ការចូលរួមក្នុងកិច្ចប្រជុំនេះ គឺក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០១២ តាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសមិកស៊ិក លោក ហ្វីលីព កាល់ដីរូន ហីណូហ្វូសា (Felipe Calderon Hinojosa)។ កិច្ចប្រជុំនេះ គឺធ្វើឡើងនៅក្នុងទីក្រុងឡូសកាបូស នៃប្រទេសមិកស៊ិក។
កិច្ចប្រជុំនោះនឹងផ្ដោតលើការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចឲ្យខ្លាំងជាងមុន ពិនិត្យលើការអនុវត្តន៍ផែនការសកម្មភាពសេដ្ឋកិច្ចកន្លងមក ការដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប (Europe) ប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍដោយគ្មានការបំផ្លាញ ឬបំពុលបរិស្ថាន និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរុង្គ បានមានប្រសាសន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២១០២ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបញ្ជាក់ជំហរអាស៊ានក្នុងកិច្ចប្រជុំនោះ៖ «គឺថា បញ្ហាស្បៀង និងបញ្ហាថាមពលឲ្យមានវាស្ថិតក្នុងការដោះស្រាយ ...ត្រូវធ្វើម៉េចដោះស្រាយ ពីព្រោះថ្លៃប្រេងវាចេះតែឡើង កាលណាថ្លៃប្រេងឡើង ប៉ះពាល់ដល់ស្អីទាំងអស់។ ការដឹកជញ្ជូនតម្លៃស្បៀងអីទាំងអស់ធ្វើឲ្យប៉ះពាល់ដល់ប្រទេសដែលមានចំណូលទាប ប្រជាជនដែលមានបៀវត្សទាប។ សម្ដេចនឹងនាំសារហ្នឹងមួយ»។
អ្នកវិភាគឯករាជ្យ លោក បណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា អាស៊ានគឺជាដៃគូយ៉ាងសំខាន់សម្រាប់ប្រទេស G-20 នោះ៖ «អាស៊ានគឺជាប្រទេសមួយដែលផលិតស្បៀងធំជាងគេ។ នៅក្នុងពិភពលោក ដើម្បីឲ្យប្រទេសដែលផលិតប្រឹងហ្នឹង ឲ្យមានតុល្យភាពគ្នាដើម្បីថា សន្តិសុខស្បៀង គឺមានសារៈសំខាន់សម្រាប់មនុស្សនៅលើពិភពលោក ហើយបើសិនប្រេងឡើងថ្លៃ ស្បៀងក៏ឡើងថ្លៃដែរ ...អីចឹង ធ្វើឲ្យមានតុល្យភាពគ្នា ទី១។ ទី២ ចង់បង្ហាញថា អាស៊ានគឺជាទីផ្សារសម្រាប់ G-20 ហ្នឹង នៅក្នុងប្រទេសមហាអំណាចឧស្សាហកម្មហ្នឹង។ ហើយទី៣ ក៏ចង់បង្ហាញដែរថា អាស៊ានមានគោលដៅរួមគ្នា ដើម្បីសន្តិសុខនៅក្នុងអាស៊ីប៉ាស៊ីហ្វិក (Asia Pacific) អាហ្នឹង ចំណុច ៣ហ្នឹង ដែលខ្ញុំគិតបាទ»។
ប្រទេសដែលជាសមាជិកនៃG-20 ដែលមានឧស្សាហកម្មជឿនលឿននៅលើពិភពលោកនោះ មានដូចជា ប្រទេស កាណាដា (Canada) បារាំង (France) អាល្លឺម៉ង់ (Germany) អ៊ីតាលី (Italy) ជប៉ុន (Japan) រុស្ស៊ី (Russia) សហរដ្ឋអាមេរិក (U.S.A) អង់គ្លេស (U.K) និងប្រទេសនៅសហគមន៍អឺរ៉ុប (Europe)។
ក្រៅពីនេះ មានស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយចំនួនចូលរួមដែរ មានដូចជា រូបិយប័ណ្ណអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។