លោក អំ សំអាត មន្រ្តីគ្រប់គ្រងនៃក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស ឈ្មោះ លីកាដូ បានមានប្រសាសន៍ថា ក្នុងដើមឆ្នាំ២០០៩ រហូតមកដល់ខែកក្កដានេះ មានមនុស្សប្រមាណ ៣០០នាក់ហើយ ត្រូវអាជ្ញាធរក្រុងភ្នំពេញបានចាប់ដោយបង្ខំពីកន្លែងដែលគេជ្រកកោនទៅកាន់មន្ទីរសង្គមកិច្ចមណ្ឌលព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ដើម្បីលំអនិងសំអាតទីក្រុង។
ទោះបីយ៉ាងណាក្តី លោកឲ្យដឹងថា វិធានការលើកនេះមានភាពធូរស្រាលជាងវិធានការដែលអាជ្ញាធរក្រុងបានចាត់កាលពីឆ្នាំទៅមិញ ដែលនៅពេលនោះមានការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះទាំងនោះពីសមត្ថកិច្ចនៃមន្ទីរ។
លោក អំ សំអាត ថ្លែងដូច្នេះថា ៖ «បាទ! ជាង ១០០នាក់នៅខែក្រោយនេះ ហើយបើសិនជាងយើងគិតនៅក្នុងឆ្នាំ២០០៩នេះ គឺមានមនុស្សមិនតិចជាង ៣០០នាក់ទេ ដែលត្រូវប្រមូលនៅក្នុងទីក្រុងភ្នំពេញហ្នឹង ហើយក្នុងនោះអ្នកខ្លះត្រូវបានបញ្ជូនទៅមណ្ឌលព្រៃស្ពឺ ប៉ុន្តែការដាក់នោះមិនមែនជាការឃុំឃាំងដូចឆ្នាំ២០០៨ទេ គឺជាការបញ្ជូនទៅស្ម័គ្រចិត្ត ហើយបើអ្នកស្ម័គ្រចិត្ត គឺគេឲ្យត្រឡប់ពីមណ្ឌលព្រៃស្ពឺហ្នឹងមកវិញ បើគ្មានថវិកាទេ គឺត្រូវដើរទៅផ្ទះសម្បែង ឬក៏ទៅរកកន្លែងគាត់រៀងខ្លួនៗ។ ហើយចំណែកឯស្រ្តីរកស៊ីផ្លូវភេទ គេបានបញ្ជូនទៅតាមមណ្ឌលអង្គការនានា ឬក៏ទៅមណ្ឌលយុវនីតិសម្បទាចោមចៅ ឬមណ្ឌលអង្គការផ្សេងៗ។ ចំពោះអ្នកដែលមានការប្រើប្រាស់គ្រឿងញៀន គឺគេបញ្ជូនទៅមជ្ឈមណ្ឌលគ្រឿងញៀនក្រុងភ្នំពេញ»។
នៅថ្ងៃអាទិត្យ(ទី២៥ កក្កដា)នេះ យើងមិនអាចរកសេចក្តីបញ្ជាក់ពីមន្រ្តីសមត្ថកិច្ចនៃមន្ទីររក្សាទុកជនក្រីក្រទាំងនោះបាននៅឡើយទេ៕
