ក្រសួង​សុខាភិបាល​ស្នើ​សុំ​អង្គការ​មូលនិធិ​សកល​ផ្ដល់​ថវិកា​ដែល​នៅ​សល់

មន្ត្រី​សុខាភិបាល​អះអាង​ថា ជំងឺ​គ្រុនចាញ់​បាន​ថយ​ចុះ​តួ​លេខ បើ​ធៀប​នឹង​ឆ្នាំ​២០១១។ ប៉ុន្តែ​កត់​សម្គាល់​ឃើញ​ថា អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​បាន​កើន​នៅ​តំបន់​ជាប់​ព្រំដែន កម្ពុជា ថៃ តែ​ថយ​ចុះ​នៅ​តំបន់​ជាប់​ព្រំដែន កម្ពុជា វៀតណាម។
ដោយ អ៊ុក សាវបូរី
2012-06-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គ្រុនចាញ់303
រូប​ភាព​ឯកសារ​នៃ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ៃលិន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ប៉ៃលិន។
AFP File

ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណកសាស្ត្រ វេជ្ជបណ្ឌិត ច ម៉េងចួ ថ្លែង​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា ថា ថវិកា​ជំនួយ​ជាង ៥៦​លាន​ដុល្លារ ពី​មូលនិធិ​សកល (Global fund) បាន​ផ្តល់​ឲ្យ​ក្រសួង​សុខាភិបាល អនុវត្ត​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ រយៈពេល ៣​ឆ្នាំ គឺ​២០១០ ដល់​ឆ្នាំ​២០១២។ នៅ​ឆ្នាំ​២០១២ ថវិកា​នោះ​បាន​នៅ​សល់​ជាង ១៩​លាន​ដុល្លារ។

ក្រសួង​បាន​ស្នើ​សុំ​ថវិកា​នោះ ដើម្បី​ធ្វើ​ការ​បញ្ចប់​គម្រោង​សម្រាប់​ចំណាយ​ដល់​ចុង​ឆ្នាំ​២០១២។ ប៉ុន្តែ​ខាង​មូលនិធិ​សកល ទំនង​ជា​សុំ​ដក​យក​ប្រាក់​សល់​នោះ​ទៅ​វិញ។ លោក​ពន្យល់​ពី​ប្រាក់​សល់​នោះ​ថា ថវិកា​គេ​ផ្តល់​ឲ្យ​ហើយ ៥៦​លាន​ដុល្លារ​នោះ គឺ​គេ​ឲ្យ​កម្ពុជា​ជា​អ្នក​បង់​ថ្លៃ​ចំណាយ​ផ្សេងៗ ដើម្បី​ទិញ​សម្ភារៈ ការ​ចុះ​ស្រាវ​ជ្រាវ ផ្សព្វ​ផ្សាយ​ស្ពត​អប់រំ ជា​ដើម។ ប៉ុន្តែ​ត្រូវ​យល់​ព្រម​តាម​ការ​ដេញ​ថ្លៃ​របស់​មូលនិធិ​សកល​នោះ​ដែរ។

វេជ្ជបណ្ឌិត ច ម៉េងចួ៖ «មុង​សល់​ច្រើន គឺ​ថា​ការ​ដែល​យើង​ធ្វើ​ផែន​ការ ឧបមា​ថា​តម្លៃ ៤​ដុល្លារ​ទៅ ដល់​មូលនិធិ​សកល​ដេញ​ថ្លៃ​ទៅ​វា​សល់។ អ៊ីចឹង​លុយ​ហ្នឹង គេ​មិន​ឲ្យ​យើង​ទេ​មើល​ទៅ គេ​នឹង​យក​ទៅ​វិញ​ហើយ។ ហើយ​មួយ​ទៀត គឺ​ថា​នីតិវិធី​អនុវត្ត​នោះ ជួន​កាល​គេ​សួរ​បែប​បទ​ទៅ​មកៗ ច្រើន​ទៅ​វា​យឺត វា​មាន​ការ​ពន្យារ​ពេល។ អ៊ីចឹង​ហើយ សកម្មភាព​ដែល​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​២០១១ ត្រូវ​លើក​មក​ធ្វើ​ឆ្នាំ​២០១២ ហើយ​បើ​យើង​បង្ខំ​ចាយ​ពេក​ទៅ ជួន​កាល​វា​ខុស​នីតិវិធី គេ​ឲ្យ​សង»

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ បន្ថែម​ថា ជំងឺ​គ្រុនចាញ់​នៅ ៤​ខែ​ដើម​ឆ្នាំ​២០១២ បាន​សម្លាប់​មនុស្ស​ចំនួន ២៥​នាក់។ ចំនួន​អ្នក​ស្លាប់​នេះ គឺ​ស្មើ​នឹង​ឆ្នាំ​២០១១ ក្នុង​រយៈពេល​ដូច​គ្នា ប៉ុន្តែ​ថយ​ចុះ​អ្នក​ជំងឺ​ដែល​បាន​រស់​នៅ​ក្នុង​មូលដ្ឋាន ដែល​មាន​កើត​ជំងឺ​គ្រុនចាញ់៖ «ចំពោះ​ចំនួន​ករណី​គ្រុនចាញ់ ដែល​ព្យាបាល​នៅ​សេវា​រដ្ឋ និង​ព្យាបាល​ដោយ​ភ្នាក់​ងារ​ស្ម័គ្រ​ចិត្ត​ភូមិ គឺ​ថា​មាន​ការ​ថយ​ចុះ ១៤% ក្នុង​៤​ខែ​ដើម​ឆ្នាំ​ដូច​គ្នា។ គឺ​ឆ្នាំ​ទៅ មាន ២៦.៩៥០​នាក់ ហើយ​ឆ្នាំ​នេះ ២៣.០៩៤​នាក់ ហើយ​ករណី​ស្លាប់ គឺ​នៅ​ដដែល គឺ​២៥​នាក់​ដូច​គ្នា​ក្នុង​៤​ខែ​ដូច​គ្នា ដោយ​សារ​យើង​កាត់​បន្ថយ​ទាប​ណាស់​មក​ហើយ ប្រៀប​ធៀប​ពី​មុន​មក វា​នៅ​ក្រោម​កំរិត​ដែល​គោល​ដៅ​សហស្សវត្ស​ហើយ»

លោក​ថា ជំងឺ​គ្រុនចាញ់​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ដដែល ដោយ​សារ​តែ​នៅ​តែ​មាន​ជន​ចំណាក​ស្រុក​ពី​តំបន់​គ្មាន​ជំងឺ​គ្រុនចាញ់ បាន​ចូល​ទៅ​ធ្វើ​កម្មករ​នៅ​ចម្ការ​នានា នៅ​ខេត្ត​ភាគ​ពាយព្យ ពិសេស​ខេត្ត​ប៉ៃលិន និង​បន្ទាយមានជ័យ ជា​ដើម ដែល​ជា​កន្លែង​មាន​ជំងឺ​គ្រុនចាញ់។ អ្នក​ចំណូល​ថ្មី​នោះ​មិន​បាន​ដឹង​ពី​កន្លែង​ទៅ​ទទួល​យក​សេវា​ព្យាបាល​ជំងឺ​គ្រុនចាញ់ ឬ​អាច​រក​ភ្នាក់​ងារ​ស្ម័គ្រ​ចិត្ត​ភូមិ ឲ្យ​ជួយ​ព្យាបាល​ក្នុង​មូលដ្ឋាន​នោះ​ទាន់​ពេល។ អ្នក​ជំងឺ​បាន​ត្រឡប់​ទៅ​ដល់​ភូមិ​ស្រុក ទើប​ជំងឺ​គ្រុនចាញ់​ត្រូវ​ព្យាបាល ហើយ​មិន​ទាន់​ពេល ឬ​យឺត​ក្នុង​ការ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

មន្ត្រី​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ក្នុង​តំបន់​ថ្ម​ពួក មិន​សូវ​មាន​អ្នក​រស់​នៅ​មូល​ដ្ឋាន​នោះ​កើត​ជំងឺ​គ្រុនចាញ់​ទេ។ ប៉ុន្តែ​ជំងឺ​គ្រុនចាញ់ ច្រើន​កើត​លើ​អ្នក​ចំណាក​ស្រុក មក​ពី​ប្រទេស​ថៃ ឬ​មក​ពី​តំបន់​ផ្សេង​ទៀត ក្នុង​ខេត្ត​បន្ទាយមានជ័យ ដូច​ជា​ស្រុក​ម៉ាឡៃ ជា​ដើម មក​ទទួល​សេវា​ព្យាបាល។

បុគ្គលិក​អង្គការ ស៊ី.ស៊ី.អេ.ដាល់ប៊ើលយូ (CCAW) កញ្ញា ថេត រចនា បន្ថែម​ថា អង្គការ​ធ្វើ​ការ​ជា​មួយ​ពលរដ្ឋ​ដែល​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​ព្យាបាល​ជំងឺ៖ «ប៉ុន្តែ​រក​សមាជិក​ដែល​គាត់​មាន​កាត​មក​សម្រាក​ពេទ្យ​ហ្នឹង ភាគ​ច្រើន គឺ​អ្នក​នៅ​ក្នុង​ស្រុក អ៊ីចឹង​ទៅ គាត់​អត់​សូវ​មាន​ជំងឺ​គ្រុនចាញ់​ទេ»

ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណកសាស្ត្រ វេជ្ជបណ្ឌិត ច ម៉េងចួ អះអាង​ថា ក្រសួង​សុខាភិបាល​បាន​ទទួល​ថវិកា​ពី​គម្រោង យូ.អេស.អេ.អាយ.ឌី (USAID) តាម​រយៈ​អង្គការ យូ.អរ.ស៊ី (URC) ចំនួន ២៤​លាន​ដុល្លារ ឲ្យ​ធ្វើ​ការ​កំចាត់​ជំងឺ​គ្រុនចាញ់​ជា​មួយ​ប្រទេស​ថៃ កម្ពុជា និង​ភូមា។ លោក​ថា ក្នុង​២៤​លាន​ដុល្លារ​នោះ កម្ពុជា​ទទួល​បាន​តែ ៣៥% សំរាប់​បន្ថយ​ជំងឺ​គ្រុនចាញ់ ផ្ដោត​លើ​ខេត្ត​នៅ​ភូមិ​ភាគ​ពាយ័ព្យ និង​មណ្ឌលគិរី។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មូលនិធិ​សកល នឹង​ផ្តល់​ថវិកា​ជា​ច្រើន​ដល់​កម្មវិធី​កំចាត់​ជំងឺ​គ្រុនចាញ់​សំរាប់​ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ដែរ តែ​មុន​នឹង​ផ្តល់​ថវិកា​ជា​ថ្មី គេ​ឲ្យ​ទូទាត់​ថវិកា​ចាស់​ឲ្យ​រួច​រាល់​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

NICOLAS

ពី KHMER PARIS FRANCE

HUN SEN SAID THAT NO KHMER WILL BE DIED BY UNFOOD BUT HE FORGET TO SAY THAT A LOT KHMER WERE DIYING BY ILLNESS CAUSE THEY ARE POOR , THEY HAVE TO SELL THEIR LAND,THEIR SPOUSE THEN THEIR DAUTHER FOR TAKING CARE OF THEMSELF.

Jun 14, 2012 08:14 AM