អង្គការសិទ្ធិមនុស្សដដែល បានបញ្ជាក់ថា ថ្វីត្បិតតែចំនួនកុមារជាប់ឃុំក្នុងពន្ធនាគារឆ្នាំនេះ មានការថយចុះជាង ១៩០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ កន្លងទៅក៏ដោយ ក៏គេនៅតែព្រួយបារម្ភអំពីអនាគតកុមារទាំងនោះដែរ។
ដោយសារតែក្តីកង្វល់ទៅលើអនាគតរបស់កុមារនេះ ក្រុមអ្នកជំនាញផ្នែកសិទ្ធិកុមារអន្តរជាតិ និងក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា កំពុងសហការគ្នាក្នុងការរិះរកមធ្យោបាយជាច្រើន ដើម្បីជួយដល់ស្ថានភាពកុមារឱ្យបានប្រសើរនៅក្នុងប្រព័ន្ធយុត្តិធម៌។
ចៅក្រម ព្រះរាជអាជ្ញា មកពីតាមបណ្ដាសាលាដំបូងនៅទូទាំងប្រទេសកម្ពុជា រួមទាំងក្រុមមេធាវីនៃអង្គការក្រៅរដ្ឋាភិបាលផង ប្រមាណជាង ២០០នាក់ កំពុងជួបប្រជុំគ្នាក្នុងសន្និសីទថ្នាក់ជាតិរយៈពេល ២ថ្ងៃ នាខេត្តសៀមរាប។
សន្និសីទថ្នាក់ជាតិដែលរៀបចំដោយក្រសួងយុត្តិធម៌ សហការជាមួយអង្គការសិទ្ធិកុមារអន្តរជាតិ ហើយមានការឧបត្ថម្ភពីអង្គការយូនីសេហ្វ (UNICEF) នេះ នឹងពិភាក្សាគ្នាទៅលើប្រព័ន្ធយុត្តិធម៌ និងអនីតិជន ដោយរិះរកមធ្យោបាយផ្លូវច្បាប់ឱ្យបានប្រសើរ ក្នុងការអនុវត្តទៅលើករណីនានាដែលពាក់ព័ន្ធជាមួយកុមារ។
លោក អាឡាស្ទៀរ៍ នីចូសុន (Alastair Nichoson) ជាប្រធានអង្គការសិទ្ធិកុមារអន្តរជាតិ លោកបានថ្លែងនៅក្នុងការបើកសន្និសីទស្ដីពីប្រព័ន្ធយុត្តិធម៌ទាក់ទងនឹងអនីតិជន កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែវិច្ឆិកា ថា កម្ពុជា គឺជាប្រទេសមួយដែលបានចុះហត្ថលេខានៅលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ ហើយបច្ចុប្បន្ន អនុសញ្ញានេះត្រូវបានបញ្ចូលទៅក្នុងច្បាប់មួយចំនួនរបស់ប្រទេសកម្ពុជា រួមទាំងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលផងដែរ។ ក៏ប៉ុន្តែ គេឃើញថា ការធានានូវសិទ្ធិកុមារក្នុងការអនុវត្តច្បាប់ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌ទៅលើអនីតិជន គឺនៅតែមានការប្រឈមនឹងបញ្ហានៅឡើយ។
លោក អាឡាស្ទៀរ៍ នីចូសុន បានបញ្ជាក់ថា លោកចង់ឱ្យរដ្ឋាភិបាលកម្ពុជា មានការធានាឱ្យច្បាស់លាស់មួយទៅលើសេវាកម្មសមស្រប ចំពោះកុមារទាំងឡាយដែលពាក់ព័ន្ធនៅក្នុងប្រព័ន្ធយុត្តិធម៌។ ចំណុចដែលសំខាន់នោះ គឺកុមារមិនទាន់មានការពិចារណាត្រឹមត្រូវចំពោះការប្រព្រឹត្តរបស់ពួកគេ នៅពេលដែលមិត្តភ័ក្ដិបានដឹកនាំឱ្យប្រព្រឹត្តបទល្មើសអ្វីមួយនោះទេ ក៏ប៉ុន្តែអ្នកអនុវត្តន៍ច្បាប់ ក៏ត្រូវតែធានាទៅលើសិទ្ធិពួកគេដែរ នៅពេលដែលពាក់ព័ន្ធនឹងផ្លូវច្បាប់។
លោក អាឡាស្ទៀរ៍ នីចូសុន៖ «តុលាការកម្ពុជា គួរតែមានលក្ខណៈកុមារមេត្រី ហើយគួរតែពង្រីកការលើកកម្ពស់នៃសិទ្ធិកុមារ ដើម្បីឱ្យក្លាយទៅជាគំរូមួយ ឱ្យសមស្របទៅនឹងកម្មវិធី ៣ឆ្នាំ ដែលបានដាក់ចេញរួចហើយស្តីពីការអនុវត្តប្រព័ន្ធយុត្តិធម៌ ទាក់ទងនឹងអនីតិជននេះ។ នៅក្នុងសន្និសីទនេះ គឺយើងនឹងធ្វើការជាមួយគ្នា ថាតើអ្វីខ្លះដែលជាការឈានទៅរកការលើកកម្ពស់សិទ្ធិកុមារក្នុងប្រទេសកម្ពុជា»។
អង្គការមូលនិធិសហប្រជាជាតិសម្រាប់កុមារ បានបញ្ជាក់ថា រយៈពេលជាង ៥ឆ្នាំមកនេះ កម្ពុជា បានអនុម័តច្បាប់មួយចំនួនឱ្យប្រើប្រាស់ ដើម្បីធានានូវសិទ្ធិរបស់កុមារ។ ច្បាប់ទាំងនោះមានដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ព្រមទាំងច្បាប់ទប់ស្កាត់អំពើហិង្សាទៅលើស្ត្រី និងកុមារ និងច្បាប់ពន្ធនាគារជាដើម។
អ្នកស្រី ស៊ូណះ គីមស៊ូ (Sunah Kimsuh) គឺជាតំណាងអនុប្រធានរបស់អង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា បានមានប្រសាសន៍ថា កន្លងមកស្ថាប័នអនុវត្តន៍ច្បាប់បានយកមាត្រាខ្លះនៃច្បាប់ទាំងនោះទៅប្រើប្រាស់រួចទៅហើយ ក៏ប៉ុន្តែទោះយ៉ាងណា ក៏ការអនុវត្តនោះនៅមិនទាន់មានភាពពេញលេញនៅឡើយ។ អ្នកស្រី ស៊ូណះ គីមស៊ូ បានមានប្រសាសន៍ថា ពេលនេះគឺជាពេលដែលកម្ពុជា ត្រូវអនុវត្តន៍ទៅលើច្បាប់ទាំងនោះហើយ។ យើងបានរៀបចំឱ្យមានការជួបជុំគ្នាទាំងមន្ត្រីនគរបាល ទាំងតុលាការ ដើម្បីពិភាក្សាគ្នាទៅលើប្រព័ន្ធមួយ ហើយយើងសង្ឃឹមថានឹងមានការអនុវត្តរួមគ្នាជាប្រព័ន្ធពីអ្នកដែលបានចូលរួមទាំងអស់។
អ្នកស្រី ស៊ូណះ គីមស៊ូ៖ «យើងឃើញថា ការឃុំឃាំងកុមាររយៈពេលយូរ មិនមែនជាលក្ខណៈត្រឹមត្រូវនោះទេ គឺយើងមានកាតព្វកិច្ចធ្វើការរួមគ្នា ដើម្បីធានាឱ្យមានការគោរពចំពោះកុមារ ហើយតាមរយៈកិច្ចសហប្រតិបត្តិការ ទើបយើងអាចទប់ស្កាត់ការរំលោភទៅលើសិទ្ធិរបស់កុមារទាំងអស់នោះបាន។ កុមារត្រូវការកិច្ចការពារពិសេសទៅតាមក្រមច្បាប់ជាធរមាន ក៏ប៉ុន្តែកុមារខ្លួនឯងនៅមិនទាន់ទទួលបានសិទ្ធិទាំងអស់ដែលមានចែងនៅក្នុងច្បាប់នៅឡើយ»។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា កុមារគឺជាអនាគត និងជាសសរទ្រូងរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេនការអភិវឌ្ឍរបស់ប្រទេសនាថ្ងៃអនាគត ហេតុដូច្នេះ គឺត្រូវតែមានការទទួលខុសត្រូវរួមគ្នាទៅលើកិច្ចការពារ និងលើកស្ទួយសិទ្ធិរបស់ពួកគេ។
លោក អង្គ វង្សវឌ្ឍនា ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធមួយចំនួន នៅពេលដែលអនុវត្តន៍ច្បាប់ទៅលើកុមារ គឺត្រូវគិតគូរជាចម្បងនូវឧត្ដមប្រយោជន៍របស់កុមារ នៅគ្រប់ស្ថានភាពទាំងអស់។ ការមើលរំលង ឬការមិនយកចិត្តទុកដាក់ក្នុងកិច្ចការពារលើកស្ទួយកុមារ គឺវានឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ធនធានមនុស្សនាពេលអនាគត ក៏ដូចជាការប៉ះពាល់ស្ថិរភាពនៃការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាពផងដែរ។
លោក អង្គ វង្សវឌ្ឍនា៖ «ខ្ញុំសូមអនុញ្ញាតិផ្ដែផ្ដាំមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ មេត្តាផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារចំពោះកុមារដែលជាជនរងគ្រោះ កុមារជាសាក្សីនៅក្នុងចំណាត់ការរឿងដោះស្រាយក្តីកុមារ ដែលមានទំនាស់ទៅនឹងច្បាប់។ ដោយត្រូវពិចារណាប្រកបដោយភាពប្រុងប្រយ័ត្ន ដោយធានាថា រាល់សកម្មភាពក្នុងកិច្ចការពារកុមារដែលជាជនរងគ្រោះ កុមារដែលជាសាក្សី ត្រូវធ្វើឡើងដោយឆាប់រហ័ស»។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ទៀតថា បើទោះបីជាកុមារត្រូវបានដកហូតសិទ្ធិសេរីភាពក៏ដោយ ក៏ត្រូវបានទទួលនូវការយកចិត្តទុកដាក់ប្រកបដោយមនុស្សធម៌ និងដោយការគោរពនូវភាពថ្លៃថ្នូររបស់មនុស្ស ក៏ដូចជាត្រូវមានសិទ្ធិទទួលបានយ៉ាងឆាប់រហ័សនូវការឧបត្ថម្ភផ្នែកផ្លូវច្បាប់ និងផ្នែកផ្សេងៗទៀត។
សមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា ពេលបច្ចុប្បន្ននៅក្នុងខេត្តនេះ មានកុមារចាប់ពីអាយុ ១៤ទៅដល់ ១៨ឆ្នាំ ចំនួន ៦០នាក់ កំពុងជាប់ឃុំនៅក្នុងមណ្ឌលកែប្រែ។
ចំណែកអ្នកស្រី ង៉ែត សុគន្ធ ជាមន្ត្រីកម្មវិធីត្រួតពិនិត្យពន្ធនាគាររបស់អង្គការសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា ការស្រាវជ្រាវពីពន្ធនាគារចំនួន១៨ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ១០ខែ ឆ្នាំ២២០១២ គឺមានកុមារកំពុងជាប់ឃុំឃាំងចំនួនជាង ៣៨០នាក់។ កុមារដែលជាប់ឃុំឃាំងទាំងនោះ ត្រូវបានគេរកឃើញថា បានប្រព្រឹត្តខុសនឹងច្បាប់ទៅលើសកម្មភាព ដូចជា ចោរកម្ម មនុស្សឃាត អំពើកំហែងយក ប្រើប្រាស់គ្រឿងញៀន រំលោភសេពសន្ថវៈ និងបង្ករបួសស្នាមទៅលើអ្នកដទៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។