាតិ ហើយ​និង​រក្សា​ទុក ដែល​ហៅ​ថា បណ្ណាល័យ​រស់ ក៏​អត់​ដែរ»

ចំណែក​លោក ទេព បូរិន មន្ត្រី​សាខា​នៃ​អង្គការ​គាំទ្រ​សមាគម​ជនជាតិ​ដើម​ភាគ​តិច​ដែល​ធ្វើ​ការ​ជាមួយ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន​ យល់​ថា គម្រោង​នេះ​អាច​ជួយ​ផ្ដល់​ជា​ឯកសារ​យ៉ាង​សំខាន់​សម្រាប់​ឲ្យ​ជនជាតិ​ភាគ​តិច​បាន​អភិវឌ្ឍ​ភាសា និង​ប្រពៃណី​ជន​ជាតិ​ខ្លួន​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន។

លោកស្រី វ៉ែន សាមីន ជនជាតិ​សួយ​មួ​យរូប​រស់​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ក៏​សាទរ​ចំពោះ ​គេហទំព័រ​ស្ដី​អំពី​ការ​ថែរក្សា​ភាសា​ជនជាតិ​ដើម​ភាគ​តិច​នេះ​ដែរ។ តែ​លោកស្រី​អស់​សង្ឃឹម​ទៅ​វិញ ដោយសារ​លោកស្រី និង​បង​ប្អូន​ជន​ជាតិ​សួយ​មិន​អាច​បើក​មើល​គេហទំព័រ​នោះ​បាន ដោយសារ​ពួក​គាត់​មិន​ចេះ​អក្សរ ម្យ៉ាង​ទៀត ពួក​គាត់​រស់​នៅ​តំបន់​ដាច់​ស្រយាល មិន​មាន​បណ្ដាញ​អ៊ីនធឺណិត ដូច​អ្នក​រស់នៅ​ទី​ប្រជុំ​ជន៖ «ខ្ញុំ​អត់​មាន កុំព្យូទ័រ អត់​មាន​អ៊ីនធឺណិត​ផង»

លោកស្រី​បញ្ជាក់​ថា ភាសា​គឺ​ជា​អត្តសញ្ញាណ​ជនជាតិ​នីមួយៗ ដោយ​លោកស្រី​ប្រើ​ពាក្យ​ថា បើ​ភាសា​រលត់​អត្តសញ្ញាណ​ជនជាតិ​រលាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល