បក្ស​ប្រឆាំង​នៅ​កម្ពុជា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​ទៅ​អ.ស.ប.​ដោយ​ចោទ​ថា​ថៃ​ឈ្លានពាន​ខ្មែរ

សមាជិក​គណបក្ស​សមរង្ស៊ី​នៃ​ប្រទេស​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ដាក់​ពាក្យ​បណ្ដឹង​ជា​បន្ទាន់​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ដើម្បី​ធានា​នូវ​បូរណភាព​ទឹក​ដី​ខ្មែរ ។
ដោយ ជា មករា
2008.07.19
ទាហាន​ថៃ ទាហាន​ថៃ​បោះតង់​សម្រាក​នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ព្រះវិហារ​ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១៨ កក្កដា ២០០៨។ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​នា​ថ្ងៃ​១៩ កក្កដា ២០០៨ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​ពី​រឿង​ថៃ​ឈ្លាន​ពាន​ខ្មែរ។
RFA Photo/Keo Nimol

ការទាមទារ​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​មាន​ការអះអាង​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវេទ ថា ទឹកដី​ត្រង់​តំបន់​វត្ត​កែវសិក្ខា​គិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទឹកដី​ថៃ មិនមែន​ជា​ទឹក​ដី​កម្ពុជា​នោះ​ឡើយ ។

គណបក្ស​ប្រឆាំង​បាន​ចោទ​ថា ការដែល​ប្រទេស​ថៃ​ពង្រាយ​ទ័ព​នៅ​លើ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ជា​ការឈ្លានពាន​និង​ជា​ការរំលោភ​លើ​បូរណភាព​ទឹកដី​នៃ​ប្រទេស​ខ្មែរ ហើយ​ថា ជា​ការរំលោភ​បំពាន​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ លើ​ទឹកដី​ខ្មែរ​ដែល​បាន​កំណត់​យ៉ាង​ច្បាស់​តាមរយៈ​កិច្ចព្រមព្រៀង​បារាំង-​សៀម​ឆ្នាំ ១៩០៤ និង​ឆ្នាំ ១៩០៧ ។

ក្រុម​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រឆាំង បាន​សរសេរ​ទៀត​ថា ប្រទេស​សៀម​បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ដែល​បាន​សម្រេច​ឲ្យ​ភាគី​ខ្មែរ ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ ។

សមាជិក​សភា​គណបក្ស​សមរង្ស៊ី បាន​ចោទ​ទៀត​ថា ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​គូស​ផែនទី​ថ្មី ដោយ​ដាក់​តែ​តួ​ប្រាសាទ និង​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​ឧបនាយករដ្ឋមន្ត្រី​ខ្មែរ សុខ អាន និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ណុបផាឌុន ប៉ាតាម៉ា គឺ​ជា​ទង្វើ​ខុសច្បាប់ និង​មិន​បាន​ឆ្លង​រដ្ឋសភា ហើយ​ថា វា​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការឈ្លានពាន​របស់​កងទ័ព​ថៃ​មក​លើ​ទឹកដី​កម្ពុជា​ថែម​ទៀត​ផង ។

ទោះជា​យ៉ាងណា មន្ត្រី​ខ្មែរ​ធ្លាប់​បាន​អះអាង​ជា​ញឹកញាប់​ថា ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​ការគូស​ផែនទី​ថ្មី​នោះ មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី​មួយ​ចំអាម​ឡើយ ។

រហូត​មក​ទល់​នឹង​ថ្ងៃ​សៅរ៍​នេះ ការប្រឈមមុខ​ដាក់​គ្នា ដែល​មាន​សភាព​តានតឹង​រវាង​ទាហាន​ថៃ និង​ទាហាន​ខ្មែរ​នៅលើ​ខ្នង​ភ្នំ​ប្រាសាទ​ព្រះវិហារ បាន​ឈាន​ដល់​ថ្ងៃ​ទី​ប្រាំ​ហើយ ។

ទាហាន​ថៃ​នៅតែ​បន្ត​កាន់កាប់​វត្ត​ខ្មែរ​មួយ​នៅ​លើ​ខ្នងភ្នំ​ប្រាសាទ​ព្រះវិហារ​ឈ្មោះ​វត្ត កែវ​សិក្ខា​គិរី​ស្វារៈ ហៅវត្ត​ប្រាសាទ​ព្រះវិហារ ។

តាមសេចក្ដី​រាយការណ៍​របស់​អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ក្នុង​ទឹកដី​ថៃ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ មាន​ឡាន​ទាហាន​ថៃ​ចំនួន ១០​ឡាន ដែល​ផ្ទុក​ទាហាន​ប្រមាណ ២០​នាក់​ក្នុង​មួយ​ឡាន ហើយ​សរុប​ទាំង​អស់ មាន​ចំនួន​ប្រមាណ ២០០​នាក់ ។

ទាហាន​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ។ ក្នុង​មួយ​ឡាន​ៗ គេ​ឃើញ​មាន​កាំភ្លើង​ត្បាល់​ចំនួន​មួយ​គ្រឿង ។ ទាហាន​ទាំង​នោះ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ត្រូវ​បាន​បញ្ជូន​ពី​យោធ​ភូមិ​ភាគ​២​របស់​ថៃ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​នគរ​រាជ​សីមា ដោយ​ឆ្លងកាត់​ខេត្ត​ប៊ុរីរ៉ាំ និង​ខេត្ត​ស៊ីសាកេត ។

រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​សៅរ៍​នេះ សេចក្ដី​រាយការណ៍​ពី​ថៃ បាន​ឲ្យ​ដឹង​ថា មាន​ទាហាន​ថៃ​ចំនួន​ប្រមាណ ២៥០០​នាក់ និង​ទាហាន​ខ្មែរ​មាន​ចំនួន ប្រមាណ ១.០០០​នាក់ កំពុងតែ​ឈរជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ជូន​លោក​នាយក​រដ្ឋមន្ត្រី​ថៃ សាម៉ាក់ ស៊ុនថរ៉ាវេទ សុំ​ឲ្យ​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ជា​ទឹកដី​របស់​ខ្មែរ ។

លោក សាម៉ាក់ ស៊ុនថរ៉ាវេទ បាន​ឆ្លើយ​តប​មក​លោក​នាយករដ្ឋមន្ត្រី​វិញ​ថា ទាហាន​ថៃ​អាច​ឈរជើង​នៅឯ​វត្ត​ប្រាសាទ​ព្រះវិហារ​នោះ ពីព្រោះ​តំបន់​នោះ ជា​ទឹកដី​របស់​ថៃ​ទៅ​វិញ ហើយ​ថា វត្តមាន​របស់​កងទ័ព​ខ្មែរ​នៅ​ទីនោះ បាន​រំលោភ​លើ​បូរណភាព​ទឹកដី​ថៃ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។