រដ្ឋាភិបាល​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​ចោល​បំណុល​៤០០​លាន​ដុល្លារ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧប​នាយក​រដ្ឋមន្ត្រី កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២ បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​សុំ​ឲ្យ​សហរដ្ឋអាមេរិក លុប​ចោល​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​ចំនួន​ជាង ៤០០​លាន​ដុល្លារ​អាមេរិក កាល​ពី​ទសវត្ស​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ គ្រប់​គ្រង​ដោយ​សេនា​ប្រមុខ លន់ នុល កន្លង​មក។
ដោយ សុខ សេរី
2012-06-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហោ ណាំហុង សន្និសីទ​កាសែត ៣០៥
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​ឧប​នាយក​រដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត នា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​២១ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ក៏​បាន​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក លុប​ចោល​បំណុល​នេះ​ដែរ ឬ​ក៏​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក បង្វែរ​បំណុល​នោះ​មក​ជា​ការ​អភិវឌ្ឍន៍​ខាង​វិស័យ​កសិកម្ម ដោយ​លោក​បាន​ចាត់​ទុក​ថា បំណុល​នោះ គឺ​ជា​បំណុល​កខ្វក់ ដែល​លោក​សេនា​ប្រមុខ លន់ នុល បាន​ខ្ចី​មក​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា កម្ពុជា​នៅ​តែ​បន្ត​ការ​ចរចា ដើម្បី​បញ្ចប់​រឿង​បំណុល​នេះ​ជា​ស្ថាពរ។

លោក ហោ ណាំហុង៖ «កន្លង​មក កម្ពុជា​បាន​សំណូម​ពរ ឲ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​គិត​ការ​ប្រាក់​បំណុល​ដើម របស់​បញ្ហា​នេះ គិត​អំពី​រយៈពេល​សង​បំណុល​នេះ។ ទី​៣​ទៀត ធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​បំណុល​នេះ ទៅ​ជា​ជំនួយ​ដល់​កម្ពុជា​កម្រិត​ណា ប៉ុន្មាន​ភាគ​រយ ជំនួយ​ដល់​កម្ពុជា ប៉ុន្មាន​ភាគ​រយ​ទៀត កម្ពុជា​នឹង​សង។ យើង​បន្ត​ការ​ចរចា ដើម្បី​រក​ដំណោះ​ស្រាយ​ទៀត»

ទាក់​ទង​នឹង​បំណុល​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា គណបក្ស សម រង្ស៊ី ក៏​មាន​ជំហរ​ដូច​គ្នា​នឹង​រដ្ឋាភិបាល​ដែរ៖ «ការ​ដែល​ខ្ចី​បុល​គេ មិន​មែន​ស្រួល​ទេ គឺ​គេ​តាម​ទារ​បំណុល​មួយ​ជីវិត យើង​ត្រូវ​តែ​សង​គេ។ ការ​ប្រើ​ប្រាស់​បំណុល​ទាំង​ឡាយ​ណា សម្រាប់​រៀន​សូត្រ​ពី​បទ​ពិសោធន៍ ក្នុង​ពេល​អតីតកាល ត្រូវ​តែ​ធ្វើ​ម៉េច ការ​ប្រើ​ប្រាស់​បំណុល​ណា​ក៏​ដោយ គឺ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិត​ប្រាកដ ឲ្យ​ដល់​ដៃ​ប្រជាពលរដ្ឋ​១០០%»

កាល​ពី​ឆ្នាំ​២០១១ និង​ដើម​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ជូសឹប យន់ (Joseph Yun) បាន​មក​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ចំនួន​ពីរ​លើក​រួច​មក​ហើយ និង​បាន​ជួប​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ជាច្រើន​លើក​ទៀត ដើម្បី​ទាម​ទារ​ឲ្យ​កម្ពុជា​សង​បំណុល​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Bb

បើអាមេរិច ថាខ្លួនអែងល្អ គួរតែ ព្រម លោកប្រឆាំងមិច មិនទេៅអោយ អាមេរិច ព្រមទេៅ ខ្លាំងខាង ពឹង USA

Jun 22, 2012 09:53 AM